អាមេរិក៖ យោងតាមសារព័ត៌មាន New York Time បានចុះផ្សាយថា ក្លិបបាល់ទាត់ Juventus នឹងមិនចូលរួមប្រកួតណាមួយឡើយសម្រាប់ដើមរដូវកាល (Pre-Season) នាពានរង្វាន់ ICC Cup នៅទឹកដីសហរដ្ឋអាមេរិក។ ក្លិបបាល់ទាត់យក្សរបស់អ៊ីតាលីមួយនេះ បានបញ្ជាក់ពីការចូលរួមពានរង្វាន់បើករដូវកាលថ្មី ប៉ុន្តែមិនមែននៅទឹកដីអាមេរិកឡើយ។

កីឡាករ Cristiano Ronaldo

ក្លិប Juventus បានសម្រេចចិត្តបែបនេះ ដើម្បីចៀសវាងពីហានិភ័យនៃការឃាត់ខ្លួន Ronaldo ទាក់ទងនឹងការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈលើកីឡាកររូបនេះ។ គួរបញ្ជាក់ថា កីឡាករ Cristiano Ronaldo កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ប៉ូលិស Las Vegas បន្ទាប់ពីមានការចោទប្រកាន់ពីសំណាក់តារាម៉ូឌែលនាង Kathryn Mayorga ថា Ronaldo បានរំលោភបំពានលើនាងកាលពីឆ្នាំ ២០០៩ និងបានឱ្យលុយនាងចំនួនជាង ៣៧៥,០០០ដុល្លារ ដើម្បីឱ្យនាងលាក់រឿងនេះឱ្យជិត។

កីឡាករ Cristiano Ronaldo
នាង Kathryn Mayorga

ក្រុមអ្នករៀបចំព្រឹត្តិការណ៍ ICC Cup បានសម្រេចចិត្តរៀបចំឱ្យក្លិប Juventus ចូលរួមព្រឹត្តិការណ៍នេះក្នុងតំបន់អាស៊ី ដោយត្រូវប្រកួតជាមួយក្លិប Tottenham Hotspur និងក្លិប Manchester United នៅប្រទេសចិន និងសិង្ហបុរីជំនួសវិញ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]