ខេត្តកំពត៖ ក្នុងកិច្ចបន្តការខិតខំប្រឹងប្រែង ដើម្បីធ្វើឲ្យប្រទេសកម្ពុជាកាន់តែបៃតង និងស្រស់បំព្រង ក្រុមការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ឬហៅថា “ណាហ្គាវើលដ៍បេះដូងសប្បុរស” បានចូលរួមជាមួយក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា លោកគ្រូ-អ្នកគ្រួ និងសិស្សានុសិស្ស ដើម្បីដាំកូនឈើកម្រប្រមាណ ៤០០ ដើមនៅតាមសាលារៀនមួយចំនួនក្នុងខេត្តកំពត។

គំនិតផ្តួចផ្តើមដាំកូនឈើនេះ គឺជាកម្មវិធីទំនួលខុសត្រូវក្នុងសង្គមរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស បន្ទាប់ពីសន្និសីទសារព័ត៌មាន “លើកកម្ពស់ការយល់ដឹងស្តីអំពីបរិស្ថាន និងការដាំកូនឈើ” ដែលបានធ្វើឡើងកាលពីខែធ្នូ ក្នុងឆ្នាំមុនដើម្បីជួយលើកកម្ពស់សម្រស់នៃព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែស្អាត និងលើកកម្ពស់ការយល់ដឹងស្តីអំពីសារៈសំខាន់នៃបរិស្ថាន និងធម្មជាតិ។

ណាហ្គាវើលដ៍ និងក្រសួងពាក់ព័ន្ធ ចាប់ដៃគ្នា

នាយកគ្រប់គ្រងណាហ្គាវើលដ៍លោក Pern Chen បានមានប្រសាសន៍ថា៖

«សកម្មភាពយកចិត្តទុកដាក់ទៅលើបរិស្ថានរបស់យើង គឺជាអ្វីដែលយើងផ្តោតជាពិសេស។ ដើមឈើផ្តល់ខ្យល់បរិសុទ្ធ និងកាត់បន្ថយផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ។ តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា ដើមឈើធំដែលមានស្លឹកច្រើនមួយដើមអាចផលិតខ្យល់អុកស៊ីសែនគ្រប់គ្រាន់ក្នុងមួយឆ្នាំសម្រាប់មនុស្ស ១០ នាក់ដកដង្ហើម ខណៈវាអាចស្រូបយកឧស្ម័នពុលកាបូនិចបានរហូតដល់ ២១ គីឡូក្រាម។ ចំណែកម្លប់របស់វាក៏ជួយកាត់បន្ថយកម្តៅនៅបរិវេណជុំវិញផងដែរដែលវាអាចកាត់បន្ថយកម្តៅបានពីពីរទៅបីអង្សា។ ដូច្នេះការដាំកូនឈើថ្មីមានសារៈសំខាន់ណាស់ ដែលយើងទាំងអស់គ្នាអាចធ្វើបានដើម្បីលើកកម្ពស់បរិស្ថាន និងសុខុមាលភាពរបស់សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ និងសហគមន៍របស់យើង។ ចាប់តាំងពីឆ្នាំ ២០១៤ មក ណាហ្គាវើលដ៍បេះដូងសប្បុរសបានដាំកូនឈើជាង ៣.៣០០ ដើម ទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយតាមរយៈការពន្យល់ណែនាំស្តីអំពីវិធីថែរក្សា និងអភិរក្សបរិស្ថានរបស់ក្រសួងបរិស្ថាន សិស្សានុសិស្សទាំងអស់នឹងយល់កាន់តែច្បាស់អំពីតម្លៃនៃការអភិរក្សបរិស្ថាន។ ខ្ញុំសូមជម្រុញអ្នកទាំងអស់គ្នាឲ្យចូលរួមជាមួយយើង និងធ្វើឲ្យកម្ពុជាកាន់តែបៃតង និងស្រស់បំព្រងជាងមុន»។

លោក ជៀប ប៊ុនអ៊ាង ប្រធាននាយកដ្ឋានអប់រំបរិស្ថាននៃក្រសួងបរិស្ថានបានកោតសរសើរដល់កម្មវិធីនេះ និងលើកទឹកចិត្តឲ្យមានការថែរក្សាប្រព័ន្ធអេកូឡូស៊ី និងធម្មជាតិផងដែរ៖

«យើងស្វាគមន៍គំនិតផ្តួចផ្តើមនេះ ក្នុងការជួយកាត់បន្ថយផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុដែលជាបញ្ហាដ៏ធំបំផុតមួយ ដែលពិភពលោកកំពុងប្រឈម និងព្រួយបារម្ភក្នុងពេលបច្ចុប្បន្ន។ ដើមឈើស្រូបយកឧស្ម័នពុលកាបូនិចពីក្នុងបរិយាកាស និងបញ្ចេញមកវិញនូវខ្យល់អុកស៊ីសែន ដូច្នេះដើមឈើមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជីវិតរបស់យើងទាំងអស់គ្នា»។

លោក ហេង រស្មី អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុកកំពង់ត្រាច បានមានប្រសាសន៍ផងដែរថា៖

«ការផ្តល់ម្លប់ធម្មជាតិនៅក្នុងទីធ្លាសាលារៀន គឺជាអ្វីដែលក្រសួងតែងតែលើកទឹកចិត្តដើម្បីបង្កើតឲ្យមានបរិយាកាសសិក្សារៀនសូត្រប្រសើរជាងមុន។ លើសពីនេះ ឫសឈើស្រូបយកទឹក និងទប់ស្កាត់ការហូរច្រោះនៃដី ដែលជួយកាត់បន្ថយទឹកជំនន់ដែលបណ្តាលឲ្យសាលារៀនផ្អាកដំណើរការ និងប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្ស»។
សិស្សានុសិស្ស បង្ហាញការគាំទ្រពេញទំហឹង

លោក ឃឹម សាមី អភិបាលរងស្រុកកំពង់ត្រាចបានមានប្រសាសន៍ថា៖

«យើងគាំទ្រដល់គំនិតផ្តួចផ្តើមទាំងអស់ដែលជួយធ្វើឲ្យបរិស្ថាននៅក្នុងសហគមន៍របស់យើងប្រសើរឡើង»។

ជាចុងក្រោយលោក ណែន វុទ្ធី នាយកសាលាបឋមសិក្សាកោះទ្រមូង ក៏មានប្រសាសន៍ផងដែរថា៖

«អរគុណដល់ណាហ្គាវើលដ៍បេះដូងសប្បុរស និងក្រសួងពាក់ព័ន្ធទាំងអស់ ដែលបានឧបត្ថម្ភកូនឈើកម្រទាំងនេះដល់សាលារៀនរបស់យើង»។
កូនឈើកម្រ៤០០ដើមនឹងត្រូវដាំនៅតាមសាលារៀន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]