(ក្រចេះ)៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបប្រមាណជាង២ម៉ឺននាក់ បានចូលមកកម្សាន្តនៅរមណីយដ្ឋានក្នុងខេត្តក្រចះចំនួន៣កន្លែង ដែលជារមណីដ្ឋានទាក់ទាញជាងគេ មានរមណីដ្ឋាន ទឹកជួរព្រែកកាំពីទន្លេមេគង្គ អន្លង់ផ្សោត និងរមណីយដ្ឋានឆ្នេរខ្សាច់កៅទ្រង់ ក្នុងនោះរមណីដ្ឋានទឹកជួរកាំពីទន្លេមេគង្គ មានភ្ញៀវទេសចរមកលេងច្រើនជាងគេ។

តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តក្រចេះ បញ្ជាក់ឲ្យដឹងថា ភ្ញៀវទេសចរដែលចូលមកខេត្តក្រចេះ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ សរុបរួមមានចំនួន ២៥,០៧៥នាក់ ប្រៀបធៀបនឹងរយៈ ពេលដូចគ្នាឆ្នាំ២០១៨ មានចំនួន ២៧,២៨០នាក់ ថយចុះចំនួន២,២០៥នាក់ ស្មើនឹង៨,០៨%។ ក្នុងនោះភ្ញៀវទេសចរណ៍អន្តរជាតិមានចំនួន ៥១៣នាក់ ធៀបនឹងឆ្នាំ២០១៨ ចំនួន៤៧៨នាក់ កើនឡើង៣៥នាក់ ស្មើនឹង៧,៣២%។

ពាក់ព័ន្ធនឹងការថយចុះនៃភ្ញៀវទេសចរ ដែលចូលមកកំសាន្ដនៅខេត្តក្រចេះ លោក ចាន់ សុគន្ធី អនុប្រធានមន្ទីរទេសចរណ៍ខេត្ត បានបញ្ជាក់ឲ្យដឹង នៅរសៀលថ្ងៃទី៨ ខែកុម្ភះនេះថាបណ្តាលមកពីកត្តាចំនួន៣។​​

លោកថា កត្តាទី១៖ តំបន់ភូមិភាគឦសាន្តនៃប្រទេសកម្ពុជា ដូចជាខេត្តមណ្ឌលគិរី និងរតនគិរី ជាខេត្តមួយដែលភ្ញៀវទេសចរ កំពុងចាប់អារម្មណ៍, កត្តាទី២៖ ដោយសារកន្លងមករមណីយដ្ឋានទឹកជួរកាំពី ត្រូវបានទឹកទន្លេមេគង្គ ជន់លិចមួយរយៈពេលខ្លីអាចភ្ញៀវមួយចំនួនគិតថា ទឹកមិនទាន់ស្រកហើយបង្វែទិសដៅកម្សាន្ត និងកត្តាទី៣៖ អាចមានផលប៉ះបន្តិចបន្តិច មកពីផ្លូវចាប់ពីកំពង់រាំងមកក្រចេះ កំពុងជួសជុលតាមស្ពាននីមួយៗរាងពិបាកធ្វើដំណើរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកអនុប្រធានមន្ទីររូបនោះរំពឹងថា នៅថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ ខេត្តក្រចេះនឹងមានកំណើនភ្ញៀវទេសចរ ដូចរៀងរាល់ឆ្នាំ ព្រោះមន្រ្តីរាជការ និងបណ្ដាក្រុមហ៊ុននានា ត្រូវឈប់សម្រាកទាំងអស់។

រមណីយដ្ឋានទឹកជួរកាំពីទន្លេមេគង្គ មានភ្ញៀវទេសចរចូលរួមកំសាន្តច្រើនជាងគេ ព្រោះថារមណីយដ្ឋានទឹកជួរកាំពីទន្លេមេគង្គ ជារមណីដ្ឋានដែលមានសោភណភាពស្អាតជាងគេ មានទឹកហូរ មានរោងអង្គុយញ៉ាំអាហារ ដែលសង់លើទឹកហូរ អង្គុយទស្សនាទឹកហូរជាជួរៗ និងមានទឹកសម្រាប់ភ្ញៀវហែល មុជទឹកលេងតាមចិត្ត ហើយតម្លៃរោងអង្គុយទស្សនាថោកសមរម្យ និងម្ហូបអាហារមានអនាម័យ ហើយមានរស់ជាតិឆ្ញាញ់។

យោងតាមការបញ្ជាក់ពីគណៈកម្មការគ្រប់គ្រងរមណីយដ្ឋាន បានឲ្យដឹងថា នៅរមណីយដ្ឋានទឹកជួរកាំពី មានផ្នែកអនាម័យបរិស្ថាន សេវាកម្ម សន្តិសុខសណ្ដាប់ធ្នាប់ មានការសហការគ្នា បានល្អគ្រប់ផ្នែក សន្តិសុខសណ្ដាប់ធ្នាប់ និងត្រួតពិនិត្យអនាម័យបរិស្ថាន នៅតាមកន្លែងរមណីយដ្ឋានមួយចំនួនក្នុងខេត្ត ពិសេសរមណីយដ្ឋានទឹកជួរកាំពីទន្លេមេគង្គ-កាំពី មានអ្នកដើរប្រមូលលសំរាមជាប្រចាំ មានធុងសម្រាម នៅតាមផ្ទះទឹក និងមានរៀបចំបង្គន់អនាម័យសម្រាប់ភ្ញៀវទេសចរផងដែរ។

សូមបញ្ជាក់ថា រមណីយដ្ឋានទឹកជួរកាំពីទន្លេមេគង្គ នៅបណ្ដោយផ្លូវជាប់មាត់ទន្លេមេគង្គ ដែលចម្ងាយពីទីរួមខេត្តប្រមាណ ១៦គីឡូម៉ែត្រ ស្ថិតនៅភូមិសំបុក ឃុំបុក ស្រុកចិត្របុរី ខេត្តក្រចេះ៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]