រឿងថែសម្រស់ឱ្យស្អាត អ្នកណាក៏ចង់ដែរ តែសំខាន់ពេលខ្លះរវល់ខ្លាំងទាំងការងារ ឬការសិក្សា ដោយគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការថែទាំតែម្តង ។ តែទោះជារវល់យ៉ាងណា រឿងសម្រស់មួយមិនអាចបណ្តែតបណ្តោយឱ្យវាខ្សោះអស់សម្ផស្សទៅតាមពេលវេលានោះទេ។

ដូច្នេះដើម្បីជួយឱ្យស្ត្រីគ្រប់គ្នាទទួលបានសម្រស់ស្បែកមុខស្រស់ស្អាត ទោះជាគ្មានពេលវេលាគ្រប់គ្រាន់ ថ្ងៃនេះយើងខ្ញុំនឹងលើកឡើងពីវីធីថែមុខតាមបែបធម្មជាតិ ធ្វើតែរាល់យប់ហើយទុកចោលគេងតាមធម្មតា ចាំព្រឹកចាំលុបលាងចេញវិញក៏ស្អាតបានដែរ តាមវិធី៤យ៉ាងខាងក្រោមនេះ៖

ថែសម្រស់ទុកចោលមួយយប់ដោយវិធី៤យ៉ាង

១. រមៀត និងទឹកដោះគោ

វិធីមួយនេះជួយឱ្យស្បែកភ្លឺ ម៉ដ្ឋ រលោងស្អាត ថែមទាំងប្រឆាំងមេរោគបាក់តេរីដែលបង្កបញ្ហាដល់ស្បែកបានយ៉ាងល្អទៀតផង។

ការអនុវត្ត៖

- ងាយៗ គ្រាន់តែលាយម្សៅរមៀត ៤ស្លាបព្រាបាយ (ម្សៅរមៀតទិញក៏បាន ធ្វើខ្លួនឯងក៏បានដោយចិតរមៀតស្តើងៗហាលថ្ងៃឱ្យស្ងួតរួចបុកឱ្យហ្មត់) ជាមួយនឹងទឹកដោះគោឆៅ ៥ ទៅ៦ស្លាបព្រា កូរចូលគ្នាឱ្យសព្វ

- បន្ទាប់មកយកល្បាយនេះមកលាបឱ្យសព្វផ្ទៃមុខមុនពេលចូលគេង រួចទុកចោលមួយប់តែម្តង ចាំលាងចេញនឹងទឹកត្រជាក់ពេលព្រឹកភ្ញាក់ពីគេងជាការស្រេច។

- ដើម្បីទទួលបានប្រសិទ្ធភាពអាចប្រើប្រាស់ ៣ ទៅ៤ដងក្នុងមួយសប្តាហ៍។

រមៀត និងទឹកដោះគោ

២. ស៊ុតផ្នែកពណ៌ស

រូបមន្តនេះមិនត្រឹមតែជួយធ្វើឱ្យស្បែកមុខ ស ទន់ រលោង និងភ្លឺថ្លាប៉ុណ្ណោះទេ តែក៏ជួយបង្រួមរន្ធញើស និងធ្វើឱ្យស្បែកមុខតឹងណែនស្អាតបាត់អស់ស្នាមជ្រីវជ្រួញទៀតផង។  

ការអនុវត្ត៖

- យកតែស៊ុតផ្នែកពណ៌ស មកលាបផ្ទៃមុខ ហើយទុករយៈពេល ១៥នាទីឱ្យស្ងួតចាំលាងចេញក៏បាន ឬក៏អាចលាបទុកមួយយប់ ចាំលាងចេញនឹងទឹកត្រជាក់ពេលក្រោកពីគេងក៏បានដែរ។

- ដើម្បីទទួលបានប្រសិទ្ធភាព គួរប្រើប្រាស់វិធីនេះឱ្យបាន ២ ទៅ៣ដងក្នុងមួយសប្តាហ៍។

ស៊ុតផ្នែកពណ៌ស

៣. ម្សៅអូត និងទឹកឃ្មុំ

វិធីនេះ អាចជួយសម្អាតផ្ទៃមុខ ជម្រះជាតិកខ្វក់ និងកោសិកាចាស់ៗមិនល្អចេញពីផ្ទៃមុខបានយ៉ាងល្អ ជាពិសេសអាចជួយកម្ចាត់បញ្ហាស្បែកឡើងប្រេង និងការពារបញ្ហាការកើតមុនទៀតផង។ លើសពីនេះវាថែមទាំងជួយកែប្រែបញ្ហាស្បែកដែលស្ងួត និងមានបញ្ហាក្រហមកន្ទួលរមាស់ពីកម្តៅព្រះអាទិត្យ ហើយផ្តល់សំណើមដល់ផ្ទៃមុខឱ្យទន់ ភ្លឺរលោងស្អាតផងដែរ។

ការអនុវត្ត៖

- ជាដំបូងលាយម្សៅអូត (Oats រកបាននៅផ្សារទំនើប) ១ស្លាបព្រាបាយ ជាមួយនឹងទឹកឃ្មុំ ១ស្លាបព្រាបាយកូរឱ្យសព្វរួចទុករយៈពេល ៥នាទីរហូតដល់ល្បាយនេះទន់រលាយចូលគ្នាល្អជាមុនសិន។

- បន្ទាប់មកយកល្បាយនេះមកលាបឱ្យសព្វផ្ទៃមុខទុកចោលមួយយប់ ចាំលាងចេញពេលក្រោកពីដំណេកពេលព្រលឹមជាការស្រេច។

ម្សៅអូត និងទឹកឃ្មុំ

៤. ម៉ាស់ប៉េងប៉ោះ

រូបមន្តមួយនេះអាចជួយបន្តឹងស្បែកមុខ បង្រួមរន្ធញើស កាត់ជាតិប្រេងលើស្បែកមុខ ថែមទាំងធ្វើឱ្យស្បែកមុខទន់ ម៉ដ្ឋ ភ្លឺ និងរលោងស្រស់ស្អាតទៀតផង។

ការអនុវត្ត៖

- យកប៉េងប៉ោះកន្លះផ្លែ ពុះជា២ ឆ្កៀលយកតែសាច់ខាងក្នុង រួចកិន ឬក្រឡុកលាយជាមួយនឹងទឹកដោះគោឆៅចំនួន ២ស្លាបព្រាបាយ កូរចូលគ្នាឱ្យហ្មត់ល្អ

- បន្ទាប់មកយកល្បាយនេះលាបលើផ្ទៃមុខ ១តង់សិន ពេលវាស្ងួតល្អ ចាំលាបល្បាយនេះលើផ្ទៃមុខ ១តង់ទៀត រួចទុកមួយយប់ ចាំលាងចោលជាមួយនឹងទឹកត្រជាក់នៅពេលព្រឹកក្រោកពីដំណេកជាការស្រេច៕

ម៉ាស់ប៉េងប៉ោះ

ចំណាំ៖ វិធីខ្លះអាចនឹងរឡិករឡាក់ងាយស្រក់ ឬជ្រុះរញ៉េរញ៉ៃដូចជាម្សៅអូត ទឹកឃ្មុំ ឬមានក្លិនមិនល្អដូចជាស៊ុតពណ៌សជាដើម ដូច្នេះប្រសិនជាអ្នកមានអារម្មណ៍ថារំខាន អ្នកអាចលាងចោលសិនចាំចូលគេងក៏បានដែរក្រោយពីអនុវត្តបានប្រមាណជា ១៥ ទៅ២០នាទី។  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]