រាជធានីភ្នំពេញ ៖ ក្មេងស្រីម្នាក់ចេះតែត្អូញត្អែរនៅមុខបងៗថា «នាងពិបាកចិត្តខ្លាំងណាស់ ចង់តែស្លាប់ មិនចង់រស់នៅលើលោកនេះតទៅទៀតឡើយ» ដោយអាការៈប្លែកបែបនេះធ្វើឲ្យបងៗនាងងឿងឆ្ងល់ក៏លួងលោមសួរនាំ ទើបនាងប្រាប់ថា នាងត្រូវបុរសជានាយករងសាលាភាសាអង់គ្លេសចាប់រំលោភនាងរហូតសម្រេចបន្តបន្ទាប់២ដងរួចមកហើយ។ បន្ទាប់ពីដឹងចម្លើយដ៏ឈឺចាប់នោះទើបបងៗស្រីនាងយករឿងនេះប្រាប់ឪពុកម្ដាយ ព្រមទាំងទៅប្ដឹងនគរបាលប៉ុស្តិ៍ក្រាំងពង្រ ឲ្យចាប់ខ្លួនបុរសនោះចាត់ការតាមច្បាប់តែម្ដង។
តាមនគរបាលឲ្យដឹងថា ការចាប់ខ្លួននោះធ្វើឡើងកាលពីម៉ោង៩ព្រឹក ថ្ងៃទី១៨ មីនា ២០១៩ នៅចំណុចក្នុងសាលាភាសាអង់គ្លេសយីហោ «សាលាភាសាសាស្ត្រ» ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។
បុរសដែលជាជនសង្ស័យនោះឈ្មោះ ចិន មករា អាយុ២៦ឆ្នាំ មុខរបរជានាយករង និងជាគ្រូបង្រៀននៅសាលាភាសាសាស្ត្រ ស្នាក់នៅផ្ទះជួលក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ចំណែកក្មេងស្រីរងគ្រោះទើបអាយុ១៥ឆ្នាំប៉ុណ្ណោះ មានទីលំនៅក្នុងសង្កាត់ក្រាំងពង្រនោះដែរ។
ប្រភពដដែលបន្តថា រឿងរ៉ាវនោះកើតឡើងតាំងពីជិត៣ខែមុនមកម្ល៉េះ ដោយលើកទី១កើតឡើងកាលពីថ្ងៃទី២០ ធ្នូ ២០១៨ នៅខណៈនោះជនសង្ស័យល្បួងក្មេងស្រីដើរលេងជាមួយ ហើយនាងក៏យល់ព្រមទៅតាម បន្ទាប់មកជនសង្ស័យជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CE-1879 ឌុបនាងដើរលេង រួចដឹកនាងចូលផ្ទះសំណាក់ «ភ្នំមាស» តាមផ្លូវជាតិលេខ៣ ក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ។ បន្ទាប់មកជនសង្ស័យនិយាយលួងលោមក្មេងស្រីរងគ្រោះថា «បងស្រលាញ់អូនឯង ចង់បានខ្លួនប្រាណអូនឯង» រួចក៏ចាប់រំលោភរហូតសម្រេចម្ដង លុះពេលរួចជននេះគំរាមមិនឲ្យក្មេងស្រីរងគ្រោះយករឿងនោះទៅនិយាយប្រាប់ក្រុមគ្រួសារ និងអ្នកដទៃឡើយ ។
ប្រភពខាងលើបន្តថា បន្ទាប់ពីទទួលរងការគំរាមបែបនេះក្មេងស្រីរងគ្រោះមិនហ៊ាននិយាយរឿងឈឺចាប់នេះប្រាប់នរណាម្នាក់ឡើយ និងបានលាក់ទុកក្នុងចិត្តរហូត។ លុះរំលង៤ថ្ងៃក្រោយមក គឺនៅថ្ងៃទី២៤ ធ្នូ ២០១៨ លោកនាយករងសាលារូបនេះក៏ទូរស័ព្ទហៅក្មេងស្រីរងគ្រោះឲ្យទៅជួយរៀបចំអីវ៉ាន់នៅក្នុងសាលាខាងលើ។ ពេលនាងទៅដល់ជនសង្ស័យក៏នាំចូលក្នុងបន្ទប់ការិយាល័យ រួចចាប់រំលោភរហូតសម្រេចម្ដងទៀត ហើយគំរាមកុំឲ្យក្មេងស្រីរងគ្រោះប្រាប់គេដូចលើកទី១ដែរ។
ក្រោយមកក្មេងស្រីរងគ្រោះមិនហ៊ានយករឿងនោះទៅប្រាប់ក្រុមគ្រួសារ ឬមិត្តភក្ដិបានដឹងឡើយ ប៉ុន្តែនាងបានសម្ដែងនូវការស្រពាប់ស្រពោន និងស្ងៀមស្ងាត់តែម្នាក់ឯងតែក្នុងបន្ទប់ មិនតែប៉ុណ្ណោះតែងពោលពាក្យថា នាងចង់ស្លាប់ មិនចង់រស់នៅលើលោកតទៅទៀតទេ។
នគរបាលបញ្ជាក់បន្ថែមទៀតថា លុះដល់ថ្ងៃទី១៦ មីនា ២០១៩ ម៉ោង៤និង៣០នាទីល្ងាចដោយមានការសង្ស័យចំពោះសភាពស្ងៀមស្ងាត់ និងសម្ដីដែលនាងនិយាយប្រាប់បងៗថា ចង់តែស្លាប់នោះ ទើបបងៗនាំគ្នាលួងលោមសួរនាំ រហូតធ្លាយរឿងនាយករងសាលាចាប់រំលោភដល់ទៅ២ដង។ ទើបបងៗប្រាប់ឲ្យឪពុកម្តាយដឹងរឿង បន្ទាប់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលក្រាំងពង្រ ដើម្បីឲ្យនគរបាលជួយអន្តរាគមន៍ ហើយកម្លាំងនគរបាលធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យនាំទៅសាកសួរ និងចាត់ការតាមច្បាប់តែម្ដង៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]