ចិន៖ នារីអាយុ ២៧ឆ្នាំម្នាក់រស់នៅខេត្ត Hubei អាចប្រឈមមុខនឹងការមិនអាចមានកូនបានម្តងទៀត បន្ទាប់ពីបានរំលូតកូន ឬយកកូនចេញអស់១៧ដងក្នុងរយៈពេល៦ឆ្នាំមកនេះ។

យោងតាមសម្តីគ្រូពេទ្យបានបញ្ជាក់ថា ការរំលូតកូនញឹកញាប់បានធ្វើឱ្យស្បូនរបស់នាងមានការខូចខាតជាខ្លាំង ហើយបច្ចុប្បន្នស្ថានភាពស្បូនរបស់នាង «ស្តើងដូចជាក្រដាស» អីចឹង។

នារីខាងលើសូមមិនបញ្ចេញឈ្មោះ បាននិងកំពុងមានទំនាក់ទំនងជាមួយមិត្តប្រុសរបស់នាងអស់រយៈពេល៦ឆ្នាំ ហើយពួកគេមិនបានប្រើប្រាស់វិធីពន្យារកំណើតអ្វីនោះទេក្នុងអំឡុងពេលរួមភេទ។

កាលពីដើមខែកុម្ភៈនេះ នាងបានមកមន្ទីរពេទ្យម្តងទៀតដើម្បីយកកូនចេញ។ គ្រូពេទ្យ Zhao Qin បានប្រាប់នាងថា ការយកកូនចេញម្តងទៀតអាចនឹងធ្វើឱ្យនាងមិនអាចមានកូនបានទៀតទេ តែនាងនៅតែទទូចចង់យកចេញ។

លោកគ្រូពេទ្យ Zhao បាននិយាយថា៖

«ខ្ញុំបានរកឃើញថា ស្បូនរបស់នាងពិតជាស្តើងខ្លាំងណាស់ ស្តើងដូចជាក្រដាសអីចឹង ព្រោះនាងធ្លាប់យកកូនចេញជាញឹកញាប់កាលពីមុន។»

នាងបានប្រាប់មូលហេតុថា ដោយសារនាងមិនទាន់ត្រៀមខ្លួនរៀបការ និងធ្វើជាអាណាព្យាបាលគេបាននៅឡើយ។

នៅក្នុងប្រទេសចិន ទារកដែលកើតមកដោយគ្មានការរៀបអាពាហ៍ពិពាហ៍ស្របច្បាប់ពីឪពុកម្តាយ នឹងមិនត្រូវបានរដ្ឋចេញអត្តសញ្ញាណប័ត្រឱ្យនោះទេ ដែលកត្តាទាំងនេះនឹងរារាំងពួកគេពីការទទួលបានសិទ្ធិ រួមទាំងលទ្ធភាពទទួលបានការអប់រំ។

យ៉ាងណាមិញ យើងមិនដឹងថាហេតុអ្វីបានជាគូស្នេហ៍មួយគូនេះ មិនបានប្រើប្រាស់វិធីពន្យារកំណើតនោះទេ ប៉ុន្តែករណីបែបនេះអាចទាក់ទងទៅនឹងកង្វះការអប់រំផ្លូវភេទនៅតាមសាលារៀននានាក្នុងប្រទេសចិន។ លោក Peng Xiaohui ដែលជាអ្នកឯកទេសផ្លូវភេទ បានអះអាងថា ៩៩% នៃប្រជាជនចិនសុទ្ធសឹងតែមិនទទួលបានព័ត៌មានផ្លូវភេទគ្រប់គ្រាន់។  នេះបើយោងតាមសារព័ត៌មាន South China Morning Post បានចុះផ្សាយ៕

រូបតំណាង
រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]