ចិន៖ ជាទូទៅ សង្គមយើងបច្ចុប្បន្នតែងចាត់ទុកជនអនាថា គ្មានផ្ទះសម្បែងថាជា មនុស្សល្ងន់ ឆ្កួត ខ្ចិល ឬក៏រោគចិត្តជាដើម។

បើក្រឡេកមើលរូបរាងរបស់លោក Shen វិញ លោកមានពុកមាត់ និងសក់វែងប្រៀបដូចជាជនអនាថា គ្មានផ្ទះសម្បែងទូទៅអីចឹង ប៉ុន្តែអ្វីដែលធ្វើឱ្យលោកពិសេសខុសគេ គឺត្រង់ចំណេះដឹងរបស់លោកនេះឯង។ 

លោក Shen និងហ្វេនរបស់លោក

លោក Shen រស់នៅតាមចិញ្ចើមផ្លូវមួយកន្លែងក្នុងទីក្រុងសៀងហៃ អ្វីដែលធ្វើឱ្យមនុស្សម្នាមានការចាប់អារម្មណ៍នឹងលោកនោះ គឺត្រង់ចំណេះដឹង, ទស្សនៈវិជ្ជា, ភាពប៉ិនប្រសព្វក្នុងការនិយាយនិងអក្សររបស់លោកយកតែម្តង។

លោកចាប់ផ្តើមមានឈ្មោះល្បីកក្រើកនៅក្នុងស្រុកចិន បន្ទាប់ពីវីដេអូរបស់លោក ពន្យល់បកស្រាយអក្សរសាស្រ្តបុរាណចិនបានទាក់ចិត្តមហាជនជាច្រើននៅលើបណ្តាញសង្គម ពោលគឺលោកប្រៀបដូចជាអ្នកប្រាជ្ញបុរាណចិនមួយរូបអីចឹង។

យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា លោកថែមទាំងបានដកស្រង់ពាក្យសម្តីរបស់បុគ្គល ល្បីៗជាច្រើនរូបរួមមាន លោកអារីស្តូត, លោកខុងជឺ និងលោក Dante មកពន្យល់បកស្រាយបន្ថែមទៀតផង។

លើសពីនេះទៅទៀត លោក Shen ថែមទាំងបានផ្តល់ជាដំបូន្មានដល់មហាជនឱ្យចំណាយពេលអានសៀវភៅឱ្យបានច្រើនទៅ វាប្រសើរជាងចំណាយពេលមកថតវីដេអូលោក។ ជាក់ស្តែងលោក Shen ចំណាយពេលអានសៀវភៅអក្សរសាស្រ្តបុរាណចិន និងសៀវភៅជាច្រើនផ្សេងទៀត ដែលលុយទាំងនេះ លោកបានមកពីការប្រមូលអេតចាយយកទៅលក់។  

មនុស្សម្នានាំគ្នាមកតាមលោក Shen

រស់នៅក្នុងផ្ទះដែលគេបោះបង់ចោល លោក Shen បដិសេធមិនត្រូវការជំនួយអ្វីទាំងអស់ ហើយលោកបាននិយាយថា លោកអាចចិញ្ចឹមខ្លួនឯងរស់ហើយ។

បន្ថែមពីនេះទៀត លោកថែមទាំងកោតសរសើរ លោកមហាត្មាត់ហ្គាន់ធី (Mahatma Gandhi) និងប្រាថ្នាចង់រស់នៅក្នុងជីវិតដោយមិនជាប់ជំពាក់ដូចជាលោកអីចឹង។

លោក Shen បាននិយាយថា៖

«ខ្ញុំត្រូវបានវាសនាចារមកថាជាអ្នករើសសំរាម។ ខ្ញុំមិនចង់ល្បីឈ្មោះអីទេ ខ្ញុំគ្រាន់តែចង់រស់នៅក្នុងជីវិតដោយស្ងប់ស្ងាត់។ ខ្ញុំចាស់ហើយ ហើយខ្ញុំដឹងពីជោគវាសនារបស់ខ្ញុំ។ អ្វីដែលសំខាន់ទៀតនោះគឺថា ជីវិតមានឡើងមានចុះ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ខ្ញុំនៅតែរក្សាគោលចំហរជាមនុស្សម្នាក់រស់នៅក្នុងភាពស្ងប់ស្ងាត់។» 

ថ្មីៗនេះ លោកពិតជាល្បីឈ្មោះពេញស្រុកចិនយកតែម្តង ហើយមហាជនបានដាក់រហស្សនាមឱ្យលោកថា «កំពូលអ្នកសុំទាន ឬលោកគ្រូ Shen»។ ទន្ទឹមនឹងនេះដែរ មានមនុស្សជាច្រើនបានមករកលោក ដើម្បីស្វែងយល់ និងចង់ដឹងពីលោកថែមទៀត។

យ៉ាងណាមិញ ភាពល្បីល្បាញរបស់លោក មិនបានធ្វើឱ្យលោកមានភាពរីករាយនោះទេ ពោលគឺគ្រាន់តែបើកទ្វារនៅពេលព្រឹកព្រលឹមភ្លាម ស្រាប់តែមានមនុស្សរាប់រយនាក់ នៅមុខកន្លែងលោកស្នាក់នៅ ដើម្បីរង់ចាំលោកនិយាយ និងសរសេរអក្សរបាត់ទៅហើយ។ រូបភាពរបស់លោកត្រូវបានប្រដូចទៅនឹងព្រះយេស៊ូវ ដែលមនុស្សម្នាអង្គុយរង់ចាំស្តាប់អីចឹង។ 

មនុស្សម្នានាំគ្នាមកតាមលោក Shen
រូបតំណាងព្រះយេស៊ូវ

ទន្ទឹមគ្នានេះដែរ លោកគ្រូ Shen បាននិយាយថា៖

«ខ្ញុំដឹងថា អ្នករាល់គ្នាចាត់ទុកខ្ញុំប្រៀបដូចជាសត្វស្វាមួយក្បាលអីចឹង គ្មានអ្នកណាម្នាក់មករកខ្ញុំដោយទឹកចិត្តស្មោះត្រង់នោះទេ។ អ្នករាល់គ្នាមកគឺគ្រាន់តែដើម្បីប្រាក់តែប៉ុណ្ណោះ។»

ក្រោយពីលោកល្បីភ្លាម មានជនខិលខូចមួយចំនួន បានបន្លំក្លែងធ្វើជាប្រពន្ធលោក ដើម្បីបានចំនួន Follower ច្រើននៅក្នុងបណ្តាញសង្គម ខណៈពេលអ្នកខ្លះបានបន្លំធ្វើជាកូនរបស់លោក។ អ្វីដែលហួសចិត្តទៀតនោះគឺថា មានមនុស្សបាន ដាក់លក់ផ្ទាំងអក្សររបស់លោកនៅលើអ៊ីនធើណើតថែមទៀតដែលមានតម្លៃរហូតដល់ ១៣,០០០ ដុល្លារឯណោះ។

យ៉ាងណាមិញ កាលពីថ្ងៃទី០១ ខែមីសាកន្លងទៅនេះ លោកបានបន្សល់ក្រដាសតូចមួយបិទនៅកន្លែង ស្នាក់នៅរបស់លោកថា៖

«ខ្ញុំហត់ទាំងកាយ ទាំងចិត្ត ហើយខ្ញុំសុំទៅកន្លែងស្ងប់ស្ងាត់មួយរយៈសិន។ អរគុណ!»៕ 

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

លោក Shen
លោក Shen
លោក Shen

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]