ជារឿងគួរឱ្យអបអរបំផុតសម្រាប់ជីវិតគ្រួសារប្តីប្រពន្ធនៅពេលដែលស្ត្រីចាប់ផ្តើមមានផ្ទៃពោះសមតាមចិត្តបំណង។ ទន្ទឹមនឹងភាពរីករាយ អ្វីដែលស្ត្រីគួរតែយកចិត្តទុកដាក់នោះគឺសុខភាព ទាំងការដើរដេកឈរអង្គុយ ទាំងការហូបចុកទទួលទានចំណីអាហារ ភេសជ្ជៈផ្សេងៗគឺត្រូវតែគិតគូរឱ្យបានច្បាស់លាស់បំផុត រួមទាំងការធ្វើលំហាត់ប្រាណងាយៗជំនួយរាងកាយផងដែរ។

នៅក្នុងនោះ ទឹកផ្លែឈើក៏ជារបបអាហារដ៏សំខាន់មួយដែរសម្រាប់សុខភាពស្ត្រីជាម្តាយ និងទារកក្នុងផ្ទៃ ដើម្បីទទួលបាននូវសារធាតុបំប៉ន និងវីតាមីនសំខាន់ៗចិញ្ចឹមរាងកាយផង ថែមទាំងជួយសុខភាពសម្រស់ស្ត្រីទៀតផង។

ចង់ដឹងថាទឹកផ្លែឈើសុខភាពប្រភេទណាខ្លះស័ក្តសមសម្រាប់ស្ត្រីមានផ្ទៃពោះ រួមទាំងវិធីធ្វើងាយៗបែបណា តោះ! មកតាមដានទាំងអស់គ្នា៖

ភេសជ្ជៈល្អសម្រាប់ស្ត្រីមានផ្ទៃពោះ

១. ទឹកផ្លែប៉ោម

ការទទួលទានទឹកផ្លែប៉ោមជាប្រចាំ អាចជួយដល់សុខភាពទាំងម្តាយ និងទារកក្នុងផ្ទៃ ថែំទាំងធ្វើឱ្យមានអារម្មណ៍ល្អស្រស់ស្រាយផងដែរក្នុងអំឡុងប៉ុន្មានខែសំខាន់ដំបូង។

ការអនុវត្ត

- យកផ្លែប៉ោម ២ ទៅ៣ផ្លែ ចិតសម្បកឱ្យបានស្អាត រួចយកទៅស្ងោរជាមួយទឹកឱ្យពុះជាមុនសិន រួចទុកឱ្យត្រជាក់ (ឬមិនបាច់ស្ងោរក៏បានតាមចំណង់ចិត្ត)

- បន្ទាប់មកយកផ្លែប៉ោមនោះទៅក្រឡុកឱ្យហ្មត់ ជាមួយនឹងទឹកស្អាតមួយកែវ ដោយបន្ថែមទឹកក្រូចឆ្មារខ្លះៗ រួចចាក់ដាក់ក្នុងកែវទុកក្នុងទូទឹកកក១ម៉ោង

- ជាចុងក្រោយអ្នកអាចទទួលទានទឹកផ្លែប៉ោមស្រស់ៗត្រជាក់ៗបានហើយ។

ទឹកផ្លែប៉ោម

២. ទឹកត្របែក

- ផ្លែត្របែកអាចជួយការពារបញ្ហាទល់លាមកក្នុងអំឡុងពេលមានផ្ទៃពោះ ថែមទាំងផ្តល់សារធាតុល្អៗជំនួយសុខភាពស្ត្រីមានផ្ទៃពោះផងដែរ

ការអនុវត្ត

- យកផ្លែត្របែក ២ផ្លែ ទៅដាំជាមួយទឹកឱ្យពុះ រួចទុកឱ្យត្រជាក់ បន្ទាប់មកយកទៅកិនឬក្រឡុកឱ្យហ្មត់ ដោយបន្ថែមស្ករសចំនួន២ស្លាបព្រា ជាមួយនឹងទឹកខ្ញី (យកមើមខ្ញីមួយចំណិតតួចកិនជាមួយឱ្យហើយក៏បាន) និងបទឹកក្រូចឆ្មារបន្តិចផងដើម្បីបង្កើនរសជាតិ

- បន្ទាប់ពីក្រឡុកហើយអ្នកអាចទទួលទានទឹកត្របែកស្រស់ៗ ដោយដាក់ទឹកកកបន្ថែមទៀតក៏បាន។

ទឹកត្របែក

៣. ទឹកទំពាំងបាយជូរ

ទំពាំងបាយជូរសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្មដែលល្អសម្រាប់សុខភាព និងបង្ការការលូតលាស់មិនប្រក្រតីនៃទារកក្នុងផ្ទៃ ថែមទាំងធ្វើឱ្យអ្នកមានសុខភាពល្អ អារម្មណ៍ស្រស់ស្រាយពេញមួយថ្ងៃទៀតផង។

ការអនុវត្ត

- យកផ្លែទំពាំងបាយជូរក្រហម ៥០០ក្រាម ឆ្កឹះយកគ្រាប់ចេញ បន្ទាប់មកយកទៅក្រឡុក ឬកិនស្រស់ៗ ហើយដាក់ក្នុងទូទឹកកកឱ្យត្រជាក់ទុកទទួលទានជាការស្រេច។ អ្នកក៏អាចបន្ថែមក្រូចឆ្មារមួយចំណិត និងបន្ថែមទឹកកករាល់ពេលទទួលទានក៏បានដែរ។

ទឹកទំពាំងបាយជូរ

៤. ទឹកការ៉ុត និងផ្លែ Beet

ទឹកផ្លែឈើនេះសម្បូរវីតាមីន និងសារធាតុរ៉ែសំខាន់ៗជំនួយសុខភាពទូទៅ ថែមទាំងផ្តល់ថាមពាលដល់រាងកាយផងដែរ។

ការអនុវត្ត

- យកការ៉ុត២មើម ផ្លែ Beet ២មើម (រកបាននៅផ្សារទំនើប) និងផ្លែប៉ោម១ផ្លែ ចិតសម្បក និងកាត់ជាដុំៗទំហំល្មម សឹមយកទៅក្រឡុក ឬកិនចូលគ្នាជាភេសជ្ជៈ

- អ្នកអាចបន្ថែមទឹកកករាល់ពេលទទួលទានបានផងដែរ។

ទឹកការ៉ុត និងផ្លែ Beet

៥. ទឹកចេក និងទឹកឃ្មុំ

- ទឹកមួយនេះពិតជាល្អនៅក្នុងការទទួលទានពេលថ្ងៃត្រង់ ថែមទាំងល្អសម្រាប់សុខភាពម្តាយ និងទារកក្នុងផ្ទៃទៀតផង។

ការអនុវត្ត

- យកចេក ១ផ្លែ ទឹកដោះគោកន្លះពែង ប័រទឹកដោះគោ កន្លះពែង (Curd រកបាននៅផ្សារទំណើប) និងទឹកឃ្មុំ ១ស្លាបព្រាបាយ កិន ឬក្រឡុកលាយបញ្ចូលគ្នា

- ជាចុងក្រោយអាចលាយនឹងទឹកកក រួចទទួលទានជាការស្រេច៕ 

ទឹកចេក និងទឹកឃ្មុំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]