(ភ្នំពេញ)៖ ក្នុងរយៈពេល២ ពោលគឺអំឡុងខែមករា និងកុម្ភៈ ឆ្នាំ២០១៩នេះ នគបាលចរាចរណ៍ផ្លូវគោក បានផាកពិន័យពីអ្នកគោរពច្បាប់ចរាចរណ៍ បានប្រាក់ចំនួនជិត៧០០លានរៀល។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

របាយការណ៍ត្រូវបានបង្ហាញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែកុម្ភៈ និងខែមីនា នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាព លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្រោមកិច្ចសហប្រតិបត្តការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុងខែមករា-កុម្ភៈ ឆ្នាំ២០១៩ កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកទូទាំងប្រទេស បានត្រួតពិនិត្យ យានយន្តសរុបចំនួន២៦៤.៨៥៤គ្រឿង ក្នុងនោះម៉ូតូចំនួន៥៩ភាគរយ ដោយរកឃើញយានយន្តល្មើសចំនួន៤៤.៩៣៩គ្រឿង ស្មើ១៧ភាគរយ បានធ្វើការអប់រំចំនួន១៥.៤៧១គ្រឿងស្មើ៣៤ភាគរយ ធ្វើការពិន័យចំនួន២៩.៤៦៨គ្រឿងស្មើ៦៦ភាគរយ។ អនុវត្តការបង់ប្រាក់ពិន័យ តាមស្នាក់ការនគបាលចរាចរណ៍ផ្លូវគោក ដែលបានកំណត់ទទួលបានប្រាក់ពិន័យចំនួន ៦៩៨.០៨៥.០០០រៀល។

ក្នុងរយៈពេលខែមករា និងកុម្ភៈ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន៦៩៣លើក បណ្តាលឲ្យស្លាប់ចំនួន៣១០នាក់ និងរបួសចំនួន១.០៧៧នាក់ ភាគច្រើននៅរាជធានីភ្នំពេញ ចំនួន៥២នាក់ ខេត្តកណ្តាល ២៧នាក់ និងខេត្តកំពង់ស្ពឺមានអ្នកស្លាប់២១នាក់។ ចំនួនជនរងគ្រោះជាមធ្យមក្នុងមួយថ្ងៃស្លាប់ចំនួន៥.៣នាក់ និងរបួសចំនួន១៨នាក់។ មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ គឺការបើកបរលើសល្បឿន កំណត់៤០ភាគរយ មិនគោរពសិទ្ធិ២២ភាគរយ មិនប្រកាន់ស្តាំ១៥ភាគរយ វ៉ាជែង៩ភាគរយ បត់៦ភាគរយ ស្រវឹង៣ភាគរយ កត្តការយានយន្ត៣ភាគរយ និង ងងុយ២ភាគរយ។

របាយការណ៍បន្តែមថាក្នុងចំណោមអ្នកស្លាប់ចំនួន៣១០នាក់ភាគច្រើនជាអ្នកជិះម៉ូតូ មានចំនួន២៤១នាក់ ស្មើ៧៨ភាគរយ (ប្រភេទ១២៥សេសេចុះក្រោម ) ក្នុងនោះមិនពាក់មួកសុវត្ថិភាពមានចំនួន១៨៨នាក់ ស្មើ ៧៨ភាគរយ។ ករណីគ្រោះថ្នាក់ត្រូវបានដោះស្រាយចប់មានចំនួន១០៨ករណី បញ្ជូនទៅតុលាការ ១៩២ករណី មានជនស្មើសចំនួន៥៦នាក់ និងកំពុងអង្កេតចំនួន១២៨ករណី៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]