រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែទី២ ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈក្មេងស្រីអាយុ១៤ឆ្នាំបានសម្រេច រួចទៅសំងំដេកនៅក្នុងបន្ទប់ជួលរបស់ក្មួយ។
ការព័ទ្ធចាប់ខ្លួនជនរូបនោះកាលពីម៉ោងប្រមាណ៣និង២០នាទីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០១៩ ចំណុចបន្ទប់ជួលក្បែរកន្លែងកើតហេតុ តាមផ្លូវ១០៣ ក្រុមទី៣ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ បន្ទាប់ពីម្តាយក្មេងស្រីរងគ្រោះបានប្តឹងនគរបាលឱ្យជួយអន្តរាគមន៍ ។
ជនសង្ស័យខាងលើរូបនោះត្រូវបាននគរបាលឱ្យដឹងថា ឈ្មោះសុខ វែង អាយុ៣៣ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួលក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះជាអានីតិជន ទើបតែអាយុ១៤ឆ្នាំប៉ុណ្ណោះ ស្នាក់នៅជាមួយម្ដាយ ។
តាមនគរបាលបានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះនៅផ្ទះតែម្នាក់ឯង និងកំពុងតែលេងទូរស័ព្ទ ស្រាប់តែជនសង្ស័យដែលធ្វើដំណើរទៅរកការងារធ្វើស្នាក់នៅផ្ទះក្មួយក្បែរកន្លែងកើតហេតុ មករកសុំខ្ទឹមស ក៏បានចូលទៅក្នុងបន្ទប់ក្មេង ស្រាប់តែចាប់ក្មេងស្រីរងគ្រោះខ្ទប់មាត់ រួចធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេចតែម្តង ។
តាមព័ត៌មានឱ្យដឹងទៀតថា បន្ទាប់ពីចាប់រំលោភក្មេងស្រីរួចមក ជនល្មោភកាមរូបនោះ ក៏បានដើរចេញពីបន្ទប់ទៅសំងំដេកក្នុងបន្ទប់របស់ក្មួយនៅក្បែរនោះ ។ ភ្លាមៗនោះ ម្តាយក្មេងស្រីរងគ្រោះក៏បានមកដល់ទើបបែកធ្លាយ បង្កឱ្យមានការភ្ញាក់ផ្អើល ហើយបាននាំគ្នាទៅចាក់សោបន្ទប់ជនសង្ស័យពីក្រៅ រួចទៅប្តឹងនគរបាលប៉ុស្តិ៍ឱ្យជួយអន្តរាគមន៍ឃាត់ខ្លួនបានតែម្តង ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]