ចិន៖ នារីអាយុ ៣០ឆ្នាំម្នាក់រស់នៅក្នុងប្រទេសចិន ដែលតែងតែញុំាកាហ្វេច្រើនពេកជារៀងរាល់ថ្ងៃ ត្រូវបានគ្រូពេទ្យរកឃើញថា ឆ្អឹងរបស់នាងប្រៀបដូចជាលោកយាយចាស់ម្នាក់អីចឹង។

អ្នកនាង Han Xiao ជាបុគ្គលិកការិយាល័យម្នាក់នៅក្នុងទីក្រុង Wuhan ខេត្ត Hubei ដោយថ្មីៗនេះមានជំងឺផ្តាសាយ ហើយឈានទៅដល់ការក្អករ៉ាំរ៉ៃជាងមួយសប្តាហ៍។ 

រូបតំណាង

យប់មួយ អ្នកនាង Han ស្រាប់តែក្អកខ្លាំងមែនទែនរហូតដល់ទៅ ១០នាទីជាប់ៗគ្នា ដែលការក្អកខ្លាំងបែបនេះធ្វើឱ្យអ្នកនាងមានការឈឺចាប់លើដើមទ្រូងជាខ្លាំង។

នៅព្រឹកស្អែក នាងក៏ទៅមន្ទីរពេទ្យ Wuhan Central ដើម្បីពិនិត្យព្យាបាល ប៉ុន្តែនាងមានការភ្ញាក់ផ្អើលជាខ្លាំងនូវអ្វីដែលគ្រូពេទ្យបានរកឃើញ។ ជាក់ស្តែងបន្ទាប់ពីថតកាំរស្មីអ៊ិច (X-ray) រួច គ្រូពេទ្យបានរកឃើញថា មូលហេតុបណ្តាលឱ្យអ្នកនាង Han មានការឈឺចាប់លើដើមទ្រូងជាខ្លាំងបែបនេះ ព្រោះតែនាងបានបាក់ឆ្អឹងជំនី ៣កង់ ដោយសារតែការក្អករ៉ាំរ៉ៃធ្ងន់ធ្ងរពេក។

គ្រូពេទ្យក៏បានសួរនាំនាងបន្ថែមទៀតទាក់ទងទៅនឹងទម្លាប់ប្រចាំថ្ងៃនាង នាងបាននិយាយថា នាងបាននិងកំពុងញុំាកាហ្វេដូចជាញុំាទឹកអីចឹង ពោលគឺនាងញុំាកាហ្វេ ១០កែវក្នុងមួយថ្ងៃ ហើយញុំាបែបនេះអស់រយៈពេល ៧ឆ្នាំមកហើយ។

ក្រោយមក គ្រូពេទ្យបានពិនិត្យឆ្អឹងរបស់នាង រកឃើញថាឆ្អឹងរបស់នាងមានសភាពប្រៀបដូចជាលោកយាយចាស់អាយុ ៦០ឆ្នាំម្នាក់អីចឹង។ លើសពីនេះទៅទៀត គ្រូពេទ្យបានរកឃើញថា អ្នកនាង Han កំពុងឈានដល់ដំណាក់ការមានជំងឺពុកឆ្អឹងហើយ។ 

ឆ្អឹងរបស់អ្នកនាង Han

លោកវេជ្ជបណ្ឌិត Chen Baojun បាននិយាយថា៖

«មូលហេតុដែលបណ្តាលឱ្យក្មេងៗមានជំងឺពុកឆ្អឹង គឺដោយសារតែកង្វះលំហាត់ប្រាណ, ការជក់បារី និងហូបគ្រឿងស្រវឹងហួសកម្រិត, ការញុំាកាហ្វេ និងភេសជ្ជៈមានជាតិកាបូនដូចជា សូដា ទឹកក្រូចជាប្រចាំ ដែលកត្តាទាំងអស់នេះធ្វើឱ្យឆ្អឹងកាន់តែមានសភាពចាស់ទ្រុឌទ្រោមឡើងពីមួយថ្ងៃទៅមួយថ្ងៃ។»

យ៉ាងណាមិញ យោងតាមស្តង់ដារនៃការទទួលទានជាតិកាហ្វេអ៊ីន របស់អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា៖ 

១. ការទទួលទានជាតិកាហ្វេអ៊ីនត្រឹម ២០០មីលីក្រាម ឬតិចជាង ៤០០មីលីក្រាមក្នុងមួយថ្ងៃ មិនបង្កហានិភ័យដល់សុខភាពនោះទេ។

២. ស្រ្តីមានផ្ទៃពោះមិនគួរបរិភោគជាតិកាហ្វេអ៊ីនលើសពី ២០០មីលីក្រាមក្នុងមួយថ្ងៃទេ។

៣. ខណៈពេលជាតិកាហ្វេអ៊ីនមានហានិភ័យចំពោះកុមារ និងក្មេងជំទង់ ប៉ុន្តែមិនមានទិន្នន័យគ្រប់គ្រាន់ក្នុងការកំណត់ចំនួនសុវត្ថិភាពជាក់លាក់ណាមួយសម្រាប់ក្មេង និងក្មេងជំទង់ក្នុងការទទួលទានសារជាតិកាហ្វេអ៊ីននេះទេ៕ 

រូបតំណាង
រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]