ចិន៖ កាលពីព្រឹកថ្ងៃអង្គារកន្លងទៅ មានយន្តហោះចម្បាំងមួយគ្រឿង បានធ្លាក់ចុះមកដី ក្នុងអំឡុងពេលហ្វឹកហាត់នៅក្នុងខេត្តហៃណាន បង្កឱ្យមានការផ្អើលឆោឡោដល់មនុស្សម្នានៅក្នុងតំបន់នោះជាខ្លាំង។

បើយោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ឧបទ្ទវហេតុធ្លាក់យន្តហោះនេះ បានបណ្តាលឱ្យពីឡុតចំនួន ២រូប ត្រូវបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុតែម្តង។ សម្រាប់ប្រជាជននៅក្នុងតំបន់នោះវិញ គឺត្រូវបានរាយការណ៍ថា គ្មានគ្រោះថ្នាក់ របួស ឬស្លាប់ណាមួយនោះទេ។

យោងតាមវីដេអូខាងក្រោមបានបង្ហាញថា ការធ្លាក់យន្តហោះនេះពិតជានៅជិតផ្ទះប្រជាជនក្នុងតំបន់នោះណាស់។

បន្ថែមពីនេះទៀត បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតពីមូលហេតុ ដែលបណ្តាលឱ្យយន្តហោះមួយគ្រឿងនេះធ្លាក់ចុះក្រោមបែបនេះ។ យ៉ាងណាមិញ ចំពោះករណីធ្លាក់យន្តហោះនេះ វាគឺជារឿងសាមញ្ញនៅក្នុងប្រទេសចិនទៅហើយ ពោលគឺកាលពីមុនៗក៏ធ្លាប់មានករណីបែបនេះបានកើតឡើងជាច្រើនលើកច្រើនសាដែរ រួមមាន ការធ្លាក់យន្តហោះនៅលើរោងចក្រ នៅលើកន្លែងទិញលក់អចនទ្រព្យ និងនៅលើផ្ទះប្រជាពលរដ្ឋជាដើម។

គួរបញ្ជាក់ផងដែរថា ជាទូទៅព័ត៌មានដែលធ្លាក់យន្តហោះបែបនេះ តែងតែបិទបាំងជិតចំពោះសាធារណៈជន លុះត្រាតែធ្លាក់នៅក្នុងទីប្រជុំជនបែបនេះ។ ដូច្នេះ យើងមិនដឹងថា តើកន្លងមកមានការធ្លាក់យន្តហោះប៉ុន្មានដងនោះទេដែលបាននឹងកំពុងកើតឡើងនៅក្នុងស្រុកចិន។

គួររម្លឹកផងដែរថា កាលពីឆ្នាំមុន មានកងទ័ពអាកាសយ៉ាងហោចណាស់ ១២ នាក់ ត្រូវបានរាយការណ៍ថា បានស្លាប់ដោយសារតែធ្លាក់យន្តហោះក្នុងអំឡុងពេលហ្វឹកហាត់ក្នុងខេត្តហ្គីចូវ៕ 

រូបភាពនៅកន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]