អេស្ប៉ាញ៖ លោក Ramon Calderon អតីតប្រធានក្លិប Real Madrid បានឱ្យដឹងថាលោក Zidane បានបដិសេធរួចជាស្រេច នូវសំណើរបស់ក្លិប Real Madrid ក្នុងការនាំយករូបលោកមកដឹកនាំសាជាថ្មី។ គួររម្លឹកដែរថា Zidane បានចាកចេញពី Real Madrid កាលពីរដូវក្តៅឆ្នាំមុន ពោលគឺ ៥ថ្ងៃប៉ុណ្ណោះ ក្រោយពេលដែលលោកឈ្នះពាន UCL ជាលើកទី៣ ជាមួយ Real Madrid។

លោក Zinedine Zidane

ថ្លែងក្នុងបទសម្ភាសន៍ជាមួយ BBC Radio លោក Calderon បានឱ្យដឹងថា៖ “ខ្ញុំបានដឹងច្បាស់ពីរឿងមួយ ដែលលោក Florentino Perez បានទាក់ទងផ្ទាល់ទៅកាន់ Zidane ឱ្យត្រឡប់មកវិញ ប៉ុន្តែ Zidane បានបដិសេធ និងមិនចង់ត្រឡប់មកវិញពេលនេះឡើយ។ ប៉ុន្តែទោះបីជាបែបណាក៏ដោយ Zidane បានឱ្យតម្រុយមួយថា គេអាចនឹងមកកាន់ Real Madrid វិញនៅខែមិថុនាខាងមុខ”។

លោក Ramon Calderon

គួរបញ្ជាក់ថា Zidane បានចាកចេញពី Real Madrid យ៉ាងគួរឱ្យភ្ញាក់ផ្អើល ក្រោយយកឈ្នះ Liverpool នៅវគ្គផ្តាច់ព្រ័ត្រ UCL និងក្លាយជាអ្នកចាត់ការដំបូងគេបង្អស់ក្នុងប្រវត្តិសាស្រ្ត ដែលអាចដឹកនាំក្លិបមួយឈ្នះពាន Champions League ៣សម័យកាលជាប់ៗគ្នា។ ក្រោយការចាកចេញរបស់ Zidane ក្លិបបាននាំយកគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ Julen Lopetegui មកដឹកនាំក្រុម ដោយក្រោយមកបានបណ្តេញចេញបន្ទាប់ពីដឹកនាំក្រុមបរាជ័យក្រោមថ្វីជើង Barcelona ៥-១។ ក្រោយការបណ្តេញលោក Lopetegui ក្លិបបានតែងតាំងលោក Santiago Solari ជាអ្នកចាត់ការរហូតទល់បច្ចុប្បន្ន៕

លោក Zinedine Zidane

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]