អូស្រ្តាលី៖ ជាងទងជនជាតិអូស្រ្ដាលីម្នាក់ ទទួលបានការកោតសរសើរយ៉ាងខ្លាំង ក្រោយបង្ហាញស្នាដៃច្នៃបង្កើតចង្កឹះធ្វើចេញពីមាសសុទ្ធ រំលេចក្បាច់យ៉ាងទាក់ទាញ ត្រូវប៉ាន់វណ្ណៈអ្នកមានលុយវាល់លានអាចនឹងដណ្ដើមគ្នាទិញ ព្រោះតែចង្កឹះមាសនេះ មានតម្លៃថ្លៃកប់ពពក ខ្ទង់ជាង១សែនដុល្លារឯណោះ។

ចង្កឹះមាស

បើយោងតាមប្រភពបានឲ្យដឹងថា ជាងទងក្នុងទីក្រុង Gold Coast ប្រទេសអូស្រ្តាលី បានច្នៃបង្កើតចង្កឹះមាស ដែលមានតម្លៃថ្លៃជាងគេបង្អស់លើពិភពលោកនេះ ដោយដាក់លក់ក្នុងតម្លៃដល់ទៅ ១៩៨,៥០០ដុល្លារអូស្រ្តាលី ឬស្មើនឹង ១៣៩,០០០ដុល្លារអាមេរិក ឯណោះ។

ចង្កឹះមាស១៨ការ៉ាត់នេះ ត្រូវបានច្នៃបង្កើតឡើងដោយជាងទងជំនាញ លោក Paul Amey នៅក្រុមហ៊ុន Erotic Jewellery Company ក្នុងប្រទេសអូស្រ្តាលី។

ថ្លែងប្រាប់សារព័ត៌មាន The Gold Coast Bulletin លោក Paul Amey បាននិយាយថា គ្រប់គ្នាប្រាកដជាចូលចិត្ត ឬចង់បានការជួបជុំញ៉ាំអាហារពេលល្ងាចមួយដ៏ល្អអស្ចារ្យ ជាពិសេសជនជាតិចិនលំដាប់ខ្ពស់ (លំដាប់អ្នកមាន) តែម្តង។ ប៉ុន្តែវាពិតជាមិនដែលបានឃើញសោះថា មានការរៀបចំ ឬគ្រឿងតុបតែងលម្អបានល្អត្រឹមត្រូវនោះទេ។ ដោយសារតែបែបនេះហើយ ទើបបានជាលោកសម្រេចចិត្ត នៅក្នុងការច្នៃបង្កើតរបស់មួយនេះ (ចង្កឹះមាស) យ៉ាងពិសេសចេញពីស្នាដៃលោកតែម្តង។

ចង្កឹះមាស

គួរឲ្យដឹងផងដែរថា បើតាមការបញ្ជាក់ឲ្យដឹងបន្ថែមពីជាងទង លោក Paul Amey បានលើកឡើងថា លោកបានចំណាយពេលអស់ ៣៤០ម៉ោង នៅក្នុងការច្នៃបង្កើតចង្កឹះមាសនេះឡើង ដែលត្រូវបានរំលេចមកជាមួយនឹងក្បាច់យ៉ាងទាក់ទាញ លាយឡំនឹងគ្រាប់ត្បូងពេជ្រ គុជខ្យង និងអេប៊ុនី (Ebony ជាប្រភេទឈើខ្មៅម្យ៉ាង)។

លោក Amey ក៏បានអះអាងបញ្ជាក់បន្ថែមទៀតដែរថា ទន្ទឹមនឹងភាពល្អស្អាត និងទាក់ទាញរបស់វា ចង្កឹះមាសនេះក៏មានលក្ខណៈពិសេសផងដែរ។ ពោលគឺ ខ្សែណ្តោងគុជខ្យង (ផ្នែកខាងលើក្បាលចង្កឹះ) ក៏អាចមួលដោះបាន ប្រើមកធ្វើជាបណ្តោងខ្សែ.កពាក់ បានយ៉ាងស្រស់ស្អាតថែមទៀតផង។ ឬអ្នកក៏អាចប្រើវាធ្វើជាស្នៀតសក់ តាមការគួរផងដែរ។ 

សូមបញ្ជាក់ថា គោលគំនិតនៅក្នុងការច្នៃបង្កើតចង្កឹះមាសតម្លៃថ្លៃនេះឡើង គឺផ្តោតសំខាន់តែសម្រាប់ក្រុមវណ្ណៈអភិជន ដែលមានទ្រព្យសម្បត្តិប្រាក់វាល់លាន ចង់បានជីវិតសម្បូរបែប និងភាពស៊ីវីល័យតែប៉ុណ្ណោះ៕

ទស្សនាវីដេអូខាងក្រោម៖  

ចង្កឹះមាស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]