ភ្នំពេញ៖ ខណៈដែលយុវជនភាគច្រើន តែងតែស្រមៃចង់ក្លាយខ្លួនជាសហគ្រិនមួយរូប មានអាជីវកម្ម ឬក្រុមហ៊ុនផ្ទាល់ខ្លួន ដោយមិនចង់ធ្វើការឱ្យគេអស់មួយជីវិត រហូតអ្នកខ្លះហ៊ានប្រថុយឈប់ធ្វើការ ហើយចេញប្រកបអាជីវកម្មភ្លាមៗទាំងខ្វះខាតដើមទុន ចំណេះ ជំនាញ និងបទពិសោធន៍ជាដើម។ 

ក្នុងនោះបុគ្គលមួយចំនួនក៏បានជោគជ័យ ហើយមួយចំនួនទៀតក៏បរាជ័យខាតបង់អស់ទាំងប្រាក់កាស ដើមទុន និងពេលវេលា ថែមទាំងបាក់ទឹកចិត្តរហូតលែងហ៊ានធ្វើអ្វីទៀត។ លោក ហេង ពៅ ដែលបច្ចុប្បន្នជាប្រធានគ្រប់គ្រងរបស់ក្រុមហ៊ុន LSV INDUSTRY CO.LTD ដែលជាក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយ មានរោងចក្រផ្ទាល់ខ្លួននៅកម្ពុជាក្នុងការផលិតនិងចែកចាយផលិតផលម៉ាក OKA (សាប៊ូបោកសម្លៀកបំពាក់ និងសាប៊ូលាងចាន) Empress (សាប៊ូដុសខ្លួនទឹក និងសាប៊ូដុសខ្លួនដុំ)។ លោក ហេង ពៅ បានសាងគំរូថ្មីមួយ ដែលបង្ហាញថាលោកអាចក្លាយខ្លួនជាចំណែកមួយជាម្ចាស់ក្រុមហ៊ុនដោយមិនដឹងខ្លួន តាមរយៈការចាប់ផ្តើមពីធ្វើការឱ្យគេ។

លោក ហេង ពៅ
ផលិតផលម៉ាក OKA និងEmpress

ថ្លែងក្នុងវេទិកាផែនការ និងសកម្មភាពដើម្បីក្លាយជាសហគ្រិនវ័យក្មេង រៀបចំឡើងដោយសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) លោក ហេង ពៅ បានចែករំលែកបទពិសោធន៍ឱ្យដឹងថា៖

«ខ្ញុំបានក្លាយខ្លួនជាប្រធានគ្រប់គ្រងមួយរូប ដែលមានចំណែកភាគហ៊ុនក្នុងក្រុមហ៊ុន LSV INDUSTRY Co., Ltd មិនមែនដោយសារខ្ញុំមានដើមទុនច្រើនមកបើកដំណើរការក្រុមហ៊ុន ឬចូលហ៊ុនជាមួយម្ចាស់ក្រុមហ៊ុននេះទេ។ ជាក់ស្តែង គឺខ្ញុំទទួលបានចំណែកភាគហ៊ុននេះ ដោយសារម្ចាស់ក្រុមហ៊ុនមើលឃើញថា ខ្ញុំគឺជាបុគ្គលិកល្អមួយរូប មានភាពស្មោះត្រង់ មានការលះបង់ និងទំនួលខុសត្រូវខ្ពស់ក្នុងការងារ ដោយធ្វើការលើសពី ១០ ម៉ោងក្នុងមួយថ្ងៃ ដោយមិនទាមទារប្រាក់បន្ថែមម៉ោងអ្វីឡើយ»។
លោក ហេង ពៅ

លោក ហេង ពៅ បានប្រាប់បន្ថែមទៀតថា៖

«ក្រៅពីធ្វើការមិនគិតពីម៉ោងពេល ខ្ញុំតែងតែខិតខំរកយុទ្ធសាស្រ្ត ដើម្បីសម្រេចលទ្ធផលល្អៗឱ្យក្រុមហ៊ុនជាប្រចាំ គឺចាត់ទុកដូចជាក្រុមហ៊ុន LSV INDUSTRY Co., Ltd នេះជាក្រុមហ៊ុនរបស់ខ្ញុំផ្ទាល់ មិនមែនគ្រាន់តែជាបុគ្គលិកដែលធ្វើការដើម្បីតែប្រាក់ខែ ឬមកអង្គុយធ្វើការដើម្បីគ្រាន់តែគ្រប់ ៨ ម៉ោងនោះទេ។ មើលឃើញលើចំណុចទាំងអស់នេះ ទើបម្ចាស់ក្រុមហ៊ុនមានទុកចិត្តខ្ពស់សម្រេចឱ្យខ្ញុំឱ្យក្លាយជាប្រធានគ្រប់គ្រង និងមានភាគហ៊ុនក្នុងក្រុមហ៊ុនតែម្តង ព្រោះម្ចាស់ក្រុមហ៊ុនយល់ឃើញថា បើខ្ញុំគ្រាន់តែជាបុគ្គលិករបស់ក្រុមហ៊ុន ថ្ងៃណាមួយខ្ញុំនឹងអាចប្តូរការងារទៅធ្វើការរនៅក្រុមហ៊ុនផ្សេង ឬក្រុមហ៊ុនផ្សេងនឹងមានបំណងអូសទាញជាក់ជាពុំខាន។ លើសពីនេះទៀតម្ចាស់ក្រុមហ៊ុនយល់ឃើញថាវាជាសមត្ថភាពសម្រាប់មនុស្សគ្រប់គ្នាគួរតែបាននូវអ្វីដែលខ្លួនបានលះបង់»។

«ភាពស្មោះត្រង់ ការទទួលខុសត្រូវក្នុងការងារ និងហ៊ានផ្ដល់ចម្លើយខុសជូនប្រធានខ្លួន» គឺជាបុគ្គលិកលក្ខណៈ ដែលលោក ហេង ពៅ បានប្រកាន់ខ្ជាប់រហូតមក។ លោកបានបញ្ជាក់ច្បាស់ៗថា៖

«ខ្ញុំតែងតែមានទំនួលខុសត្រូវខ្ពស់ចំពោះការងារដែលខ្ញុំធ្វើ ពោលគឺបើធ្វើមិនចប់ ខ្ញុំមិនឈប់ទេ ទោះជាថ្ងៃបុណ្យទាន ឬសៅរ៍អាទិត្យក៏ដោយ។ ចំពោះ «ការហ៊ានផ្តល់ចម្លើយខុស» គឺបានន័យថា រាល់ពេលជួបឧបសគ្គក្នុងការងារ ឬមានបញ្ហាអ្វីមួយ ខ្ញុំតែងតែយកវាមកគិតពិចារណា ហេតុអ្វីបានជាវាកើតឡើង? កើតដោយរបៀបណា? ហើយគួរដោះស្រាយ និងទប់ស្កាត់ដោយរបៀបណា? ជាទូទៅខ្ញុំតែងតែគិតមុនប្រធានខ្ញុំជានិច្ច ហើយនឹងបានផ្តល់ចម្លើយដែលខ្ញុំគិតពិចារណានោះទៅកាន់ប្រធានខ្ញុំមុន ទោះបីជាចម្លើយនៅមិនសមហេតុផល ឬខុសពីប្រធានខ្ញុំគិតក៏ដោយ។ ជានិច្ចកាលការគិតនេះជាទម្លាប់របស់ខ្ញុំក្រោយពេលមានបញ្ហា ឬឧបសគ្គខ្ញុំតែងតែមានចម្លើយ ឬដំណោះស្រាយទៅកាន់ប្រធានរបស់ខ្ញុំ រហូតដល់ប្រធានរបស់ខ្ញុំគាត់បានពោលថា អរគុណដែលបានផ្តល់ចម្លើយខុសដល់ខ្ញុំ ទើបខ្ញុំអាចរកចម្លើយត្រូវឃើញ។ ការផ្តល់ចម្លើយ ឬដំណោះស្រាយខុសនេះ ចុងបញ្ចប់ខ្ញុំអាចរកដំណោះស្រាយត្រូវឃើញតាមរយៈការណែនាំរបស់ប្រធានខ្ញុំបន្ថែម ហើយខ្ញុំក៏ក្លាយជាបុគ្គលម្នាក់ដែលផ្តល់ដំណោះស្រាយត្រូវក្នុងរឿងបន្តបន្ទាប់ទៀត»។
លោក ហេង ពៅ

តាមរយៈការចែករំលែករបស់លោក ហេង ពៅ អាចជាប្រធានបទដ៏ល្អមួយសម្រាប់យុវជន យុវនារី ដែលកំពុងធ្វើការតាមក្រុមហ៊ុននានា និងចង់ក្លាយខ្លួនជាសហគ្រិនមួយរូប។ លោកក៏បានផ្តាំផ្ញើជាចុងក្រោយថា៖

«ខ្ញុំចង់រំលឹកយុវជនយើងដែរថា សូមកុំយល់ខុសថាជាអ្នកធ្វើការឱ្យគេ មិនបាច់ខំប្រឹងប្រែងខ្លាំង ចាំទាល់តែក្លាយខ្លួនជាម្ចាស់ក្រុមហ៊ុនចាំប្រឹងប្រែង ព្រោះការធ្វើការឱ្យគេនេះហើយ ដែលជាឱកាសអាចធ្វើឱ្យយើងសន្សំ ចំណេះ ជំនាញ និងបទពិសោធន៍ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការក្លាយខ្លួនជាសហគ្រិនមួយរូបនាពេលអនាគត។ អ្នកចង់ធ្វើជាថៅកែ តែមិនដឹងថាថៅកែរាល់ថ្ងៃគេធ្វើអ្វី ឬគេកំពុងគិតអ្វី ទន្ទឹមនឹងអ្នកកំពុងតែនៅជិតថៅកែម្នាក់នោះ»៕
លោក ហេង ពៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]