កំពង់ស្ពឺ៖ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ មានយុវជនប្រមាណ ៦០០ នាក់ក្នុងខេត្តកំពង់ស្ពឺ បានចូលរួមក្នុងការប្រកួតបាល់ទាត់ខ្នាតតូចអាយុក្រោម ១៨ ឆ្នាំ ដែលរៀបចំដោយក្រុមការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ឬហៅថា «ណាហ្គាវើលដ៍បេះដូងសប្បុរស»។ បន្ទាប់ពីការប្រកួត ៤ ថ្ងៃ យើងបានរកឃើញក្រុមឈ្នះចំនួន ៦ ក្រុម ដែលពួកគេទទួលបានពានរង្វាន់ និងមេដាយនៅក្នុងពិធីប្រគល់រង្វាន់នៅថ្ងៃនេះ ដែលមានការចូលរួមពីសំណាក់មន្ត្រីសហគមន៍ មន្ត្រីកីឡា គណៈគ្រប់គ្រងរបស់ណាហ្គាវើលដ៍ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ការប្រកួតនេះ គឺជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍកីឡាបាល់ទាត់ក្នុងខេត្តកំពង់ស្ពឺ ដែលជាគំនិតផ្តួចផ្តើមរយៈពេល ២ ឆ្នាំ របស់ណាហ្គាវើលដ៍បេះដូងសប្បុរសសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីជួយបណ្តុះបណ្តាលកីឡាករ-កីឡាការិនីបាល់ទាត់ជំនាន់ក្រោយនៅតាមសហគមន៍។ ក្នុងខែវិច្ឆិកា កាលពីឆ្នាំមុន គ្រូកីឡា ១២០ នាក់មកពីអនុវិទ្យាល័យ និងវិទ្យាល័យ ៩៤ ក្នុងខេត្តកំពង់ស្ពឺ បានទទួលការបណ្តុះបណ្តាលបច្ចេកទេសបង្ហាត់កីឡាបាល់ទាត់អាជីព ដែលផ្តល់ដោយក្លឹបបាល់ទាត់ណាហ្គាវើលដ៍ ដែលជាជើងឯកមិត្តហ្វូនខេមបូឌានលីគឆ្នាំ ២០១៨។

បន្ទាប់ពីការហ្វឹកហាត់រយៈពេល ២ ខែ មានក្រុមសរុប ២៨ ក្រុម (ក្រុមកុមារាមាន ១៩ ក្រុម និងកុមារីមាន ៩ ក្រុម) បានចូលរួមក្នុងការប្រកួតបាល់ទាត់ខ្នាតតូចអាយុក្រោម ១៨ ឆ្នាំដែលធ្វើឡើងនៅទីលាននៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ ពីថ្ងៃទី ២៨ ដល់ ៣១ ខែមករា។ ក្នុងប្រភេទកុមារា៖ ជើងឯក បានទៅលើវិទ្យាល័យកំពង់ស្ពឺ លេខ ២ បានទៅលើវិទ្យាល័យហ៊ុន សែន ភ្នំស្រួច និងលេខ ៣ បានទៅលើវិទ្យាល័យវាលពង់។ ចំណែកប្រភេទកុមារី ៖ ជើងឯក បានទៅលើវិទ្យាល័យអន្លង់ជ្រៃ លេខ ២ បានទៅលើវិទ្យាល័យឱរ៉ាល់ និងលេខ ៣ បានទៅលើវិទ្យាល័យវាលពង់។

នាយកគ្រប់គ្រងណាហ្គាវើលដ៍លោក Pern Chen បានមានប្រសាសន៍ថា៖

“ការអភិវឌ្ឍវិស័យកីឡា គឺជាគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមសំខាន់ទាំង ៤ របស់ក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស។ យើងមានគោលបំណងអភិវឌ្ឍកម្មវិធីកីឡាសម្រាប់សហគមន៍ និងលើកទឹកចិត្តឲ្យយុវជនចូលរួមលេងកីឡាដើម្បីបង្កើនសាមគ្គីភាពជាក្រុម មិត្តភាព និងភាពជាអ្នកដឹកនាំ។ យើងក៏មានគោលបំណងអភិវឌ្ឍកីឡាករ-កីឡាការិនីបាល់ទាត់ដ៏មានសក្តានុពល និងជួយបង្កើនសមត្ថភាពពួកគេ ដើម្បីឲ្យពួកគេមានទំនុកចិត្តជាងមុនក្នុងការប្រកួតក្នុងទីលាន និងក្រៅទីលានផងដែរ”។

លោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា៖

“យើងគាំទ្រពេញទំហឹងដល់គំនិតផ្តួចផ្តើមរបស់ណាហ្គាវើលដ៍បេះដូងសប្បុរសក្នុងការជួយធ្វើឲ្យកីឡាបាល់ទាត់នៅកម្ពុជាកាន់តែខ្លាំង។ ការបង្កើនគុណភាពនៃការបង្ហាត់នៅតាមសាលារៀន គឺជាវិធីដ៏មានប្រសិទ្ធភាពក្នុងការបង្កើនជំនាញបាល់ទាត់ក្នុងចំណោមកីឡាករវ័យក្មេងនៅតាមខេត្ត”។

អគ្គលេខាធិការរងនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាលោក ម៉ៃ តុលា បានមានប្រសាសន៍ថា៖

“កម្មវិធីនេះ នឹងជួយបង្កើនស្តង់ដារនៃការបង្ហាត់កីឡានៅតាមសាលារៀនទូទាំងខេត្តកំពង់ស្ពឺ និងបង្កើតឲ្យមានកីឡាករ-កីឡាការិនីឆ្នើមជាច្រើនក្នុងពេលអនាគតដ៏ខ្លីខាងមុខ។ យើងរីករាយដែលឃើញការអភិវឌ្ឍបែបនេះ”។

អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍ថា៖

“យើងមានសេចក្តីសោមនស្សរីករាយដែលណាហ្គាវើលដ៍ និងអង្គភាពពាក់ព័ន្ធរៀបចំកម្មវិធីដ៏ល្អនេះឡើងក្នុងខេត្តរបស់យើងដែលនឹងផ្តល់ផលប្រយោជន៍ដល់សិស្សានុសិស្សអាយុ ១៤ ដល់ ១៨ ឆ្នាំប្រមាណ ១៨.៥០០ នាក់”។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការជាតិអប់រំយុវជន និងកីឡា ធម្មការសាសនា កិច្ចការវប្បធម៌ និងទេសចរណ៍ សមាជិករដ្ឋសភាតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហាញការគាំទ្រចំពោះកម្មវិធីអភិវឌ្ឍយុវជនរបស់ណាហ្គាវើលដ៍នៅក្នុងសុន្ទរកថានៃពិធីប្រគល់រង្វាន់ថា៖

“រដ្ឋាភិបាល ប្តេជ្ញាអភិវឌ្ឍអត្តពលិក និងលើកកម្ពស់ស្តង់ដារនៃការបង្ហាត់កីឡានៅតាមសាលារៀនដែលវានឹងអាចផលិតកីឡាករឆ្នើមសម្រាប់ក្លឹបក្នុងស្រុកក៏ដូចជាក្រុមជម្រើសជាតិ”។
ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងសុន្ទរកថា

គួរដឹងផងដែរថា ដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍកីឡាបាល់ទាត់ក្នុងព្រះរាជាណាចក្រកម្ពុជា ណាហ្គាវើលដ៍បានសហការជាលក្ខណៈយូរអង្វែងជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយនឹងបន្តផ្តល់រង្វាន់ដល់អត្តពលិកកម្ពុជាដែលទទួលបានជ័យជម្នះនៅក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិធំៗ ដូចជាកីឡាទ្វីបអាស៊ី និងកីឡាអាស៊ីអាគ្នេយ៍ ជាដើម៕

ក្រុមឈ្នះពីការប្រកួតបាល់ទាត់យុវជនអាយុក្រោម ១៨ ឆ្នាំ
អនាគតតារាងបាល់ទាត់ កំពុងលេចចេញជារូបរាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]