(ភ្នំពេញ)៖ ទោះបីជាខាងផលិតកម្មសាន់ដេ បានចេញមុខសុំទោសជាសាធារណៈ និងធ្វើការលុបបទចម្រៀង ដែលមានចំណងជើងថា «អូនជាអ្នកមាន សមនឹងអ្នកមានដូចគ្នា» ច្រៀងដោយនាយ ចឺម ចេញពីបណ្តាញយូធូប និងផេកផ្ទាល់ខ្លួនក្តី ប៉ុន្តែភាពចម្រូងចម្រាស់ និងការកើតទុក្ខមិនសុខចិត្ត ពីសំណាក់គ្រួសារកវីម្ចាស់ស្ទឹងសង្កែ គង់ ប៊ុនឈឿន នៅតែកើតមានដដែល។

ក្រោយផ្ទុះដំណឹង រឿងតារាចម្រៀងវ័យក្មេង នាយ ចឺម យកស្នាដៃស្វាមី ទៅកែកាឡៃច្រៀង បែបអាឡេអាឡូ ស្រាប់តែថ្មីៗនេះ ភរិយាកវីម្ចាស់ស្ទឹងសង្កែ គង់ ប៊ុនឈឿន សុខចិត្តហោះពី ប្រទេសន័រវែស មកចាត់ចែងវិធានការតាមផ្លូវច្បាប់ លើការរំលោភកម្មសិទ្ធិបញ្ញា។

ជាមួយគ្នានេះ គេសង្កេតឃើញថា ថ្មីៗនេះអ្នកនិពន្ធប្រចាំផលតិកម្មសាន់ដេ លោកហ៊ាន ម៉េងហួរ បានចេញមុខ មកទទួលកំហុសរបស់ខ្លួន ដោយព្រមលុបចម្រៀងកែថ្មីនេះចោល ពីផេកហ្វេសប៊ុក និងយូធូបរបស់ផលិតកម្ម តែម្តង ដើម្បីបញ្ឈប់ការមិនពេញចិត្តពីមហាជន និងសុំទោសជាសាធារណៈ ជាពិសេសសុំទោសដល់វិញ្ញាណក្ខន្ធ កវីនិពន្ធឆ្នើម គង្គ ប៊ុនឈឿន និងក្រុមគ្រួសារ ដែលខ្លួនបានយកចម្រៀងមរតកដើម ដែលមានចំណងជើងថា «នឹកភូមិភ្នំធំ» ឬ «ថ្ងៃដែលអូនចុកឈាម» មកកែប៉ារ៉ូល ដោយសារតែ លោកនៅក្មេងវ័យ មិនបានគិតវ័យឆ្ងាយ។

ទោះជាបែបនេះក្តី តែមហាជនសង្កេតឃើញថា ខាងក្រុមគ្រួសារបស់កវី គង្គ ប៊ុនឈឿន នៅតែមិនអស់ចិត្ត និងមិនបានទទួលយកនូវការសុំអភ័យទោសពីខាងផលិតកម្មសាន់ដេនោះទេ រហូតភរិយាកវីម្ចាស់ស្ទឹងសង្កែ គង់ ប៊ុនឈឿន ហោះពីន័រវែស ដើម្បីមកសាកសួរផ្លូវចាប់ ពាក់ព័ន្ធនឹងការលួចចម្លង ចម្រៀងដោយគ្មានការអនុញ្ញាតិបែបនេះ។

បើតាមការបញ្ជាក់ពីលោក មុត ថាវី ដែលត្រូវជាកូនប្រសារកវីល្បីឈ្មោះ គង់ ប៊ុនឈឿន ដែលបានប្រាប់តាម រយៈបណ្ដាញសង្គមថា «គាត់ (ម្ដាយក្មេក) មកលើកនេះ គឺមានរឿងជាច្រើន ដោយគោលដៅទី១ គឺលោកស្រី ចង់មកសម្រាកនៅស្រុកខ្មែរឱ្យបាន ៥-៦ ខែក្នុងមួយឆ្នាំ តែដោយសារមានរឿងពាក់ព័ន្ធបញ្ហា គេយកបទ ចម្រៀង ទៅធ្វើចឹងៗទៅគាត់ក៏ត្រូវតែមក ដើម្បីជួបជាមួយខាងក្រសួង ដើម្បីទាមទាកម្មសិទ្ធិបញ្ញា ហើយក៏នៅ មានរឿងរ៉ាវជាច្រើនទៀតដែរ»។

ទោះយ៉ាងណាក៏ដោយ មិនមានព័ត៌មានណាបញ្ជាក់ថា តើលោកស្រីមកទឹកដីខ្មែរក្នុងគោលបំណងអ្វីខ្លះ លើសពី ហ្នឹងនោះទេ ព្រោះមិនទាន់មានការបកស្រាយពីសាម៉ីខ្លួននៅឡើយនោះ៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយចឺម