រាជធានី​ភ្នំពេញ ៖ សព​យុវជន​ម្នាក់​ត្រូវ​បាន​ក្រុម​គ្រួសារ​ជួល​ទូក​នេសាទ​រាវរក​ឃើញ បន្ទាប់​ពី​ខឹង​បងប្អូន​ស្តីបន្ទោស​បន្តិចបន្តួច និង​តូចចិត្ត​ខ្លួនឯង​ក្រ​ជិះ​ម៉ូតូ​ទៅ​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វារ​លិច​បាត់​មួយ​យប់ ដែល​ហេតុការណ៍​រាវរក​សព​ឃើញ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​រសៀល ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០១៩ នៅ​ក្រោម​ស្ពាន​ជ្រោយចង្វារ​ប៉ែក​ខាងកើត ក្នុងភូមិ​ដើម​គ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

យុវជន​គិត​ខ្លី​ខាងលើ​ឈ្មោះ ពៅ ដា​វិ​ន ហៅ​នី​ត អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ ជា​កូន​មន្ត្រី​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ។

តាម​ក្រុម​គ្រួសារ​បានឱ្យ​ដឹង​ថា យុវជន​រូប​នោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី ពណ៌​ក្រហម​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ ១HC- ៣០៨៣ ធ្វើ​ដំណើរ​មក​លោតទឹក​សម្លាប់​ខ្លួន កាលពី​វេលា​ម៉ោង ៥​ព្រឹក ថ្ងៃ​ទី​០១ ខែមីនា ហើយ​បាន​លិច​បាត់​បន្សល់​ទុក​តែ​ម៉ូតូ​នៅ​លើ​ស្ពាន ។ លុះ​នៅ​វេលា ល្ងាច​ក៏​បានដឹង​ដំណឹង​ដល់​ក្រុម​គ្រួសារ ហើយ​នាំ​គ្នា​ជួល​ទូក​នេសាទ​រាវរក​សព​ឃើញ​នៅ​វេលា​ថ្ងៃត្រង់​ទី​០២ ខែមីនា នាំ​យក​ទៅ​ធ្វើបុណ្យ​នៅ​វត្ត​ទួល​សុ​វ​ណ្ណា​រ៉ា​ម ហៅ​វត្ត​ទួល​សង្កែ ។

ទាក់ទិន​ការ​ធ្វើ​អត្តឃាត​នេះ​ត្រូវ​បាន​ក្រុម​គ្រួសារ​អោយ​ដឹង​ថា ដោយសា​តែ​ខឹង​បងប្អូន​ស្តីបន្ទោស​ណែនាំ​បន្តិចបន្តួច និង​ម្យ៉ាងទៀត​យុវជន​រូប​នោះ​តូចចិត្ត​ខ្លួនឯង​ក្រ ។ តាម​ព័ត៌មាន​បានអោយ​ដឹង​ទៀត​ថា នៅ​វេលា​យប់​នោះ​យុវជន​រូប​នោះ​បាន​ផឹក​រហូត​ដល់​ម៉ោង​ប្រមាណ​២​រំលង​អធ្រាត្រ ហើយ​ត្រូវ​បងប្អូន​ស្តីបន្ទោស​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​បងស្រី​ជីដូនមួយ​ខ្ចី​ម៉ូតូ​ប្រាប់​ថា ទៅរ​កបាយ​ក៏​បាន​ជិះ​ម៉ូតូ​មក​លោតទឹក​សម្លាប់​ខ្លួន​តែ​ម្តង ។ នៅ​ពេល​លោតទឹក​ម៉ូតូ​ត្រូវ​បាន​យុវជន​នោះ​ចាក់សោ​ត្រឹមត្រូវ​ទំ​នង់​ជា​ការពារ​មិន​អោយ​មានការ​បាត់បង់​ឡើយ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]