ហ្វីលីពីន៖ ក្មេងជំទង់វ័យ ១៦ឆ្នាំម្នាក់ បានខកខានការសិក្សាអស់រយៈពេល ១ឆ្នាំរួចទៅហើយ បន្ទាប់ពីរត់ចេញពីផ្ទះតាមអ្នកគ្រូស្រីស្អាតអាយុ ២៦ឆ្នាំម្នាក់ ដែលត្រូវបានចោទប្រកាន់ថាមានទំនាក់ទំនងស្នេហា និងតែងតែទិញកាដូថ្លៃៗឱ្យក្មេងប្រុសម្នាក់នេះ។

ក្មេងប្រុសនេះមានឈ្មោះថា Noel ជាសិស្សថ្នាក់ទី៩ រៀននៅសាលារៀនមួយកន្លែងក្នុងទីក្រុង Trece Martires ខេត្ត Cavite ដែលក្មេងនេះត្រូវបានគេដឹងថាស្គាល់អ្នកគ្រូស្រីម្នាក់ឈ្មោះ Angelika Uy តាមហ្វេសប៊ុក ហើយក៏រត់ចេញពីផ្ទះតាមនាង។ 

យោងតាមសារព័ត៌មាន News 5 បានឱ្យដឹងថា ឪពុកម្តាយ Noel បានអះអាងថានាង Angelika ធ្វើពុតជាមានអាយុត្រឹមតែ ១៥ឆ្នាំ នៅពេលនាងបានមកលេងផ្ទះរបស់ពួកគាត់។

នាង Angelika និង Noel

យ៉ាងណាមិញ ក្រោយមកពួកគាត់ក៏បានដឹងការពិតថា នាងមិនមែនមានអាយុ ១៥ឆ្នាំដូចជាអ្វីដែលនាងបាននិយាយនោះទេ ពោលគឺ នាងមានអាយុដល់ទៅ ២៦ឆ្នាំ ហើយធ្វើជាគូ្របង្រៀននៅសាលារៀនមួយកន្លែងក្នុងទីក្រុង Parañaque។

យោងតាមសម្តីម្តាយ Noel បាននិយាយថា មុនពេលកូនប្រុសគាត់រត់ចេញពីផ្ទះ នាង Angelika បានជូនកាដូថ្លៃៗជាច្រើនឱ្យកូនគាត់ មានដូចជា សំលៀកបំពាក់, ស្បែកជើង, ហើយសូម្បីតែកុំព្យូទ័រយួរដៃ (Laptop) ក៏ឱ្យដែរ។

បន្ថែមពីនេះទៀត គាត់ថែមទាំងរកឃើញថា នាង Angelika ទទួលបានប្រាក់ជំនួយពីឪពុកជនជាតិចិននាង ហើយថែមទាំងមានផ្ទះមួយកន្លែងនៅជិតខេត្ត Bulacan ទៀត។

Noel ធ្លាប់គំរាមឪពុកម្តាយគេថា នឹងចាកចេញពីផ្ទះជារៀងរហូត ប្រសិនបើពួកគាត់ប្រាប់រឿងនេះដល់ប៉ូលិស។

Noel

ម្តាយ Noel បានប្រាប់អ្នកសារព័ត៌មានថា៖

«យើងគ្រាន់តែចង់បានកូនប្រុសយើងត្រលប់មកវិញតែប៉ុណ្ណោះ។ យើងចង់ឱ្យគេត្រលប់មកវិញដើម្បីបន្តការសិក្សារបស់គេ។»

បន្ថែមពីនេះទៀត ម្តាយ Noel ក៏បានអះអាងបន្ថែមទៀតថា គាត់ក៏ធ្លាប់ទៅជួបម្តាយរបស់ Angelika ដើម្បីនិយាយរឿងនេះដែរ ប៉ុន្តែគាត់ត្រូវបានម្តាយ Angelika បណ្តេញគាត់ចេញ ហើយមិនរវល់នឹងបញ្ហានេះទេ។ 

ជាចុងក្រោយ គាត់បានសុំអង្វរនៅចំពោះមុខកាមេរ៉ាថា៖

«Angelika សូមឱ្យកូនប្រុសយើងត្រលប់មកវិញមក។ យើងពិតជានឹកគេខ្លាំងណាស់ ហើយយើងពិតជាមិនចង់ឱ្យគេបំផ្លាញការសិក្សាបន្ថែមទៀតនោះទេ។» 

ឪពុកម្តាយ Noel
លោក Tulfo កំពុងតែនិយាយពីរឿងរបស់នាង Angelika

ដោយឡែកលោក Tulfo ដែលជាពិធីករនៅក្នុងកម្មវិធីប៉ុស្តិ៍ News 5 បាននិយាយថា៖

«Angelika នាងប្រាកដជាមានរឿងហើយ។ នាងនឹងចូលពន្ធនាគារ ប្រសិនបើនាងនៅតែបន្តនៅជាមួយក្មេងប្រុសនោះទៀត។ នាងនឹងត្រូវប៉ូលិសចាប់ខ្លួនភ្លាមៗ។ បើខ្ញុំគឺជានាងវិញ រឿងដ៏ល្អបំផុតគឺជំរុញឱ្យក្មេងប្រុសនោះ ដែលជាមិត្តប្រុសនាង (និងជាអនិតិជន) ត្រលប់ទៅផ្ទះគេវិញ៕» 

ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]