អ៊ីរ៉ង់៖ គូស្នេហ៍ជនជាតិអ៊ីរ៉ង់មួយគូ ត្រូវបានចាប់ខ្លួន ក្រោយល្បីសុះសាយវីដេអូឃ្លីបលើបណ្តាញសង្គម ជុំវិញនឹងការសុំរៀបការកណ្តាលផ្សារទំនើបយ៉ាងរ៉ូមែនទិក ដែលត្រូវបានគេចាត់ទុកថា ជាសកម្មភាពឬទង្វើដែលរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតទៅនឹងច្បាប់សាសនា។

សុំមិត្តស្រីរៀបការ

ជាក់ស្តែង តាមរយៈវីដេអូឃ្លីប គូស្នេហ៍អ៊ីរ៉ង់ដែលមិនត្រូវបានគេបង្ហាញអត្តសញ្ញាណខាងលើនេះ គឺពិតជាបានបង្ហាញភាពផ្អែមល្ហែម ស្នេហាយ៉ាងរ៉ូមែនទិក ដែលនារីជាសង្សារត្រូវបានមិត្តប្រុសរបស់នាង សុំរៀបការនិងបំពាក់ចិញ្ចៀនឲ្យ ខណៈមានមនុស្សម្នាជាច្រើនចោមរោមមើលពួកគេទាំងពីរ អមមកជាមួយនឹងសម្រែកសាទរ នៅទីតាំងក្នុងផ្សារទំនើបមួយកន្លែង ស្ថិតក្នុងរដ្ឋធានី Tehran ។

សុំមិត្តស្រីរៀបការ

បើទោះបីជាយ៉ាងណាក្តី បន្ទាប់ពីវីដេអូមួយនេះ ត្រូវបានល្បីសុះសាយនៅលើបណ្តាញសង្គម តាមប្រភពបានរាយការណ៍ថា ប៉ូលិសក្នុងតំបន់ក៏បានបើកការស៊ើបអង្កេត និងចុះឃាត់ខ្លួនគូស្នេហ៍ខាងលើនេះផងដែរ ក្នុងករណីដែលពួកគេប្រព្រឹត្តខុសនឹងច្បាប់ដ៏តឹងរ៉ឹងរបស់អ៊ីរ៉ង់ និងក្រមសាសនាអ៊ីស្លាម។

មន្រ្តីប៉ូលិស លោក Mostafa Norouzi បានថ្លែងប្រាប់សារព័ត៌មានថា បទល្មើសរបស់គូស្នេហ៍វ័យក្មេងនេះ គឺបានបង្ហាញយ៉ាងជាក់ច្បាស់តែម្តង ខុសទៅនឹងច្បាប់ក្នុងប្រទេស ដែលពុំចាំបាច់ពន្យល់ច្រើននោះទេ។

លោកបន្ថែមថា វាពិតជាមិនអាចទទួលយកបានទេ សម្រាប់គូស្នេហ៍មួយគូនេះ ដែលហ៊ានធ្វើរឿងទាំងនេះឡើងក្នុងទីសាធារណៈ ទាំងពុំយកចិត្តទុកដាក់ មើលស្រាល និងមិនគោរពឲ្យតម្លៃទៅលើវប្បធម៌ និងសាសនា ដែលត្រូវបានហាមឃាត់ជាដាច់ខាតក្នុងប្រទេស។

សុំមិត្តស្រីរៀបការ

គួរឲ្យដឹងផងដែរថា បើយោងតាមច្បាប់អ៊ីស្លាមដែលគ្រប់គ្រងក្នុងប្រទេសអ៊ីរ៉ង់ បុរសនិងស្រ្តីត្រូវបានហាមប្រាមមិនឲ្យមានការបង្ហាញជាសាធារណៈ អំពីទំនាក់ទំនងស្នេហានោះទេ ព្រោះគេចាត់ទុកថា វាគឺជាការរំលោភពបំពាននឹងច្បាប់សាសនា និងជាឥទ្ធិពលដ៏អាក្រក់របស់ពួកបស្ចិមប្រទេស។

បន្ថែមលើនេះ ច្បាប់ក៏បានហាមឃាត់មិនឲ្យមានការថើបគ្នា និងមានការរាំច្រៀងសប្បាយជាសាធារណៈនោះឡើយ។

នេះមិនមែនជាលើកទីមួយទេ ដែលប្រជាពលរដ្ឋអ៊ីរ៉ង់ត្រូវបានចាប់ខ្លួន ដោយសារតែការរំលោភបំពាននឹងច្បាប់មួយនេះ។ ព្រោះជាក់ស្ដែង កាលពីកំឡុងឆ្នាំ២០១៨ កន្លងទៅ យុវតីម្នាក់ឈ្មោះ Maedeh Hojabri ក៏ធ្លាប់ត្រូវបានចាប់ខ្លួន ក្រោយបង្ហោះចែកចាយវីដេអូឃ្លីប បង្ហាញពីក្បាច់រាំរបស់នាងតាមពួកបស្ចិមប្រទេស (ឬប្រទេសលោកខាងលិច) តន្រ្តី Pop និងរ៉េប នៅលើបណ្តាញសង្គមអ៊ីនស្តាក្រាមផងដែរ។

យ៉ាងណាមិញ ជុំវិញនឹងករណីគូស្នេហ័ខាងលើនេះដែរ ប្រភពពុំបានទម្លាយឲ្យដឹងទេថា ប៉ូលិស ឬច្បាប់ និងមានវិធានការយ៉ាងណាចំពោះពួកគេនោះទេ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

សុំមិត្តស្រីរៀបការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]