ខេត្តព្រៃវែង ៖ ផ្ទះ​ឈើ​មួយ​ខ្នង​ទំហំ​៦​ម៉ែត្រ​គុណ​នឹង​១៤​ម៉ែត្រ ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង នៅ​ក្នុង​រយៈពេល​តែ​២០​នាទី​ប៉ុណ្ណោះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកស្រុក​រត់​ចែក​ជើង​គ្នា​រក​ទឹក​មក​ពន្លត់ ព្រោះ​ខ្លាច​ភ្លើង​ឆេះ​រាលដាល​ដល់​ផ្ទះ​របស់​ខ្លួន​។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២ មេ​សា នៅ​ចំណុច​ភូមិ​ព្រែក​ធំ ឃុំ​អ្នក​លឿង ស្រុក​ពាមរ​ក៍ ខេត្តព្រៃវែង ។

ម្ចាស់ផ្ទះ​កើតហេតុ​ខាងលើ​ឈ្មោះ តឹក ចាន់ ភេទ​ស្រី អាយុ​៧២​ឆ្នាំ មុខរបរ​ជា​គ្រូ​ចូល​រូប ។

បើ​តាម​សម្តី​របស់​ស្ត្រី​ឈ្មោះ អុី​ សុធី អាយុ​៤៩​ឆ្នាំ ដែល​ត្រូវជា​កូនស្រី​របស់​លោកយាយ​ម្ចាស់ផ្ទះ​បានអោយ​កោះសន្តិភាព​ដឹង​ថា ម្តាយ​របស់​គាត់​គឺជា​គ្រូ​ចូល​រូប ហើយ​មាន​រៀប​អាសនៈ​ធំ​មួយ​នៅ​លើ​ផ្ទះ ប៉ុន្តែ​ដោយសារ​តែ​ម្តាយ​មាន​វ័យចាស់​ណាស់​ទៅ​ហើយ និង​ថ្មី​ៗ​នេះ​ម្តាយ​របស់​គាត់​ឈឺ​ច្រើន​ទៀត ទើប​គាត់​ជា​កូន​បាន​យក​ម្តាយ​ទៅ​នៅ​ជាមួយ គឺ​នៅផ្ទះ​ទល់មុខ​គ្នា ដើម្បី​ងាយស្រួល​មើលថែ​ម្តាយ ដោយ​​ទុក​ផ្ទះនោះ​​ចោល​។

តាម​ប្រភព​ដដែល​នេះ​បាន​បន្ត​ថា នៅ​ថ្ងៃ​កើតហេតុ កូន​ៗ​នៅ​ភ្នំពេញ​បាន​នាំ​គ្នា​មក​ស្រុក​ជួបជុំ​បងប្អូន និង​សែន​ឆេ​ង​ម៉េ​ង ហើយ​នៅ​វេលា​ម៉ោង​១០​ព្រឹក ក្រោយ​ពី​សែន​ផ្នូរ​ដូនតា​រួច​ហើយ កូន​ៗ​ក៏​នាំ​គ្នា​ឡើង​ទៅ​អុជ​ទៀន​ធូប​បន់ស្រន់​នៅ​អាសនៈ​គ្រូ​របស់​ម្តាយ ដោយ​សុំ​អោយ​គ្រូ​ជួយ​ម្តាយ​អោយ​ជា​ពី​ជម្ងឺ លុះ​ពេល​បន់​រួច​ក៏​នាំ​គ្នា​ចុះ​មក​ផឹកស៊ី​ជួបជុំ​បងប្អូន​នៅ​ក្រោម​ដើម​ស្វាយ​ខាង​មុខ​ផ្ទះ ដោយ​មិន​បាន​ពន្លត់​ភ្លើងទៀន​នៅ​មុខ​អាសនៈ​គ្រូ​នោះ​ទេ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា រហូត​ដល់​ម៉ោង​ជិត​២​រសៀល​ថ្ងៃ​ដដែល ស្រាប់តែ​ឃើញ​ភ្លើង​ឆេះ​ចេញពី​ខាងក្នុង​ផ្ទះ ធ្វើ​អោយ​មានការ​ផ្អើល​ឆោឡោ ខ្លះរ​ត់រក​ទឹក ខ្លះ​ទូរ​សព្ទ័​ហៅ​ប៉ូ​លី​ស ហើយ​ប្រមាណ​ជា​១៥​នាទី​ប៉ុណ្ណោះ រថយន្ត​ពន្លត់​អគ្គិភ័យ​ក៏​មក​ដល់ ប៉ុន្តែ​យឺត​ពេល​ទៅ​ហើយ ព្រោះ​អណ្តាតភ្លើង​បាន​ឆេះ​ផ្ទះ​អស់ទាំង​ស្រុង​ទៅ​ហើយ រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​ត្រឹម​បាញ់​ទឹក​ពន្លត់​ទប់ស្កាត់​មិន​អោយ​ភ្លើង​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិត​តែ​ប៉ុណ្ណោះ​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]