ចិន៖ ក្មេងស្រីតូចអាយុទើបតែ ៦ខែម្នាក់ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមចិនជាច្រើន មានការចាប់អារម្មណ៍ និងក្នាញ់យ៉ាងខ្លាំង ដោយសារតែ នាងតូចម៉ាប់ៗគួរឲ្យស្រលាញ់ សាច់កណ្ដៀនៗ ដៃដូចអន្សមជ្រូក។

នាងតូច Xue Yuyan

នាងតូចខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Xue Yuyan អាយុ៦ខែ មានទម្ងន់រហូតដល់ទៅ ១២,៥គីឡូក្រាម ដែលត្រូវបានគេដឹងថា ជាទម្ងន់មួយដ៏ធ្ងន់ខុសពីក្មេងដទៃ។

នាងតូច Yuyan បានក្លាយជាតារាល្បីលើបណ្តាញសង្គម បន្ទាប់ពីរូបភាព និងវីដេអូឃ្លីបរបស់នាង ត្រូវបានឪពុកម្តាយនាងថតបង្ហោះចែកចាយ ជាមួយនឹងសាច់ឈាមយ៉ាងទ្រលុកទ្រលន់ ពិសេសដៃយ៉ាងកណ្ដៀនៗ ឬកង់ៗ ដូចអន្សមជ្រូក ដោយទទួលបានការចាប់អារម្មណ៍ រហូតថែមទាំងត្រូវបានគេដាក់រហស្សនាមឲ្យនាងតូចថា «Michelin Baby» ថែមទៀតផង។

Michelin គឺសំដៅទៅលើតុក្កតាដែលជាស្លាកសញ្ញារបស់ក្រុមហ៊ុនផលិតសម្បកកង់បារាំង Michelin ។ (មើលរូបខាងក្រោម)

Michelin

បើតាមការឲ្យដឹងពីលោក Xue Lei ឪពុករបស់នាងតូច Yuyan នេះ ដែលរស់នៅក្នុងខេត្ត Jilin បាននិយាយថា កូនស្រីរបស់លោកមានសុខភាពល្អជាធម្មតា ពុំមានអ្វីគួរឲ្យព្រួយបារម្ភនោះឡើយ។ កូនស្រីតូចរបស់លោកអាច ញ៉ាំ ផឹក និងគេងបានធម្មតា។ ហើយលោកថែមទាំងបានដាក់ឈ្មោះហៅក្រៅឲ្យនាងថា Pomelo ដែលសំដៅទៅលើផ្លែក្រូចថ្លុងដ៏ធំ នេះក៏ព្រោះតែនាងមើលទៅឃ្យូតគួរឲ្យស្រលាញ់ សាច់ទ្រលុកទ្រលន់ដូចផ្លែក្រូច។

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី ឪពុករូបនេះក៏បាននិយាយដែរថា លោកនិងភរិយាក៏មានការព្រួយបារម្ភខ្លាំងទៅលើទំហំ ឬមាឌរបស់កូនស្រីដែរ។ លោកមានកង្វល់ខ្លាចក្រែងពេលដែលកូនស្រីធំឡើងទៅ នាងនឹងកាន់តែធាត់លើសទម្ងន់។

គួរឲ្យដឹងផងដែរថា វីដេអូឃ្លីបរបស់នាងតូច Yuyan គឺទទួលបានអ្នកចុចចូលមើលយ៉ាងច្រើន រហូតដល់ទៅខ្ទង់ជាង ៤លានដង ក៏ដោយសារតែគ្រប់គ្នាចាប់អារម្មណ៍ខ្លាំង ទៅលើដៃកង់ៗ ក៏ដូចជាមុខមាត់ដ៏គួរឲ្យស្រលាញ់របស់នាងផងដែរ។

នាងតូច Xue Yuyan

គួរឲ្យដឹងបន្ថែមថា ក្មេងដែលមានអាយុទើប ៦ខែ ក្នុងប្រទេសចិន ជាមធ្យមមានទម្ងន់ត្រឹមតែ ៧,២គីឡូក្រាមតែប៉ុណ្ណោះ។

យ៉ាងណាមិញ សម្រាប់ករណីរបស់នាងតូច Yuyan ប្រភពក៏បានឲ្យដឹងផងដែរថា ឪពុកម្តាយរបស់នាង ក៏នឹងមានគម្រោងនាំនាងទៅមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យសុខភាពនាពេលឆាប់ៗខាងមុខនេះផងដែរ៕

ទស្សនាវីដេអូខាងក្រោម៖  

នាងតូច Xue Yuyan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]