ខេត្តមណ្ឌលគិរី ៖ អគ្គិភ័យមួយបានលេបត្របាក់ស្ថានីយប្រេងឥន្ធនៈ និងលំនៅឋានចំនួន៤ខ្នងយ៉ាងសន្ធោរសន្ធៅ ខណៈព្រះអាទិត្យបានលិចបាត់នៅទិសខាងលិច ហើយអ្វីដែលបានធ្វើឱ្យមានការរន្ធត់ក្នុងចិត្តជាពន់ពេកនោះ គឺយុវតីដ៏ស្រស់សោភាក្មេងខ្ចី២នាក់បងប្អូនជីដូនមួយបានស្លាប់ក្នុងភ្លើងថ្ងៃទី១៨ មីនា វេលាម៉ោង៥និង៣០នាទីល្ងាច នៅចំណុចភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ។ ក្នុងហេតុការណ៍នេះដែរក៏មានស្ត្រី២នាក់ផ្សេងទៀត បានរងរបួសស្រាល ត្រូវបានបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។
លោកស្វាយ សំអ៊ាង អភិបាលខេត្ត ដែលមានវត្តមាននៅក្នុងហេតុការណ៍នោះមានប្រសាសន៍ថា ហេតុការណ៍នេះ គឺបណ្តាលមកពីរថយន្តស៊ីទែនដឹកសាំង បានបើកចូលទៅតទុយោបង្ហូរប្រេងសាំងដាក់ក្នុងស៊ីទែនក្រោយផ្ទះ សម្រាប់លក់រាយជាប៊ីដុងដែលមានម្ចាស់ផ្ទះឈ្មោះ ហ៊ាង សុធី ហៅ(អុល) ហើយពេលនោះ ក៏បានខ្ចាយប្រេងសាំងចេញពីទុយោជះសាចចូលដល់ក្នុងផ្ទះបាយ ដែលកំពុងធ្វើម្ហូបអាហារដោយប្រើចង្ក្រានហ្គាស បណ្តាលឱ្យភ្លើងឆាបឆេះតែម្តង និងរាលដាលដល់ផ្ទះចំនួន៣ខ្នងទៀត ។
លោកអភិបាលខេត្តឱ្យដឹងទៀតថា យុវតីរងគ្រោះ២នាក់ដែលស្លាប់ ម្នាក់ជាកូននិងម្នាក់ទៀតជាក្មួយ បានស្លាប់ក្នុងផ្ទះឆេះនេះដែលម្នាក់ គឺកូនស្រីឈ្មោះ ហ៊ាង សម្ផស្ស អាយុ១៧ឆ្នាំ និងម្នាក់ទៀតជាក្មួយស្រីឈ្មោះ ហ៊ាង ស្រីលីន អាយុ១៤ឆ្នាំ ។ ចំណែកស្ត្រី២នាក់ដែលរងរបួសម្នាក់ជាម្តាយយុវតីដែលស្លាប់ និងម្នាក់ទៀតជាអ្នកជិតខាង ។ បើតាមអ្នកឃើញហេតុការណ៍ ដែលបានព្យាយាមចូលទៅជួយជនរងគ្រោះទាំងពីរនាក់បានឲ្យដឹងថា ខណៈជនរងគ្រោះកំពុងស្ថិតនៅក្នុងបន្ទប់ ស្រាប់តែមានភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅ និងមិនអាចឱ្យពួកគេរកផ្លូវចេញក្រៅរួច ទាំងពីរនាក់បានព្យាយាមរត់ចូលទៅក្នុងបន្ទប់ទឹក ដោយជ្រមុជចូលទៅក្នុងអាងទឹក ព្រោះកម្តៅក៏បានកើនឡើងខ្លាំង ។ ប៉ុន្តែជាអកុសលទុយោទឹកបានបែកធ្លាយទឹកអស់ ធ្វើឲ្យពួកនាងត្រូវឈ្លក់នឹងផ្សែងភ្លើងស្លាប់ក្នុងអាងទឹកគួរឲ្យសង្វេគណាស់ ។
ប្រភពបានបញ្ជាក់ថា ទម្រាំតែរកសពនារីទាំងពីរនាក់នោះឃើញ សាច់ញាតិនឹងអ្នកជិតខាង រួមនឹងសមត្ថកិច្ចគិតថា ពួកគេប្រហែលជាត្រូវភ្លើងឆេះស្លាប់ក្លាយជាផេះទៅហើយ ព្រោះការរុករកក្នុងកម្ទេចកម្ទីសល់ពីភ្លើងឆេះមិនឃើញសោះ ។ លុះទៅអើតមើលក្នុងអាងទឹក ទើបប្រទះឃើញពួកនាងតែហួសពេលអស់ទៅហើយ ។ លោក ឡោ សុខា ស្នងការនគរបាលខេត្តបានឲ្យដឹងថា សមត្ថកិច្ចបានប្រើប្រាស់ទឹកបាញ់ពន្លត់អគ្គិភ័យនេះចំនួន៥គ្រឿង ស្មើនឹង២៥ស៊ីទែន ហើយចំពោះកន្លែងដែលឆេះនេះមានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីក្រុងសែនមនោរម្យ ។ ក្នុងករណីអគ្គិភ័យឆាបឆេះផ្ទះលក់ប្រេងរាលដាលដល់លំនៅឋាន៣ខ្នងនេះ ក៏មានការយកចិត្តទុកដាក់ និងចូលរួមពីសំណាក់លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីជួយដល់គ្រួសារសពចំនួន៥០០ដុល្លារ ។
កាលពីព្រឹកថ្ងៃទី១៩ មីនា លោកសុក សេរ៉ា លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខដល់គ្រួសារសព និងគ្រួសារងគ្រោះដោយសារភ្លើងឆេះផ្ទះចំនួន៤គ្រួសារ ។ ក្នុងនោះ ក៏មានអំណោយដែលបានឧបត្ថម្ភរួមមាន៖ ទី១-សម្រាប់ក្រុមគ្រួសារសពមានគ្រឿងឧបភោគបរិភោគ និងថវិកាសាខាកាកបាទក្រហមខេត្ត២លានរៀល ថវិកាអនុសាខាកាកបាទក្រហមស្រុកពេជ្រាដា១១ម៉ឺនរៀល ថវិកាលោក មាន សុខណាង ចំនួន១លានរៀល ។ ទី២-ក្រុមគ្រួសាររងគ្រោះ៣គ្រួសារផ្សេងទៀត ក្នុង១គ្រួសារទទួលបាន(ឃីតដូចគ្នា) និងថវិកាសាខាកាកបាទក្រហម២៥ម៉ឺនរៀល និងថវិកាអនុសាខាស្រុក១១ម៉ឺនរៀលសម្រាប់មួយគ្រួសារ ។
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]