អារ៉ាប៊ីសាអូឌីត៖ បច្ចេកវិទ្យាពិតជាមានការរីកចម្រើនខ្លាំងមែនពីមួយថ្ងៃទៅមួយថ្ងៃ។ សព្វថ្ងៃនេះ មនុស្សប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើឱ្យជីវិតមានភាពងាយស្រួល និងដើម្បីដោះស្រាយបញ្ហានានានៅក្នុងសង្គម។ ដំណឹងល្អបានមកដល់ សម្រាប់អ្នកពិការភ្នែក សូមកុំទាន់អស់សង្ឃឹម ព្រោះថ្ងៃនេះយើងនឹងបង្ហាញវ៉ែនតាពិសេសម្យ៉ាង ដែលអនុញ្ញាតឱ្យអ្នកពិការភ្នែកបានមើលឃើញ ឬដឹងនូវអ្វីដែលពួកគេកំពុងតែសម្លឹងមើល។ ស្តាប់ទៅដូចជាល្អពេក មិនគួរឱ្យចង់ជឿ, ត្រូវអត់? ប៉ុន្តែនេះគឺជារឿងពិត ដូច្នេះសូមតាមដានអ្នកទាំងអស់គ្នា។

ជនពិការពាក់វ៉ែនតា Amal Glass

វ៉ែនតាពិសេសនេះមានឈ្មោះ Amal Glass វាគឺជាវ៉ែនតាពិសេសម្យ៉ាងដែលអនុញ្ញាតឱ្យអ្នកពិការភ្នែក ដឹងនូវអ្វីដែលពួកគេកំពុងតែសម្លឹងមើល ព្រោះតែវ៉ែនតានេះបំពាក់មកជាមួយនឹងកាម៉េរ៉ាពិសេសម្យ៉ាង ដែលតភ្ជាប់ទៅនឹងអ៊ីនធើណេតស្រាប់។

លើសពីនេះទៅទៀត វាប្រើប្រាស់បច្ចេកវិទ្យា AI (Artificial Intelligence ឬប្រាជ្ញាសិប្បនិម្មិត) ដើម្បីស្កេន និងប្រាប់អ្នកពាក់ពីស្ថានភាពនៅជុំវិញខ្លួន ដូចជា ការព្រមានពីឧបសគ្គនានានៅខាងមុខ, ជួយដល់បងប្អូនជនពិការ ជ្រើសរើសនូវសំលៀកបំពាក់ក៏ដូចជាពណ៌ដែលពួកគេស្លៀកពាក់, ហើយអ្វីដែលពិសេសលើសពីពិសេសទៀតនោះ គឺវាអាចអានសៀវភៅ អេក្រង់ (screen) និងសូម្បីតែម៉ឺនុយ (menu) ជាភាសាអង់គ្លេស និងភាសាអារ៉ាប់ក៏បានដែរ។ 

មិនត្រឹមតែប៉ុណ្ណោះ វ៉ែនតាពិសេសនេះ នឹងបន្ថែមភាសាចំនួន ៨ភាសាបន្ថែមទៀតនាពេលឆាប់ៗខាងមុខនេះ។ ដូច្នេះ សម្រាប់បងប្អូនជនពិការ គ្រាន់តែពាក់វាទៅ វានឹងប្រាប់យើងនូវអ្វីគ្រប់យ៉ាងតាមរយៈកាសត្រចៀក។ វ៉ែនតា Amal Glass ពិតជាស័ក្តិសមសម្រាប់បងប្អូនជនពិការភ្នែក និងអ្នកដែលមានបញ្ហាភ្នែកពិតមែន។

វ៉ែនតា Amal Glass ប្រើប្រាស់បច្ចេកវិទ្យា AI ចាប់យករកភាពជុំវិញអ្នកប្រើប្រាស់

នាយកប្រតិបត្តិក្រុមហ៊ុន Amal Glass លោក Adel Boseli បាននិយាយថា៖

«ចំណាប់អារម្មណ៍ដំបូងរបស់បងប្អូនជនពិការគឺ “អស្ចារ្យ!”។ ពួកគេពិតជាសង្ឃឹមថា ពួកគេអាចដឹងថាមានរបស់បែបនេះនៅលើលោក។ វាពិតជាឧបករណ៍ម្យ៉ាងដែលផ្លាស់ប្តូរពិភពលោកសម្រាប់ជនពិការភ្នែកពិតមែន។»

មិនត្រឹមតែប៉ុណ្ណោះ វ៉ែនតា Amal Glass នេះថែមទាំងមានបំពាក់មកជាមួយនឹងប្រព័ន្ធ GPS បន្ថែមទៀត ដូច្នេះវានឹងជួយជនពិការភ្នែកស្វែងរកទីតាំងដែលពួកគេចង់ទៅបានយ៉ាងងាយស្រួល។  

លោក Adel Boseli បាននិយាយបន្ថែមទៀតថា៖

«យើងបានបង្កប់បច្ចេកវិទ្យា AI នៅក្នុងវ៉ែនតាដ៏អស្ចារ្យនេះ ហើយវាគឺជាបច្ចេកវិទ្យាស្នូលដ៏សំខាន់បំផុត ដែលយើងអាចប្រើប្រាស់វាបានជាមួយនឹងកម្មវិធីមួយចំនួន។» 

ជនពិការពាក់វ៉ែនតា Amal Glass

ដូច្នេះ វាអាចចាប់យករូបភាពនៅជុំវិញខ្លួនអ្នកប្រើប្រាស់វ៉ែតានេះបាន។ វាអាចចាប់យករបស់ មនុស្ស និងអ្វីៗជុំវិញខ្លួនបានទាំងអស់ ហើយវានឹងពិពណ៌នាអ្វីៗគ្រប់យ៉ាងត្រលប់ដល់អ្នកប្រើប្រាស់វិញ។

យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា មានមនុស្សជាង ២៥០លាននាក់ សុទ្ធសឹងតែមានបញ្ហាភ្នែកនៅជុំវិញពិភពលោក ហើយជនពិការភ្នែកទាំងស្រុងមានចំនួនដល់ទៅ ៧៥លាននាក់

ដូច្នេះ វ៉ែនតានេះគឺជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់ពួកគេ ក្នុងការរស់នៅដោយមានភាពឯករាជ្យ ដោយមិនចាំបាច់ត្រូវការអ្នកដទៃជួយ។ វានឹងធ្វើឱ្យពួកគេមានអារម្មណ៍ថា ពួកគេប្រៀបដូចជារស់នៅក្នុងជីវិតធម្មតាអីចឹង ដោយមិនចាំបាច់ត្រូវពឹងផ្អែកលើអ្នកដទៃ៕

ជនពិការពាក់វ៉ែនតា Amal Glass

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

ជនពិការពាក់វ៉ែនតា Amal Glass
វ៉ែនតា Amal Glass

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]