ខេត្តកំពង់ចាម៖ គិតរហូតមកដល់ព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ នេះ ចំនួនអ្នកស្លាប់បានកើនដល់៣នាក់ និងរបួស៩នាក់ នៅក្នុងហេតុការណ៍ពិធីឡើងគេហដ្ឋានថ្មីមួយកន្លែង ស្ថិតនៅភូមិខ្នា ឃុំស្តើងជ័យ ស្រុកជើងព្រៃ ។ ហើយបានបង្កឲ្យមានការភ្ញាក់ផ្អើលដោយអ្នករងគ្រោះត្រូវបានគេប្រញាប់ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក និងអ្នកត្រូវធ្ងន់បញ្ជូនមកសង្គ្រោះបន្តនៅមន្ទីរពេទ្យខេត្ត ។
លោកវរសេនីយ៍ឯក ប្រាក់ សុគុណ អធិការនគរបាលស្រុកជើងព្រៃ ប្រាប់ឲ្យដឹងថា នៅម៉ោង៩និង៤៧នាទីព្រឹក ថ្ងៃទី០៦ មេសា នៅផ្ទះរបស់ប្រជាពលរដ្ឋឈ្មោះ ស្រ៊ុន ប្រុស ភេទប្រុស អាយុ៣០ឆ្នាំ បានរៀបចំពិធីឡើងគេហដ្ឋានថ្មីដែលទើបនឹងសាងសង់រួចថ្មីៗ ដោយបានពឹងយាយៗនៅក្នុងភូមិមកចូលរួមរៀបចំធ្វើទៅតាមប្រពៃណីរបស់ខ្មែរ ។
លោកអធិការនគរបាលស្រុកជើងព្រៃប្រាប់ឲ្យដឹងទៀតថា ស្របពេលយាយនាំគ្នាអង្គុយនៅរ៉ងដា ធ្វើពីបេតុងនៅខាងមុខផ្ទះ ចៃដន្យស្រាប់តែបាក់ស្រប់មកដី បណ្តាលឲ្យយាយៗស្លាប់រហូតដល់ទៅ៣នាក់ ១-ឈ្មោះ ញិល ប៉ុក អាយុ៧០ឆ្នាំ ២-ឈ្មោះ ផៃ អូន អាយុ៧០ឆ្នាំ និង៣-ឈ្មោះ ម៉ែន សឿន អាយុ៦៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុទាំងអស់គ្នា ។ ក្រៅពីនេះរងរបួស៩នាក់ ត្រូវដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ ហើយអ្នកដែលរងរបួសធ្ងន់ត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។
លោក ឡាញ់ លាង នាយប៉ុស្តិ៍រដ្ឋបាលស្តើងជ័យ ប្រាប់ថា ចំពោះរ៉ងដាបេតុង ស្ថិតនៅខាងមុខផ្ទះនោះត្រូវបុរសម្ចាស់ផ្ទះគាត់សាងសង់ខ្លួនឯង ព្រោះជាជាងសំណង់ផង លុះនៅព្រឹកថ្ងៃកើតហេតុយាយៗនាំគ្នាអង្គុយជុំគ្នានៅរ៉ងដា មិនដឹងជាយ៉ាងម៉េចក៏ស្រាប់តែបាក់មកទាំងផ្ទាំង បណ្តាលឲ្យត្រូវក្បាល និងរាងកាយយាយភ្លាមៗស្លាប់២នាក់ និងរបួស១០នាក់ ។
លោកនាយប៉ុស្តិ៍រដ្ឋបាលស្តើងជ័យ ប្រាប់បន្តថា លុះរហូតដល់ព្រឹកថ្ងៃទី៧ មេសានេះ អ្នករបួសសម្រាកនៅមន្ទីរពេទ្យខេត្តស្លាប់ម្នាក់ទៀត ចំណែកបុរសម្ចាស់ផ្ទះក្រោយកើតហេតុរន្ធត់ពេក ក៏សន្លប់ ហើយកម្មវិធីឡើងគេហដ្ឋានត្រូវបានអាក់ខានទៅវិញក្រោយពីមានគ្រោះហេតុបាក់រ៉ងដាផ្ទះខាងមុខ និងខូចខាតមានម៉ូតូ១គ្រឿង កង់១គ្រឿង និងរ៉ឺម៉កតុកតុក១គ្រឿងផងដែរ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]