(ភ្នំពេញ​)៖​ បុរស​ម្នាក់​បើក​រថយន្ត​លឿន​ជ្រុល​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ បណ្ដាល​ឲ្យ​រថយន្ត​ និង​របាំង​ថ្ម​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ តែ​សំណាង​ល្អ​ហេតុការណ៍​នេះ​ មិន​បណ្ដាល​ឲ្យ​មានអ្នក​រង​របួស​នោះ​ទេ​។

ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ឡើង នៅវេលាម៉ោង​ជាង​២យប់​ ថ្ងៃ​ទី​០៥​ ខែ​មិនា​​ ឆ្នាំ​២០១៩ ​​តាម​បណ្ដោយ​ផ្លូវ​២៧១​ សង្កាត់​បឹង​សាឡាង​ ​ខណ្ឌ​ទួលគោក​ ​រាជធានី​ភ្នំពេញ​។

ប្រភព​ព័ត៌មាន​ពី​អ្នក​ដែល​ឃើញ​ហេតុការណ៍​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​បើក​បរ​ដោយ​ជនជាតិ​ចិន​​ម៉ាក ​TACOMA ​ពណ៌​ស​ពាក់​ស្លាក​ភ្នំពេញ​ 2AD-3840​ ដោយ​ធ្វើ​ដំណើរតាម​បណ្ដោយ​ផ្លូវ​២៧១ ក្នុង​ទិសដៅ​ចុះ​ពី​ស្ពាន​អាកាស​ស្ទឹង​មានជ័យ​ឆ្ពោះ​ទៅ​តាម​វិទ្យាល័យ​ជាស៊ីម​សាមគ្គី ​លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ផ្លូវ​កោង​ស្រាប់​តែ​រថយន្ត​ បើក​បរ​ក្នុង​ល្បឿន​លឿន​ក៏​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ ​បណ្ដាល​ឲ្យ​រលំ​ចំនួន​៣ផ្ទាំង​ រីឯ​រថយន្ត​បោក​ផ្ទប់​នឹង​របាំង​ថ្ម​រង​ការ​ខូចខាត​យ៉ាង​ដំណំ​។

ក្រោយ​កើតហេតុសមត្ថកិច្ចមូលដ្ឋានបាន ចុះមកដល់រួច​ធ្វើ​ការ​ទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]