(កំពង់ចាម)៖ លោក ហាក់ ហ៊ន់ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩នេះ បានចេញដីកាឲ្យកូនប្រុសមេបញ្ជាការអាវុធហត្ថខេត្តក្រចេះឈ្មោះ សាន្ត សុខុម ចូលខ្លួននៅមុខអយ្យការឲ្យបានមុនថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ពាក់ព័ន្ធការវាយ​ និងយកកាំភ្លើងភ្ជង់គូជម្លោះ ក្នុងហាងអ៊ីនធឺណេតមួយកន្លែង ទីរួមខេត្តកំពង់ចាម។ នេះបើយោងតាមដីការបស់ព្រះរាជអាជ្ញា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិច។

នៅក្នុងដីការបស់ព្រះរាជអាជ្ញា បានបញ្ជាក់យ៉ាងដូច្នេះថា «ឈ្មោះ សាន្ត សុខុម ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ឲ្យចូលបង្ហាញខ្លួននៅអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ឲ្យបានមុនថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នៅរៀងរាល់ម៉ោងធ្វើការដើម្បី សាកសួរលើបណ្តឹងព្រហ្មទណ្ឌ ពីបទ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសដោយគំរាមកំហែង និងអាវុធ»។

សូមបញ្ជាក់ថា ការចេញដីកាបញ្ជាឲ្យចូលខ្លួនទៅលើជនបង្កនេះ បានកើតមានឡើង ក្រោយពីជនរងគ្រោះចំនួន២នាក់ ដែលរងការវាយ និងភ្ជង់កាំភ្លើងពីសំណាក់ឈ្មោះ សាន្ត សុខុម ដែលជាកូនប្រុសរបស់មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ បានដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់សមត្ថកិច្ច។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានបញ្ជាក់ថា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៦និង០០នាទី ជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានទទួលពាក្យបណ្តឹងពីឈ្មោះ វ៉ាន់ ចាន់អទិច្ចបញ្ញា ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម និងឈ្មោះ យ៉េ ចិន្តា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្ដកំពង់ចាម បានប្តឹងទៅលើឈ្មោះ សាន្ត សុខុម ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម មុខរបរ ជាមន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ មានឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ត្រី បានធ្វើសកម្មភាពយកកាំភ្លើងខ្លីម៉ាកឡុក មកភ្ជង់គំរាម និងវាយទៅលើអ្នកទាំងពីរនាក់ខាងលើជាច្រើនដៃ។

លោកឧត្តមសេនីយ៍ទោ បានបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម សមត្ថកិច្ចយើងបានធ្វើការស្រាជ្រាវរកឈ្មោះ សាន្ត សុខុម តែឈ្មោះនេះ មិននៅក្នុងលំនៅឋានទេ តាមពត៌មានបឋម គេចខ្លួនទៅរាជធានីភ្នំពេញ។ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះទាំង២នាក់ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគេកំពុងតែលេងហ្គេមនៅក្នុងហាងអ៊ិនធឺណេតខាងលើ ស្រាប់តែលេចមុខមន្រ្តីអាវុធហត្ថ និងម្នាក់ទៀត បានបើករថយន្តមកឈប់មុខហាង រួចក៏ចូល ហើយចាប់ក្របួចក អាវទាញចូលរថយន្ត រហូតវាយ និងភ្ជង់តែម្តង (សូមមើលខ្លឹមសារលម្អិត នៅក្នុងពាក្យបណ្តឹងខាងក្រោម)។

សូមបញ្ជាក់ថា មន្រ្តីអាវុធហត្ថឈ្មោះ សាន្ត សុខុម ត្រូវបានគេទម្លាយវីដេអូ នៃការវាយ និងដកកាំភ្លើងភ្ជង់គូជម្លោះ ក្នុងហាងអ៊ិនធឺណេតមួយកន្លែង ទីរួមខេត្តកំពង់ចាម នាំឲ្យកក្រើកពេញបណ្តាញសង្គម Facebook។ វីដេអូ៤ឃ្លីបដែលមានរយៈពេលជាង២នាទី ត្រូវបានបង្ហោះនៅលើ Account Facebook មានឈ្មោះថា «Marak Meach» នៅល្ងាចថ្ងៃទី២៣ ខែមីនា បានបញ្ជាក់ថា មន្រ្តីអាវុធហត្ថរូបនេះបានវាយ និងដកកាំភ្លើងភ្ជង់ទៅលើមិត្តភក្តិរបស់ខ្លួន។ ជាមួយគ្នានេះម្ចាស់ Account Facebook ក៏បានអំពាវនាវដល់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ជួយចាត់ការរឿងនេះផងដែរ។

ឈ្មោះ Makara Meach បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបាទសូមគោរព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងឯកឧត្តម គួច ចំរើន អភិបាលខេត្ត កំពង់ចាម ។ នេះជាវិដេអូដែលកូនប្រុសមេប៉េអឹមខេត្ត ក្រចេះ ឈ្មោះ សាន្ត សុខុម (អ.ហ សក្ក័៤) បានដកកាំភ្លើងភ្ជង់គំរាម និងបានវ៉ៃមិត្តភក្តិរបស់ខ្ញុំនៅកន្លែងអ៊ីនធឺណែតមួយនៅក្នុងទីរួមខេត្ត កំពង់ចាម អាស្រ័យដូចដែរបានរៀបរាប់ខាងលើ សូមឯកឧត្តម ប្រើកន្តាប់ដៃដែកបំបែកអាវុធហត្ថម្នាក់នេះផង។ បញ្ជាក់អានេះអាងឪវាធ្វើធំ ដើរវ៉ៃគេច្រើនណាស់»។

សម្រាប់ឈ្មោះ មៀច មករា (Meach Makara) ត្រូវបានគេដឹងថា ជាកូនប្រុសលោក កៅ សុខអាន អភិបាលរងខេត្តកំពង់ចាម ដែលជាអ្នកបង្ហោះវីដេអូ នៃការប្រើអំពើហិង្សានេះ។

នៅក្នុងវីដេអូរយៈជាង២នាទី មន្រ្តីអាវុធហត្ថ សាន្ត សុខុម បានវាយទៅលើគូជម្លោះដោយដៃ និងយកជង្គង់អុកក្បាល រហូតដកកាំភ្លើងភ្ជង់គាំរាមទៀតផង ប៉ុន្តែសម្រាប់ដំណើរដើមទងនៃអំពើហិង្សានេះ មិនទាន់បានទទួលនៅឡើយទេ។ សម្រាប់ម្ចាស់ Facebook ដែលបង្ហោះរឿងនេះ អង្គភាពព័ត៌មាន Fresh News ក៏មិនទាន់អាចសុំការបកស្រាយបាននោះទេ ដោយគ្មានលេខទំនាក់ទំនង ខណៈទូរស័ព្ទតាមបណ្តាញសង្គមមួយនេះមិនចូល។ សម្រាប់ហាងអ៊ីនធឺណេតខាងលើនេះ ក៏អាចជាកន្លែងបង្កប់ល្បែងស៊ីសងខុសច្បាប់ផងដែរ ដូច្នេះសមត្ថកិច្ច និងអាជ្ញាធរគួរមានការស្រាវជ្រាវ និងចាត់វិធានការផង។

កាលពីយប់មិញ មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន បានបញ្ជាក់មកកាន់អង្គភាពព័ត៌មាន Fresh News ដោយទទួលស្គាល់អំពីរឿងហេតុខាងលើនេះ ដែលបង្កឡើងដោយកូនប្រុសរបស់ខ្លួន ប៉ុន្តែលោកថា ករណីនេះបានផ្តើមចេញពីកូនប្រុសម្នាក់ទៀតឈ្មោះ សាន្ត សុវិជ្ជា ដែលត្រូវជាប្អូនរបស់សាន សុខុម។ លោកឧត្តមសេនីយ៍ត្រី បានរៀបរាប់ថា កូនប្រុសរបស់លោកឈ្មោះ សាន្ត សុវិជ្ជា រួមជាមួយមិត្តិភក្តិ បានលេងល្បែងចាញ់អស់ រហូតដល់យកខ្សែក និងម៉ូតូទៅបញ្ចាំគ្មានសល់។ ក្រោយទទួលបានព័ត៌មានដ៏អកុសលបែបនេះ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានឲ្យកូនបងឈ្មោះ សាន្ត សុខុម ទៅតាមរកប្អូន និងសួរនាំកន្លែងបញ្ចាំខ្សែក និងម៉ូតូ ដើម្បីធ្វើការលោះយកត្រឡប់មកវិញ។ ប៉ុន្តែពេលទៅដល់ហាងអ៊ីនធឺណេត ក៏ជួបមិត្តភក្តិរបស់ឈ្មោះ សាន្ត សុវិជ្ជា ហើយក៏សួរនាំរកទីតាំងបញ្ចាំ។ ដោយសារមិត្តភក្តិរបស់ប្អូនប្រុសខ្លួន មិនប្រាប់ និងមិននាំទៅកន្លែងបញ្ចាំ ដើម្បីលោះយកទ្រព្យសម្បត្តិមកវិញនោះ ក៏កើតមានជម្លោះរហូតវាយ និងភ្ជង់តែម្តង។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ ក៏បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះកូនប្រុសពៅរបស់ខ្លួន ដែលងប់នឹងល្បែងស៊ីសង រហូតធ្លាប់បានយករថយន្តរបស់លោកទៅបញ្ចាំផងដែរ នាពេលកន្លងទៅ។ បើតាមលោកឧត្តមសេនីយ៍ត្រី កូនប្រុសឈ្មោះ សាន្ត សុខុម មានតួនាទីជាប្រធានការិយាល័យបំភ័ន្តអក្ខរៈ នៃទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តក្រចេះ ហើយមានប្រពន្ធនៅទីរួមខេត្តកំពង់ចាម។

តាមព័ត៌មាន បានឲ្យដឹងថា រហូតមកដល់ពេលនេះ ឈ្មោះ សាន្ត សុខុម បាននិងកំពុងរត់គេចខ្លួននៅឡើយ៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]