ឥណ្ឌូនេស៊ី៖  កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩កន្លងទៅ យោងតាមទីភ្នាក់ងារអភិរក្សធនធានធម្មជាតិ (BKSDA) នៃខេត្ដ Aceh បានរាយការណ៍ថា ពួកគេបានជួយសង្រ្គោះសត្វស្វាក្រហមពូជ Sumatran Orangutans ចំនួនពីរក្បាលចេញពីឧទ្យានមួយកន្លែងមានទីតាំងស្ថិតនៅភូមិ Bunga Tanjung។ មេស្វា និងកូនរបស់វា ដែលត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ីជួយសង្រ្គោះ គឺបន្ទាប់ពីត្រូវបានមនុស្សដ៏កាចសាហាវធ្វើបាបយ៉ាងព្រៃផ្សៃ។

ទីភ្នាក់ងារអភិរក្សធនធានធម្មជាតិជួយស្វាក្រហមពូជ Orangutan

ប្រភពបានឱ្យដឹងថា មេស្វាក្រហមនៅរស់រានមានជីវិត តែអកុសលកូនរបស់វាអាយុ ១ខែ បានងាប់បាត់ទៅហើយ។

លោក Sutopo Purwo Nugroho ប្រធានទិន្នន័យនិងព័ត៌មាននៅទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយ (BNPB) បានចែករំលែករូបភាពដ៏គួរឱ្យរន្ធត់ ដែលសត្វស្វាដ៏កម្រត្រូវបានរងរបួសយ៉ាងធ្ងន់ធ្ងរជាទីបំផុតពីការរំលោភបំពានយ៉ាងព្រៃផ្សៃពីសំណាក់មនុស្ស។

បើតាមការប៉ាន់ស្មាន មេស្វាក្រហមមានអាយុជាង ៣០ឆ្នាំ បានរងរបួសជាច្រើនកន្លែង ដោយសារគ្រាប់កាំភ្លើងខ្យល់ចំនួន ៧៤ គ្រាប់ ដែលត្រូវបានរកឃើញជាប់នៅក្នុងរាងកាយរបស់វា។ គួរឱ្យស្តាយណាស់ កូនរបស់វាបានងាប់បាត់ទៅហើយ ដោយសារកង្វះអាហាររូបត្ថម្ភ និងរងរបួសធ្ងន់ធ្ងរពេក។

មេស្វាក្រហមពូជ Orangutan កំពុងនៅក្នុងមន្ទីរពេទ្យ

បច្ចុប្បន្នមេស្វាក្រហមពូជ Sumatran Orangutans កំពុងត្រូវគេដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ហើយវានឹងត្រូវគេដោះលែងឱ្យមានសេរីភាពចូលទៅក្នុងព្រៃវិញបន្ទាប់ពីជាសះស្បើយ។

ថ្វីបើមានការខិតខំប្រឹងប្រែងពីសកម្មជនការពារសត្វព្រៃក្នុងស្រុកនិងបរទេសជាច្រើនក្តី ក៏ពូជស្វាទាំងនេះនៅតែស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់ ដូចជាការបាត់បង់ទីជម្រកដោយសារត្រូវមនុស្សបណ្តេញ និងតាមការប្រម៉ាញ់ជាដើម។

យោងតាមសមត្ថកិច្ចឥណ្ឌូនេស៊ីបានឱ្យដឹងថា កូនស្វាក្រហមពូជ Sumatran Orangutans ជាច្រើនតែងតែត្រូវបានមនុស្សចាប់ចេញពីព្រៃ យកមកធ្វើជាសត្វចិញ្ចឹមនៅក្នុងផ្ទះ ហើយចំណែកមេស្វាវិញត្រូវបានចាប់យកទៅលក់ ឬធ្វើជាចំណីអាហារជាដើម៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]