រាជធានីភ្នំពេញ៖ ទីតាំងផ្ញើម៉ូតូរបស់អ្នកស្នាក់នៅផ្ទះជួលមួយកន្លែងត្រូវបានក្រុមជនសង្ស័យកាត់សោទ្វារចូលទៅលួចយកម៉ូតូម៉ាកហុងដាឌ្រីមអស់ចំនួន៥គ្រឿង ខណៈម្ចាស់ដេកលង់លក់ក្នុងដំណេករហូតភ្ញាក់ឡើងទើបដឹង និងមានការផ្អើលឆោឡោកាលពីវេលាម៉ោង៥និង២០នាទីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ម្ចាស់ទីតាំងផ្ទះជួល និងទទួលផ្ញើម៉ូតូខាងលើនោះឈ្មោះ កៅ ស្រីម៉ៅ ភេទស្រី អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ក្បាលស្ពាន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ដោយឡែកម៉ូតូទាំង៥គ្រឿងខាងលើដែលត្រូវក្រុមជនសង្ស័យលួចយកទៅបាត់នោះរួមមាន ១-ម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១GJ-៨៤១៣ ម្ចាស់កម្មសិទ្ធិឈ្មោះ សុះ សាលី ២-ម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ ១J-១៤៩៤ ម្ចាស់កម្មសិទ្ធិឈ្មោះ អុឹម ឡំ ៣-ម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ ១J-៥១៥១ ម្ចាស់កម្មសិទ្ធិឈ្មោះ ហ៊ួយ ណាក់ណា ៤-ម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១FG-៩៣៥២ ម្ចាស់កម្មសិទ្ធិឈ្មោះ យ៉ាន ធូ និង៥-ម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង ១D-៤៩៣៧ ម្ចាស់កម្មសិទ្ធិឈ្មោះ ឆាយ ជ័យ។
តាមប្រភពពីស្ត្រីម្ចាស់ទីតាំងខាងលើនោះបានឲ្យដឹងថា ទីតាំងទទួលបញ្ញើម៉ូតូជាច្រើនគ្រឿងរបស់អ្នកស្នាក់នៅផ្ទះជួលខាងលើ កាលពីវេលាយប់ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៩ ក្រោយពេលទុកដាក់ម៉ូតូទាំងនោះស្រួលបួលហើយ គាត់និងក្រុមគ្រួសារបានចូលដេកជាប់នឹងកន្លែងទុកដាក់ម៉ូតូទាំងនេះដូចសព្វដងដែរ។
ប្រភពដដែលបានបន្តថា បន្ទាប់មកពួកគាត់បានដេកលង់លក់ដោយមិនដឹងខ្លួន ហើយក៏មិនដឹងថាក្រុមជនសង្ស័យចូលទៅលួចម៉ូតូតាំងពីពេលណាឡើយ រហូតដល់វេលាម៉ោង៥និង២០នាទីព្រឹកថ្ងៃទី១៨ មីនា ទើបពួកគាត់ក្រោកពីដំណេក ក៏ស្រាប់តែឃើញទ្វាររបងខាងក្រៅរបើក ហើយទ្វារឃ្លាំងក៏ត្រូវគេកាត់សោ និងកាត់ច្រវាក់ទៀត លុះពេលមើលទៅម៉ូតូបាត់អស់ចំនួន៥គ្រឿងទៅហើយ ទើបមានការភ្ញាក់ផ្អើលឆោឡោឡើងទាំងព្រឹកព្រលឹមតែម្ដង។
ប្រភពដដែលបានបន្តថា មុនដំបូងបាត់ម៉ូតូអស់ចំនួន៦គ្រឿង ប៉ុន្តែក្រោយមករកឃើញ១គ្រឿងវិញម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង ១E-៧២៧៩ ដោយក្រុមជនសង្ស័យអូសយកទៅទុកចោលនៅក្បែរទីតាំងនោះដែរ ចំណែកម៉ូតូ១គ្រឿងទៀតត្រូវក្រុមចោរអូសចេញផុតពីទីតាំងផ្ញើរហើយ ប៉ុន្តែទុកចោលវិញទំនងខ្លាចគាត់ចេញទៅទាន់។
តាមប្រភពពីអ្នកភូមិបាននិយាយថា ក្រុមជនសង្ស័យអាចមានគ្នាច្រើននាក់ ប៉ុន្តែមិនទាន់ដឹងថាតើក្រុមជនសង្ស័យទាំងនោះយករថយន្តទៅដឹកម៉ូតូ ឬអូសយកទៅលាក់ទុកនៅទីតាំងណាមួយឡើយ តែនៅជិតកន្លែងកើតហេតុមានបន្សល់ទុកម៉ូតូធំម៉ាកយ៉ាម៉ាហា១គ្រឿងផងដែរ ដែលសង្ស័យថាជាម៉ូតូរបស់ក្រុមជនសង្ស័យ។
មិនតែប៉ុណ្ណោះ ក្រុមជនសង្ស័យទាំងនោះល្បិចខ្ពស់ណាស់ ពេលធ្វើសកម្មភាព ក្រុមជនសង្ស័យបានយកខ្សែទៅចង និងយកមេសោរទៅថ្ពក់ទ្វារបន្ទប់ជួលនៅជិតនោះពីខាងក្រៅជាច្រើនបន្ទប់ ដើម្បីកុំឲ្យអ្នកស្នាក់នៅក្នុងបន្ទប់ជួលនោះចេញមកទាន់ទៀតផង។
នគរបាលបានឲ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ថា ម៉ូតូទាំង៥គ្រឿងត្រូវក្រុមជនសង្ស័យលួចយកទៅបាត់នោះ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ រួមជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ និងនគរបាលការិយាល័យបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះទៅពិនិត្យជាក់ស្តែង ព្រមទាំងធ្វើការស្រាវជ្រាវ ដើម្បីវែកមុខក្រុមជនសង្ស័យដែលលួចយ៉ាងសកម្មមួយក្រុមនេះ និងឈានតាមរកចាប់ខ្លួនដើម្បីយកមកចាត់ការតាមច្បាប់៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]