អេស្ប៉ាញ៖ កីឡាករ James Rodriguez របស់ Real Madrid ដែលត្រូវបានដាក់ឱ្យ Bayern Munich ខ្ចីនោះ ទើបតែទទួលបានសិទ្ធជាពលរដ្ឋរបស់អេស្ប៉ាញកាលពីពេលថ្មីៗនេះ។ ការទទួលបានសិទ្ធិជាពលរដ្ឋអេស្ប៉ាញរបស់ James បានធ្វើឱ្យរូបគេមានសិទ្ធិពិសេសមួយ ពោលគឺលែងត្រូវរាប់បញ្ចូលជាកីឡាករបរទេសតទៅទៀតហើយ ក្នុងក្របខណ្ឌ La Liga។ គួរបញ្ជាក់ដែរថា ស្ថាប័ន La Liga មានច្បាប់មួយសម្រាប់ក្លិបបាល់ទាត់ទាំងអស់នៅអេស្ប៉ាញ គឺអាចមានសិទ្ធិចុះឈ្មោះកីឡាករដែលនៅក្រៅទ្វីបអឺរ៉ុបបានតែ ៣នាក់តែប៉ុណ្ណោះ។

កីឡាករ James Rodriguez
លោក Zidane និងកីឡាករ James Rodriguez

យ៉ាងណាមិញ នេះអាចរាប់បានថាជាដំណឹងមួយដែលល្អសម្រាប់ James ក្នុងការវិលត្រឡប់មកចូលរួមជាមួយ Real Madrid វិញក្នុងនាមជាកីឡាករអឺរ៉ុប ស្របពេលដែលក្លិប Real Madrid ក៏បានបង្ហាញពីចំណាប់អារម្មណ៍ចង់នាំយក James មកកាន់ទឹកដីអេស្ប៉ាញវិញដូចគ្នា។ ក្លិប Real Madrid បានប្រើប្រាស់កូតាកីឡាករមិនមែនជនជាតិអឺរ៉ុបរបស់ខ្លួនអស់ទៅហើយ ដោយបានចុះឈ្មោះកីឡាករ ៣រូបរួមមាន Vinicius Jr, Rodrygo Goes និង Eder Militao។ ប៉ុន្តែដោយសារតែ James បានទទួលសញ្ជាតិជាពលរដ្ឋអេស្ប៉ាញរួចរាល់ហើយ ដូចនេះក្លិប Real Madrid អាចចុះឈ្មោះរូបគេវិញបានសម្រាប់រដូវកាល ២០១៩/២០២០ ក្នុងនាមជាកីឡាករអឺរ៉ុប។

ទោះបីជាបែបណាក្តី ក៏គេនៅរង់ចាំមើលការសម្រេចចិត្តរបស់ Zidane ជាមុនសិន ខណៈដែលលោក Zidane និង James ហាក់ដូចជាមិនសូវមានទំនាក់ទំនងល្អនិងគ្នាប៉ុន្មានឡើយ ចាប់តាំងពីគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ ចូលមកដឹកនាំ Real Madrid នារដូវកាល ២០១៦មក៕ 

កីឡាករ Vinicius Jr
កីឡាករ​ Rodrygo Goes
កីឡាករ Eder Militao

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]