ម៉ាឡេស៊ី៖ ថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកម្នាក់ឈ្មោះ Ismail Ariffin បានបង្ហោះវីដេអូ ដោយរៀបរាប់អំពីមិត្តរបស់លោកម្នាក់ឈ្មោះ Zainal Abidin ត្រូវបានបុគ្គលិកហាងលក់កាបូបម៉ាកល្បី មួយកន្លែងនៅក្នុងផ្សារទំនើប KLCC ដែលមានទំតាំងនៅក្នុងទីក្រុងកូឡាឡាំពួ បានមើលងាយគាត់ជាខ្លាំង។

ជាក់ស្តែង ពួកគេត្រូវបានបុគ្គលិកហាង «ចាត់ទុកដូចជាសត្វឆ្កែ» ព្រោះតែសំលៀកបំពាក់របស់ពួកគេស្លៀកពាក់សាមញ្ញពេក។ នេះបើយោងតាមសារព័ត៌មានបរទេសមួយ ទើបតែបានចុះផ្សាយកាលពីពេលថ្មីៗនេះ។

ជាក់ស្តែង លោក Zainal បានទិញកាបូបម៉ាក Louis Vuitton (LV) កាលពី ៣ថ្ងៃមុន ហើយលោកបានយកវាត្រលប់មកក្នុងហាងវិញ ព្រោះតែចង់ឱ្យបុគ្គលិកឆ្លាក់ឈ្មោះរបស់លោកនៅលើកាបូប។ ប៉ុន្តែផ្ទុយទៅវិញ សំណើររបស់លោកត្រូវបានបដិសេធ ព្រោះតែបុគ្គលិកហាងមានការព្រួយបារម្ភថា ពួកគេអាចធ្វើឱ្យកាបូបនោះខូចខាត។

បុគ្គលិកហាងមើលមកគាត់ប្រៀបដូចជាអ្នកក្រដែលធ្វើឱ្យលោក Zainal មានការខឹងសម្បាជាខ្លាំង ហើយលោកបាននិយាយថា៖

«នាងមិនអាចចាត់ទុកខ្ញុំ និងមិត្តខ្ញុំដូចជាសត្វបាននោះទេ» ។

ភ្លាមៗនោះ លោក Zainal មានការខឹងសម្បាជាខ្លាំងចំពោះអត្តចរិកបុគ្គលិកហាងម្នាក់នោះ ដូច្នេះលោកក៏បានយកកន្រ្តៃមកកាត់កាបូប LV នោះ នៅចំពោះមុខបុគ្គលិកហាង ដោយនិយាយថា៖

«ពួកនាងគិតថា កាបូប LV របស់នាងមានតម្លៃជាងកិត្តិយសរបស់យើងមែន ហាស៎!»។

គួរឱ្យដឹងផងដែរ កាបូបដែលលោក Zainal ស្ពៀយពីក្រោយ គឺជាកាបូបម៉ាក Louis Vuitton x Takashi Murakami ដែលមានតម្លៃជាង ៧,២៣០ដុល្លារអាមេរិក។ 

កាបូបម៉ាក Louis Vuitton x Takashi Murakami
កាបូបម៉ាក Louis Vuitton x Takashi Murakami

ក្រោយមក វីដេអូនេះបានល្បីពេញបណ្តាញសង្គម ដោយអ្នកលេងហ្វេសប៊ុកជាច្រើនបានចែករំលែកបទពិសោធន៍ស្រដៀងគ្នាទាក់ទងទៅនឹងបុគ្គលិកមើលងាយពួកគេ។

ក្នុងនោះអ្នកខ្លះបាននិយាយថា៖

«បុគ្គលិកហាងមួយចំនួនធ្វើខ្លួនដូចជាពួកគេហ្នឹងជាម្ចាស់ហាងអីចឹង តែការពិតកញ្ជះគេសោះហ្នឹង» ។

យ៉ាងណាមិញ មានប្រភពអនាមិកមួយបានឱ្យដឹងថា បុគ្គលិកហាងម្នាក់នោះគ្រាន់តែព្យាយាមពន្យល់ប្រាប់អតិថិជនថា កាបូបនោះមិនអាចឆ្លាក់ឈ្មោះពីលើបានទេ ប៉ុន្តែបែរជាគាត់យល់ច្រឡំទៅវិញ។

គួរបញ្ជាក់ផងដែរថា ចំពោះកាបូបដែលលោក Zainal កាត់ចោលនោះ ពួកយើងមិនដឹងតម្លៃវានោះទេ ហើយកាបូបមួយចំនួនពិតជាអាចឆ្លាក់ឈ្មោះនៅពីលើបានពិតមែន៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

លោក Zainal កាត់កាបូប LV នៅចំពោះមុខបុគ្គលិកហាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]