អូស្រ្តាលី៖ បុរសម្នាក់មានការភ្ញាក់ផ្អើល លាយឡំនឹងភាពភ័យខ្លាចមិនស្ទើរ បន្ទាប់ពីបានឃើញស្ដែងៗនឹងភ្នែក ក្រពើហែលចេញពីទឹក និងវារយ៉ាងលឿនស្លុយមកដល់លើដីគោក ដេញតាមចាប់ត្រីដែលជាប់សន្ទូចរបស់ខ្លួន ខណៈដែលខ្លួនកំពុងតែស្ទូចត្រីជាមួយនឹងមិត្តភក្តិ។

លោក Daniel

បើតាមប្រភពបានឲ្យដឹងថា បុរសខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Daniel បានចេញទៅស្ទូចត្រីជាមួយនឹងមិត្តភក្តិប៉ុន្មាននាក់របស់លោក កាលពីពេលកន្លងទៅនេះ នៅឯតំបន់ Outback ប្រទេសអូស្រ្តាលី។ Daniel មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថានេះគឺជាលើកទី១ហើយ ដែលមកស្ទូចត្រីប៉ះចំក្រពើដេញបែបនេះ។

ជាក់ស្តែង តាមរយៈវីដេអូឃ្លីប Daniel ហាក់មានការងឿងឆ្ងល់យ៉ាងខ្លាំង ដោយសារតែសន្ទូចរបស់លោក តឹងនោះតឹង ទាញមិនចង់មក ដោយគិតថាប្រហែលជាជាប់បានធំហើយ។ ជាការពិត ស្ទូចរបស់លោក Daniel ពិតជាជាប់បានត្រីមែន (ត្រី Barramundi) ប៉ុន្តែអ្វីដែលមិននឹកស្មានដល់ និងនៅពីក្រោយរឿងតឹងខ្សែសន្ទូចវ័ធមិនបាន តាំងពីក្នុងទឹកនោះ គឺថាក៏ព្រោះតែមានក្រពើទឹកប្រៃដ៏ធំមួយក្បាល បានដេញតាមខាំត្របាក់ត្រី ដែលជាប់សន្ទូចរបស់លោកធ្វើជាចំណី រហូតវារយ៉ាងលឿនស្លុយមកដល់លើដីគោក។

ក្រោយឃើញសភាពបែបនេះ លោក Daniel និងសម្លាញ់មកជាមួយ បាននាំគ្នាស្រែករត់ រត់អូសទាំងដងសន្ទូចទៅ និងទាំងភ័យស្លន់ស្លោ ប៉ុន្តែនៅទីបំផុតក្រពើនៅតែចាប់ត្រីនោះបាន ធ្វើជាចំណីរបស់វាយ៉ាងឆ្ងាញ់មាត់ដដែល។ នៅគ្រានោះដែរ លោក Daniel ក៏ត្រូវបានគេដឹងថា បានស្រែកទាំងខកចិត្ត ក្រោយត្រីដែលលោកខំស្ទូចបាន បែរជាធ្លាក់ទៅជាចំណីសត្វក្រពើទាំងបែបនេះផងដែរ។

ក្រពើ

យ៉ាងណាមិញ ជុំវិញនឹងករណីនេះ ពុំមាននរណាម្នាក់បានរងរបួសដោយសារតែការវាយប្រហារ ពីសត្វក្រពើនោះឡើយ។ វីដេអូឃ្លីបនេះដំបូង ត្រូវបានបង្ហោះចែកចាយនៅលើយូធូប ដោយទទួលបានអ្នកចុចចូលមើលរាប់ពាន់ដង ជាមួយនឹងការបញ្ចេញមតិ បែបអស់សំណើចចំពោះហេតុការណ៍មួយនេះផងដែរ។

គួរឲ្យដឹងផងដែរថា ការវាយប្រហារដោយសត្វក្រពើ គឺពិតជាកម្រមានណាស់នៅក្នុងប្រទេសអូស្រ្តាលី ដែលនៅក្នុងនោះ អាចមានមនុស្សយ៉ាងតិចម្នាក់ប៉ុណ្ណោះ ដែលបានស្លាប់ជាធម្យមជារៀងរាល់ឆ្នាំ ដោយការវាយប្រហារពីសត្វកំណាចនេះ។ ក្រពើឈ្មោលទឹកប្រៃ (ឬ Male Saltwater) ត្រូវបានគេដឹងថា អាចធំធាត់រហូតដល់ទៅប្រវែង ៦ម៉ែត្រ ជាមួយនឹងទម្ងន់ជាង១តោន។

ក្រុមអ្នកជំនាញបានប៉ាន់ប្រមាណថា មានក្រពើទឹកប្រៃចំនួនប្រហែល ២០០,០០០ក្បាល ដែលរស់នៅក្នុងប្រទេសអូស្រ្តាលី ហើយភាគច្រើនមាននៅតំបន់ Northern Territory និងនៅតំបន់ Far North Queensland ៕

ទស្សនាវីដេអូខាងក្រោម៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]