បើនិយាយអំពីមហាសេដ្ឋីប្រាក់វាល់លាន ប្រាកដជាមានមនុស្សមួយចំនួនគិតថាពួកគេសុទ្ធសឹងជាមនុស្សវ័យចាស់ៗដែលបានចំណាយពេលវេលាក្នុងជីវិតអស់ជាច្រើនដើម្បីកសាងមុខរបរ ឬការងារអ្វីមួយជាមិនខាន។ យ៉ាងណាមិញ បើយោងតាមការចុះផ្សាយពីទស្សនាវដ្តី Forbes  បានបង្ហាញថា  ក៏មានមហាសេដ្ឋីវ័យក្មេងជាប់ឈ្មោះក្នុងបញ្ជីរាយនាមជាមហាសេដ្ឋីប្រចាំឆ្នាំ ២០១៩ និង ២០២០ ផងដែរ ដែលអ្នកទាំងនោះ មានមួយចំនួនបានទទួលកេរ្តិ៍មរតកពីគ្រួសារ និងអ្នកខ្លះទៀតដោយសារអាជីវកម្មកសាងតាំងពីបាតដៃទទេរដោយខ្លួនឯង។

ដូច្នេះថ្ងៃនេះយើងនឹងលើកយក មហាសេដ្ឋី១០រូប  មានទ្រព្យសម្បត្តិទាំងនៅក្មេងវ័យ គិតត្រឹមអាយុក្រោម ៣០ឆ្នាំ មកជម្រាបជូនមិត្តអ្នកអានដូចតទៅ៖

១០. Lukas Walton អាយុ ៣០ឆ្នាំ

Lukas Walton កើតនៅក្នុងឆ្នាំ ១៩៨៦ និងត្រូវជាចៅប្រុសរបស់លោក Sam Walton ស្ថាបនិកក្រុមហ៊ុន Wal-Mart ដ៏ល្បីឈ្មោះ។ ដោយសារលោកជាកូនទោលតែម្នាក់ក្នុងគ្រួសារ ក្រោយពីឪពុករបស់លោក John T.Walton បានស្លាប់បាត់បង់ជីវិតដោយឧបទ្ទវហេតុធ្លាក់យន្តហោះបាត់ទៅ Lukas ក៏បានស្នងមរតកវាល់លានបន្តពីឪពុក ដោយបានក្លាយទៅជាម្ចាស់ធនាគារ Arvest Bank First Solar និងក្រុមហ៊ុន Wal-Mart ផងដែរ។ លោកក៏ត្រូវបានស្គាល់ថាអ្នកដែលចូលចិត្តធ្វើការវិនិយោគបំផុត ថែមទាំងជាអ្នកស្នេហាជាតិទៀតផង។

Lukas Walton

៩. Wang Han អាយុ ២៩ឆ្នាំ

លោក Wang Han គឺជាមហាសេដ្ឋីវ័យក្មេង ដែលមានភាគហ៊ុននៅក្នុងក្រុមហ៊ុនអាកាសចរណ៍ Juneyao Air ដ៏ល្បីក្នុងប្រទេសចិន ដែលទទួលបានកេរ្តិ៍មរតកពីឪពុករបស់លោក Wang Junyao ។ ក្នុងនាមជាអ្នកជំនួញដ៏អស្ចារ្យ និងជោគជ័យម្នាក់ក្នុងតំបន់អាស៊ី និងថែមទាំងជាស្ថាបនិកក្រុមហ៊ុន Juneyao Group ផងនោះ លោក Wang Han បានពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀតដោយការវិនិយោគទៅលើ វិស័យម្ហូបអាហារ វិស័យអប់រំ វប្បធម៌ និងទីផ្សារលក់រាយ ថែមទាំងមានភាគហ៊ុននៅក្នុងក្រុមហ៊ុនទំនិញដ៏ធំ Wuxi Commercial Mansion Grand Orient ផងដែរ។

Wang Han

៨. Patrick Collision អាយុ ២៨ឆ្នាំ

Patrick Collision គឺជាសហក្រិនជនជាតិអៀឡង់ និងជាសហស្ថាបនិកនៃក្រុមហ៊ុនបច្ចេកវិទ្យា Stripe ជាមួយប្អូនប្រុសបង្កើតគឺលោក John Collison។ Patrick បានកសាងក្រុមហ៊ុននេះឡើងនៅក្នុងឆ្នាំ ២០១០ ហើយថែមទាំងធ្លាប់បានឈ្នះពានរង្វាន់ ក្នុងកម្មវិធីតាំងពិព័រណ៍អ្នកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាវ័យក្មេង ក្នុងពេលលោកមានអាយុ១៦ឆ្នាំផងដែរ។

សព្វថ្ងៃលោករស់នៅក្នុងរដ្ឋ San Francisco និងមានទ្រព្យសម្បត្តិប្រមាណ ១.១ពាន់លានដុល្លារ។ គួរឱ្យដឹងថា Patrick កើតនៅក្នុងឆ្នាំ ១៩៨៨ ជាកូនច្បងក្នុងចំណោមបងប្អូន៣នាក់ និងមានប្រវត្តិជាក្មេងឆ្លាតវៃសិក្សាផ្នែកកំព្យូរទ័រតាំងពីអាយុ ៨ឆ្នាំនៅសាកលវិទ្យាល័យ Limerick និងបានចាប់ផ្តើមរៀនសរសេរកម្មវិធីកំព្យូរទ័រនៅអាយុ ១០ឆ្នាំ។

Patrick Collision

៧. Bobby Murphy អាយុ ២៧ឆ្នាំ

Bobby Murphy ត្រូវបានគេស្គាល់ថាជាស្ថាបនិកនៃកម្មវិធី Snapchat និងក្រុមហ៊ុន Snap Inc ដែលមានអ្នកប្រើប្រាស់ជាង ១៥០លាននាក់។ Bobby បានកសាង Snapchat ដំបូងជាមួយមិត្តភក្តិរបស់លោកគឺ Evan Spiegal នៅក្នុងពេលដែលលោកកំពុងសិក្សានៅសាកលវិទ្យាល័យ Stanford។

ទ្រព្យសម្បត្តិប្រមាណ ៤.៨ពាន់លានដុល្លារ ធ្វើឱ្យ Bobby បានក្លាយទៅជាមហាសេដ្ឋីជាប់ចំណាត់ថ្នាក់ក្មេងជាងគេបង្អស់លើលោក ហើយថែមទាំងមានកេរ្តិ៍ឈ្មោះល្បីល្បាញទៀតផង។

Bobby Murphy

៦. Ludwig Theodor Braun អាយុ ២៦ឆ្នាំ

លោក Ludwig Theodor Braun ត្រូវជាកូនប្រុសរបស់លោក Ludwig Georg Braun ដែលជាប្រធានក្រុមហ៊ុន Melsungen AG ដែលមានប្រាក់ចំណូលប្រចាំឆ្នាំជាង ២៤លានដុល្លារ។ ក្រោយពីក្រុមហ៊ុនកាន់តែរីកចម្រើនបានក្លាយទៅជាក្រុមហ៊ុនផលិតបរិក្ខាពេទ្យ និងឧបករណ៍វេជ្ជសាស្រ្តដ៏ធំជាងគេដែលមានបុគ្គលិកបម្រើការជាង ៥៤០០០នាក់ ថែមទាំងមានប្រាក់ចំណូលប្រចាំឆ្នាំជាង ៦.៥ពាន់លានដុល្លាររួចមក Ludwig Theodor Braun ក៏បានក្លាយទៅជាម្ចាស់ភាគហ៊ុន ១០% នៃមុខរបរអាជីវកម្មរបស់គ្រួសារ ហើយក៏បានក្លាយទៅជាមហាសេដ្ឋីវាល់លានទាំងនៅក្មេងផងដែរ។

Ludwig Theodor Braun

៥. John Collison អាយុ ២៦ឆ្នាំ

ដូចដែលបានរៀបរាប់ខាងលើ John Collison គឺជាសហស្ថាបនិកនៃក្រុមហ៊ុនបច្ចេកវិទ្យា Stripe ជាមួយនឹងបងប្រុសរបស់លោកគឺ Patric ហើយអ្នកទាំងពីរបានគ្រប់គ្រងទ្រព្យសម្បត្តិជាង ២.២ពាន់លានដុល្លាររួមគ្នា ដែលជាហេតុធ្វើឱ្យលោកបានជាប់ឈ្មោះជាមហាសេដ្ឋីវ័យក្មេងផងដែរ។

គួរឱ្យដឹងផងដែរថា John បានកើតនៅក្នុងប្រទេសអៀរឡង់ ហើយបន្ទាប់ពីក្រុមហ៊ុនរបស់លោកបានចាប់ដៃគូជាមួយក្រុមហ៊ុន Google ដ៏ល្បី លោកក៏បានប្តូរទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Silicon Valley។ ដោយលោកបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Harvard ដ៏ល្បី ថែមទាំងជាតន្ត្រីករខាងព្យាណូ និងជាអ្នកបើកបរយន្តហោះទៀតផង។

John Collison

៤. Evan Spiegel អាយុ ២៦ឆ្នាំ

Evan Thomas Spiegel កើតនៅក្នុងឆ្នាំ ១៩៩០ គឺជា CEO របស់ក្រុមហ៊ុន Snap Inc។ លោកធំឡើងនៅក្នុងរដ្ឋ California និងបានសិក្សានៅសាកលវិទ្យាល័យ Stanford ដែលជាទីកន្លែងដែលលោកបានជួបនឹងមិត្តសម្លាញ់ Bobby Murphy ដោយបានរួមដៃគ្នាបង្កើតកម្មវិធី Snapchat នេះឡើង។ ក្រោយពីទទួលបានជោគជ័យ និងទទួលបានផលចំណេញពាន់លានដុល្លារ Evan ក៏បានជាប់ឈ្មោះជាមហាសេដ្ឋីវាល់លានទាំងនៅក្មេងខ្ចី។

Evan Spiegel

៣. Gustav Magnar Witzoe អាយុ ២៥ឆ្នាំ

Gustav Magnar Witzoe កើតនៅក្នុងឆ្នាំ ១៩៩១ ហើយលោកបានទទួលកាដូជាភាគហ៊ុន ៤៧% នៃក្រុមហ៊ុន Salmar ASA ដែលជាក្រុមហ៊ុនផលិតត្រីសាម៉ុនធំជាងគេបង្អស់ពីឪពុករបស់លោក។ ទោះបីជាក្រុមហ៊ុននៅតែដំណើរការ ហើយឪពុករបស់លោកនៅតែគ្រងគ្រងក្រុមហ៊ុននេះឱ្យមានដំណើរការល្អយ៉ាងណាក៏ដោយ តែលោកបានព្យាយាមកសាងក្រុមហ៊ុនផ្សេងដោយខ្លួនឯងជាបន្តបន្ទាប់ រហូតជាប់ឈ្មោះជាមហាសេដ្ឋីវាល់លានទាំងនៅក្មេងខ្ចីផងដែរ។

Gustav Magnar Witzoe

២. Katharina Andresen អាយុ ២១ឆ្នាំ

Katharina Andresen បានក្លាយទៅជាមហាសេដ្ឋីវាល់លានទាំងនៅវ័យក្មេង ក្នុងឆ្នាំ ២០១៦ ដោយឪពុករបស់នាង បានផ្ទេរភាគហ៊ុន ៤២% ពីក្រុមហ៊ុន Ferd AS ទៅឱ្យនាង និងបងប្អូនស្រីរបស់នាង Alexandra។

Katharina Andresen

១. Alexandra Andresen

Alexandra Gamleshauh Andresen កើតនៅក្នុងឆ្នាំ ១៩៩៦ ដោយនាងបានក្លាយទៅជាមហាសេដ្ឋីវាល់លានទាំងនៅវ័យក្មេងជាមួយនឹងទ្រព្យសម្បត្តិសរុបជាង ១.២ពាន់លានដុល្លារ។

នាងគឺជាកូនស្រីអ្នកជំនួញដ៏ល្បីម្នាក់គឺលោក Johan H. Andresen jr ដែលជាម្ចាស់ក្រុមហ៊ុន Ferd AS ហើយគាត់បានផ្ទេរភាគហ៊ុនចំនួន ៤២ភាគរយ ទៅឱ្យនាង និងបងស្រីនាងម្នាក់ទៀតឈ្មោះ Katharina Andresen ។

បន្ថែមពីនេះ Alexandra Andresen នាងក៏បានឈ្នះពានរង្វាន់ជាច្រើនក្នុងផ្នែកជិះសេះនិងជាតារាម៉ូឌែលផ្សព្វផ្សាយឱ្យក្រុមហ៊ុន KingsLand ផងដែរ។ បើទោះបីជានាងគឺជាមហាសេដ្ឋី តែនាងគឺជាមនុស្សដែលសន្សំសំចៃ និងត្បិតត្បៀតលុយកាក់ជាទីបំផុត ដោយសព្វថ្ងៃនាងជិះឡានចាស់មួយទឹកតែប៉ុណ្ណោះ៕

Alexandra Andresen

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]