កូរ៉េខាងត្បូង៖ សត្វឆ្កែដ៏កំសត់ និងគួរឲ្យអាណិតក្បាល ត្រូវបានជនមិនស្គាល់មុខ ចាប់វះមាត់និងវាយបាក់ជើង ស្ថិតក្នុងរូបភាពយ៉ាងអាណោចអាធ័ម ប៉ុន្តែជាសំណាងល្អ ត្រូវបានគេប្រទះឃើញនិងជួយសង្គ្រោះបានទាន់ពេល។

កូនឆ្កែ Bobby

សត្វឆ្កែចិញ្ចឹម (ពូជ Golden Retriever) មួយក្បាលនេះ ត្រូវបានគេប្រទះឃើញ នៅវាលមួយកន្លែង (ដូចជាកន្លែងគេបោះបង់ចោល) ក្នុងប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារ សប្តាហ៍កន្លងទៅនេះ ទាំងដែលស្ថិតក្នុងសភាពមាត់ជាប់ខ្សែចំណង មិនអាចសូម្បីតែស៊ីចំណីនិងផឹកទឹក រងរបួសជើង (បាក់ជើង និងក្រញាំជើងមុខ) ដែលធ្វើឲ្យវាមិនអាចដើរបាន និងថែមទាំងឃើញមានស្នាមឆេះរលាកលើរោម និងស្បែករបស់វាដោយកន្លែង យ៉ាងគួរឲ្យសង្វេគថែមទៀតផង។

វាត្រូវបានជួយសង្គ្រោះ ដោយក្រុមសង្គ្រោះសត្វ និងត្រូវបានគេជឿជាក់ថា មាត់របស់វានោះត្រូវបានក្រុមជនមិនស្គាល់មុខចាប់វះ ដោយសារតែ មានស្នាមអារដាច់ដូចជាប្រើកាំបិតយ៉ាងគួរឲ្យខ្លាច ដូចតួអង្គ Joker ក្នុងរឿង The Dark Knight ។

សត្វឆ្កែញីដ៏កំសត់នេះ ត្រូវបានគេដឹងថាមានអាយុទើបតែ ៦ខែប៉ុណ្ណោះ ហើយក្រោយមកវាក៏ត្រូវបានគេដាក់ឈ្មោះឲ្យថា Bobby ។ ក្រុមអ្នកជួយសង្គ្រោះពិតជាភ្ញាក់ផ្អើល និងចាត់ទុកថា នេះគឺជាអព្ភូតហេតុដ៏អស្ចារ្យហើយសម្រាប់ Bobby ដែលវាត្រូវបានគេប្រទះឃើញ និងជួយសង្គ្រោះជីវិតបានទាន់ពេលវេលា។

កូនឆ្កែ Bobby

Bobby ត្រូវបានក្រុមជួយសង្គ្រោះ ធ្វើការវះកាត់នៅផ្នែកមួយចំនួន និងប្រើវិធីសាស្រ្តព្យាបាលដោយបាញ់ឡាស៊ែរ (Laser Surgery) ដើម្បីឲ្យឆាប់ជាសះស្បើយលើមុខរបួសរបស់វាផងដែរ។ ខណៈបើតាមប្រភពបានឲ្យដឹងថា មកទល់ពេលនេះស្ថានភាពរបស់ Bobby ក៏បានប្រសើរឡើងល្អជាងមុនច្រើនដែរ។

ក្រុមអ្នកស្ម័គ្រចិត្តជួយសង្គ្រោះជីវិតសត្វ បាននិយាយថា ពួកគេគឺពិតជាស្រលាញ់សត្វឆ្កែខ្លាំងណាស់ ហើយពួកគេក៏ព្យាយាមស្វះស្វែងរកជំនួយខ្លះៗទៀត ដើម្បីជួយព្យាបាល Bobby បន្ថែម និងមើលថែទាំវាយ៉ាងយកចិត្តទុកបំផុត។

អ្នកនាំពាក្យម្នាក់ក្នុងក្រុមនេះ បាននិយាយថា ពួកយើងពិតជាមានបំណងចង់ជួយព្យាបាល Bobby ឲ្យដូចដើមខ្លាំងណាស់ ព្រោះថា Bobby វាពិតជាត្រូវការការគាំទ្រពីពួកយើងទាំងអស់គ្នាខ្លាំង។ ពួកយើងក៏ព្យាយាមស៊ើបស្វែងរកមុខជនបង្ក ដែលបានប្រព្រឹត្តទង្វើមិនគប្បីនេះមកលើ Bobby ដើម្បីឲ្យមកទទួលទោសតាមផ្លូវច្បាប់ផងដែរ។ កូនឆ្កែនេះ វាពិតជាសំណាងខ្លាំងណាស់ ដែលអាចមានជីវិតរស់នៅ ហើយពួកយើងក៏នឹងជួយមើលថែទាំវាឲ្យបានល្អផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

កូនឆ្កែ Bobby
កូនឆ្កែ Bobby

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]