ក្រចកគឺជាកន្លែងសំខាន់មួយដែលមនុស្សស្រីភាគច្រើនចាប់អារម្មណ៍ និងព្យាយាមកែខៃវាឱ្យមានសុខភាពល្អ និងតុបតែងលម្អវាឱ្យស្រស់ស្អាតដោយការលាបពណ៌ លេងម៉ូតក្រចក ឬគូសជាម៉ូតផ្សេងៗតែម្តង ដើម្បីលើកសម្រស់ខ្លួនឯងមួយផ្នែកធំ ជាពិសេសគឺពេលចូលរួមកម្មវិធីជប់លៀងផ្សេងៗតែម្តង។

ការតុបតែងក្រចកត្បិតតែជាការលើកកម្ពស់សម្រស់បានក៏ពិតមែន តែប្រសិនជាក្រចកដៃខ្លីៗ ទន់ងាយបាក់ វាក៏ពិបាកនឹងធ្វើការតុបតែងដែរ ហេតុនេះការថែរក្សាសុខភាពក្រចកដៃក៏ជារឿងមួយដែលត្រូវគិតគូរ។ ក្រៅពីថែក្រចកដោយការលាបថ្នាំក្រចកជំនួយរាល់ពេលមុនលាបក្រចកដៃ ការថែរក្សាសុខភាពក្រចកជាប្រចាំទើបជាការល្អ ហើយខ្ទឹមស ក៏ជាគ្រឿងផ្សំម្យ៉ាងដែលអាចធ្វើជាទឹកលាបក្រចកជំនួយក្រចកបានច្រើនយ៉ាងដូចគ្នា។

ដូច្នេះថ្ងៃនេះយើងខ្ញុំនឹងណែនាំពីវិធីធ្វើទឹកថ្នាំលាបក្រចកពីខ្ទឹមស ​និងគុណប្រយោជន៍សម្រាប់សុខភាពក្រចកដូចខាងក្រោម៖

ខ្ទឹមស​ជួយថែរក្សាសុខភាពក្រចក

# ការប្រើខ្ទឹមស ជាថ្នាំលាបក្រចក

វិធីទី១៖

អ្នកអាចបកមើមខ្ទឹម ពុះវាជា២ ហើយយកមកត្រដុះលើក្រចកឱ្យសព្វក្រចកគ្រប់ម្រាមជាការស្រេច។  តែវិធីនេះមិនសូវជាមានអ្នកអនុវត្តនោះទេ ​ព្រោះវាមានផលរំខានបន្តិចដោយសារតែក្លិនវាអាក្រក់ប៉ះពាល់ដល់អ្នកនៅក្បែរខ្លួនបាន។

ចិតខ្ទឹមសលាបត្រដុសលើក្រចក

វិធីទី២៖

- អ្នកអាចហាន់ ឬចិញ្ច្រាំខ្ទឹមស លាយជាមួយនឹងទឹកថ្នាំលាបក្រចករលោង ​(ឬទឹកថ្នាំក្រចកថែរក្សាក្រចកដែលគ្មានពណ៌) ដាក់នៅក្នុងក្រឡ ឬដបមួយបិទជិតរក្សាទុកនៅក្នុងបន្ទប់ ឬកន្លែងងងឹតហើយស្ងួតរយៈពេល ១អាទិត្យ និងកុំភ្លេចឧស្សាហ៍ក្រឡុកឱ្យវាចូលជាតិផង។

- បន្ទាប់ពីនោះអ្នកអាចយកទឹកថ្នាំរលោងនេះមកលាបលើក្រចកជាប្រចាំបានហើយ តែកុំបារម្ភពីក្លិនអី ព្រោះរយៈពេលមួយអាទិត្យកន្លងមកវាលែងបន្សល់នូវក្លិនអាក្រក់ទៀតហើយ។

ចិញ្ច្រាំខ្ទឹមស ទុកក្នុងទឹកលាងក្រចកមួយអាទិត្យចាំយកមកប្រើការ

# គុណប្រយោជន៍នៃការលាបទឹកខ្ទឹមសលើក្រចក

១. អាចជួយធ្វើឱ្យក្រចករឹងមាំល្អ ងាយតុបតែង ជាពិសេសមិនងាយបាក់ផុយស្រួយនោះឡើយ។

២. ចង់ឱ្យក្រចកស្អាតបែបធម្មជាតិមិនមែនជាការបណ្តោយឱ្យក្រចកទៅតាមធម្មជាតិដោយមិនព្យាយាមថែរក្សាវាឱ្យមានសុខភាពល្អនោះទេ។ ដូច្នេះការលាបទឹកលាបក្រចកធ្វើពីខ្ទឹមស មិនត្រឹមតែធ្វើឱ្យក្រចកមានសុខភាពល្អប៉ុណ្ណោះទេ តែថែមទាំងធ្វើឱ្យក្រចកមានសភាពភ្លឺរលោងស្អាតបែបធម្មជាតិទៀតផង។

៣. ក្រៅពីចង់បានក្រចករឹងមាំ ការធ្វើឱ្យក្រចកឆាប់ដុះលូតលាស់វែងល្អក៏ជាការប្រាថ្នារបស់មនុស្សស្រីគ្រប់រូបផងដែរ។ ដោយទឹកខ្ទឹមស អាចជួយធ្វើឱ្យក្រចកដែលខ្លីៗរបស់អ្នកឆាប់ដុះលូតលាស់ និងមានសុខភាពល្អងាយតុបតែងផងដែរ។

ទឹកថ្នាំលាបក្រចកខ្ទឹមស​ ជំនួយក្រចក

៤. មេរោគផ្សិត ឬបាក់តេរីលើក្រចកអាចបំផ្លាញពណ៌ក្រចករបស់អ្នកមិនឱ្យជាប់ពណ៌បានយូរ ថែមទាំងធ្វើឱ្យមានបញ្ហាក្រចកស្រួយងាយបាក់ទៀត ដូច្នេះការប្រើទឹកខ្ទឹមសលាបក្រចកពិតជាអាចប្រឆាំង និងការពារពពយកមេរោគផ្សិតនេះបានយ៉ាងប្រសើរ។

៥. ការលាបទឹកខ្ទឹមស អាចធ្វើឱ្យក្រចកដែលធ្លាប់តែស្តើង នឹងដុះក្រាស់ឡើងជាងមុនគ្រាន់តែចំណាយពេលលាបវាប្រមាណជាប៉ុន្មានថ្ងៃតែប៉ុណ្ណោះ។ ការធ្វើឱ្យក្រចកមានស្រទាប់កាន់តែក្រាស់អាចចៀសឆ្ងាយពីបញ្ហាក្រចកដែលមានសុខភាពទន់ខ្សោយ និងងាយបាក់ផុយស្រួយបាន៕

ទឹកថ្នាំលាបក្រចកខ្ទឹមស​ ជំនួយក្រចក

តោះ! ងាយៗចំណាយលុយចាំនៅចាំអីទៀតសាកល្បងទាំងអស់គ្នាដើម្បីឱ្យក្រចកស្អាតម្តងមើល៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]