បរទេស៖ កីឡាករ Cristiano Ronaldo បានផ្ទេរមកពី Real Madrid ទៅកាន់ Juventus កាលពីរដូវក្តៅឆ្នាំមុន ក្នុងតម្លៃខ្លួន ១០០លានអឺរ៉ូ។ បន្ទាប់ពីការផ្ទេរបានជោគជ័យ CR7 ជឿជាក់ថា នេះជាបទពិសោធន៍ប្រកួតប្រជែងថ្មីមួយទៀតក្នុងអាជីពបាល់ទាត់របស់លោក។

កីឡាករ Cristiano Ronaldo

ដោយឡែកសម្រាប់កីឡាករ Zlatan Imbrahimovic បានរិះគន់ខ្លាំងៗថា លោកមិនជឿថាការផ្ទេររបស់ Ronaldo ទៅកាន់ Juventus ជាការប្រកួតប្រជែងថ្មីនោះទេ ដោយលោកយល់ថាក្លិបយក្សរបស់អ៊ីតាលីមួយនេះ ខ្លាំងដាច់គេស្រាប់ទៅហើយនៅក្នុង Serie A របស់អ៊ីតាលីនាពេលបច្ចុប្បន្ននេះ។ 

ក្នុងបទសម្ភាសន៍មួយ កីឡាករដែលកំពុងប្រកបអាជីពនៅ LA Galaxy រូបនេះនិយាយថា៖ “ខ្ញុំយល់ថាការផ្ទេររបស់ Ronaldo ទៅកាន់ Juventus ជារឿងមួយដ៏អស្ចារ្យ ប៉ុន្តែខ្ញុំគិតថាវាមិនមែនជាការប្រកួតថ្មីស្អីឡើយសម្រាប់គេ (Ronaldo) ។ យើងមិនអាចហៅការផ្ទេរទៅកាន់ក្លិបមួយក្នុងចំណោមក្លិបល្អជាងគេលើលោក ថាជាការប្រកួតប្រជែងនោះឡើយ”។ 

Zlatan បានបន្តថា៖ “នេះប្រហែលមកពីការគិតរបស់គេ (Ronaldo) សម្រាប់ខ្ញុំ Challenge គឺជាការចូលរួមជួយក្លិបមួយឱ្យល្អបំផុតតាមដែលអាចធ្វើទៅបាន”។

កីឡាករ Zlatan Imbrahimovic

ទោះបីជាយ៉ាងណាក្តី Zlatan យល់ថា ការផ្ទេររបស់ Ronaldo ទៅកាន់ Juventus គឺពិតជាបានទាញយកចំណាប់អារម្មណ៍ពីអ្នកគាំទ្រជាច្រើន មកកាន់លីគអ៊ីតាលី។ ដោយឡែកពាក់ព័ន្ធនឹងការប្រកួតប្រជែងក្នុងពានរង្វាន់ UEFA Champions League វិញ Zlatan យល់ថា ឆ្នាំនេះគឺមានការប្រកួតប្រជែងខ្លាំងមែនទែន ហើយគ្មានក្រុមណាខ្លាំងដាច់ជាងក្រុមណាឡើយ។ សម្រាប់លោកផ្ទាល់យល់ថា ក្រុមដែលអាចឈ្នះពាន UEFA Champions League គឺជាអតីតក្រុមរបស់លោករួមមាន PSG, Manchester United, Juventus ឬ Barcelona ក៏ថាបាន៕

កីឡាករ Zlatan Imbrahimovic (កាលនៅ Man UTD)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]