(ភ្នំពេញ)៖ យប់មិញនេះ មាន​គ្រោះ​អគ្គិភ័យពីរករណី នៅទីតាំងផ្សេងគ្នា ដោយករណីទី១ ឆេះផ្ទះប្រជាពលរដ្ឋក្នុងខណ្ឌទួលគោក និងករណីទី២ ឆេះរោងចក្រផលិតម្ជុល នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខណ្ឌពោធិសែនជ័យ។

* ករណីទី១ កើតឡើងនាវេលាម៉ោង១០៖១០នាទី​យប់ ថ្ងៃទី០៨ ខែ​កុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះលេខ៣១៤ នៅតាមណ្តោយផ្លូវលេខ១៨២ ក្រុម២២ ភូមិ៩ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ចពន្លត់អគ្គិភ័យបានបញ្ជាក់ថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ តាំង​ ហ៊ុយមៀម ភេទប្រុស​ អាយុ៤៨ឆ្នាំ មុខរបរ លក់ដូរ (ចានឆ្នាំង) មូលហេតុ ឆ្លងចរន្តអគ្គីសនី។ ប្រភេទផ្ទះថ្មបេតុង ទំហំ០៤ម៉ែត្រ គុណ១៦ម៉ែត្រ ខូចខាត ឆេះជាន់ទី២ ទំហំ០៤ម៉ែត្រ គុណ០៨ម៉ែត្រ ​និងសម្ភារផ្ទះបាយ សម្រាប់លក់មួយចំនួន និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ។ ចំពោះករណីខាងលើនេះ មិនបណ្តាលឱ្យមនុស្សរបួសនោះទេ។

សម្រាប់ប្រតិបត្តិការនៃការជួយសង្គ្រោះ​វិញ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជាក់ថា ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យមកពីការិយាល័យអគ្គិភ័យចំនួន០៨គ្រឿង ប្រើប្រាស់ទឹកអស់១៨ឡាន ស្មើង៧២ម៉ែត្រគូប, រថយន្តជំនួយរថយន្តអគ្គិភ័យកងរាជអាវុធហត្ថចំនួន០២គ្រឿង​ ប្រើប្រាស់ទឹកអស់០២ឡាន​ ស្មើនឹង០៨ម៉ែត្រគូប​, រថយន្តអគ្គិភ័យក្រុមហ៊ុន OCIC ជ្រោយចង្វាចំនួន០៥គ្រឿង​ ប្រើប្រាស់ទឹកអស់០៤ឡាន​ ស្មើនឹង៣១ម៉ែត្រគូប​។

* ករណីទី២ កើតឡើងនាវេលាម៉ោង១៖៣០នាទី​ទៀបភ្លឺ ឈានចូលថ្ងៃទី០៩ ខែ​កុម្ភៈ ឆ្នាំ២០១៩ ឆេះនៅក្នុងរោងចក្រផលិតផលិតម្ជុលគ្រប់ប្រភេទ មិកូដុ ខេមបូឌា ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ តាមណ្តោយផ្លូវជាតិលេខ៤ ភូមិភ្លើងឆេះរទេះខាងលិច សង្កាត់ភ្លើងឆេះរេទះ ខណ្ឌពោធិ៍សែជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចពន្លត់អគ្គិភ័យបញ្ជាក់ថា រោងចក្រនេះមានប្រធានគ្រប់គ្រងឈ្មោះ ណា ប៉ិតានិ ភេទប្រុស អាយុ៥១ឆ្នាំ (ជនជាតិ ជប៉ុន) ហើយមូលហេតុនៃការឆាបឆេះ ដោយសារឆ្លងចរន្តអគ្គិសនី។ ចំពោះសម្ភារខូចខាតរួមមាន៖ ឆេះរោងចក្រផលិតម្ចុលគ្រប់ប្រភេទទំហំ៤០ម៉ែត្រ គុណ៤៥ម៉ែត្រ ចំនួន០១រោងចក្រ ដោយបំផ្លាញគ្រឿងម៉ាស៊ីនអស់ជាច្រើនគ្រឿង។

ហេតុការណ៍​នេះ​ដែរ​ ក៏មិនបណ្តាលឱ្យ​មាន​នរណា​ម្នាក់រងរបួស​ឡើយ ​គឺ​គ្រាន់​តែ​ខូច​ខាត​សម្ភារ​មួយ​ចំនួន​ធំប៉ុណ្ណោះ​។ ​សម្រាប់ប្រតិបត្តិការនៃការជួយសង្គ្រោះ​នេះ ត្រូវបានកម្លាំងសមត្ថកិច្ច​ពន្លត់​អគ្គិភ័យ​ បានបញ្ជាក់ថា ប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ ចំនួន២៦គ្រឿង ប្រើប្រាស់ទឹកអស់៥២ឡាន ស្មើនឹង២០៨ម៉ែត្រគូប, រថយន្តជំនួយកងពលតូចលេខ៧០ ចំនួន០៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៥ឡាន ស្មើនឹង៥០ម៉ែត្រគូប, រថយន្តជំនួយក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ចំនួន០៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៦ឡាន ស្មើនឹង៣០ម៉ែត្រគូប។ អគ្គិភ័យនេះត្រូវបាន​ពន្លត់​រលត់ ជាស្ថាពរ​នៅ​វេលា​ម៉ោង០៤៖៣០នាទីព្រឹក៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]