ស៊ីប៖  អ្នកស្រី Maria Paraskeva មកពីប្រទេសស៊ីប បានបំបែកកំណត់ត្រា Guinness World Records ក្លាយជាកូនក្រមុំដែលមានរ៉ូបរៀបការវែងជាងគេបំផុតនៅលើពិភពលោក កាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០១៨។

គួរឱ្យដឹងថា អ្នកស្រី Marie តែងស្រមៃថាពេលរៀបការ គាត់នឹងកាត់រ៉ូបការដែលមានស្បៃយោងពីក្រោយវែងជាងគេបំផុត។ ឥឡូវនេះបំណងប្រាថ្នារបស់គាត់បានក្លាយទៅជាការពិតហើយ។

រ៉ូបការដែលអ្នកស្រី Maria ពាក់ បើនិយាយពីប្រវែងវិញប្រហែលជាមិនដឹងទីបញ្ចប់នៅទីណាទេ។ វាមានប្រវែងសរុប ៦,៩៦២ម៉ែត្រ អាចប្រៀបធៀបនឹងប្រវែងទីលានបាល់អោបដល់ទៅ ៦៣កន្លែងរួមបញ្ចូលគ្នាឯណោះ។

អ្នកស្រី Maria និងរូបការដ៏វែងរបស់គាត់

យោងតាមប្រសាសន៍របស់អ្នកស្រី Maria ផ្ទាល់បាននិយាយថា “ កាលពីខ្ញុំនៅតូច ក្តីស្រមៃដ៏ធំរបស់ខ្ញុំគឺចង់ពាក់រ៉ូបការវែងជាងគេបំផុតដើម្បីបំបែកកំណត់ត្រា Guinness World Records នេះ”

គួរបន្តថា អ្នកស្រីបានចំណាយទឹកប្រាក់សរុប ៤,០០០អ៊ឺរ៉ូ (ស្មើនឹង ៤,៥០០ដុល្លារ) ដើម្បីកាត់រ៉ូបការ និងបន្ថែមស្បៃយោងពីក្រោយដ៏វែងអន្លាយ។

អ្វីដែលជាភាពលំបាកសម្រាប់អ្នកស្រី Maria  គឺការដើររកទិញស្បៃដែលមានសាច់ទន់រលោងល្អ តាមបែបស្តង់ដារដែលនាងចង់បាន។ ចុងក្រោយនាងបានរកឃើញក្រុមហ៊ុនមួយដែលទទួលការរុំស្បៃដែលមានប្រវែង១០០០ម៉ែត្រ។

រោងចក្រដែលបានបង្កើតស្បៃនិងរ៉ូបការនេះឡើងបានចំណាយពេលអស់៣ខែក្នុងការធ្វើវាឲ្យចេញជារូបរាង។ បន្ទាប់ពីបង្កើតស្បៃតាមស្តង់ដារហើយ ជាងកាត់ដេរដែលមានវិជ្ជាជីវៈខ្ពស់បានធ្វើការដេរស្បៃទាំងនោះរួមបញ្ចូលគ្នា។

ស្បៃរុំសម្រាប់ធ្វើរូបការ
ជាងកាត់ដេរកំពុងអង្គុយដេរស្បៃបញ្ចូលគ្នា

អាពាហ៍ពិពាហ៍របស់អ្នកស្រី Maria បានប្រព្រឹត្តិឡើងនៅលើទីលានបាល់ទាត់ក្នុងសាលារៀន  ដែលជាទីកន្លែងតែមួយគត់ដែលអាចឲ្យនាងដាក់បង្ហាញនិងបន្លាយរ៉ូបការដ៏វែងអន្លាយនេះបានអស់។ នៅទីនោះមានមនុស្សម្នានិងមិត្តភក្តិរបស់អ្នកស្រី Maria ជាង៣០នាក់ បានស្ម័គ្រចិត្តទៅជួយបន្លាយរ៉ូបការឱ្យនាង ចៀសវាងការទាក់ រអាក់រអួល និងជំពាក់ផ្សេងៗ។ ពួកគេបានចំណាយពេល ៦ម៉ោងពេញទើបអាចបន្លាយរ៉ូបការនេះអស់។

ជាចុងក្រោយ អ្នកស្រី Maria បាននិយាយថា “ពួកយើងនឹងមិនអាចបំពេញក្តីបំណងនេះបានឡើយ បើគ្មានការជួយជ្រោមជ្រែងពីមនុស្សជុំវិញខ្លួនខ្ញុំ ដែលបានជួយបន្លាយរ៉ូបការដ៏វែងរបស់ខ្ញុំនេះ ហើយក៏អរគុណដល់ជាងថតរូបផងដែរ”។

ឥឡូវនេះ អ្នកស្រី Maria បានរៀបការជាមួយស្វាមីគាត់យ៉ាងមានសុភមង្គលហើយ៕ 

ស្បៃពេលបន្លាយរួច
អ្នកស្រី Maria និងស្វាមីក្នុងថ្ងៃរៀបការ
អ្នកស្រី Maria និងស្វាមីក្នុងថ្ងៃរៀបការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]