ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​ឪពុកចុង​ម្នាក់​ត្រូវ​បាន​នគរបាល​ចាប់​ខ្លួន ក្រោយ​ពី​ចាប់រំលោភ​ទៅ​លើ​កូនស្រី​ចុង​របស់​ខ្លួន​ទើបតែ​អាយុ​៩​ឆ្នាំ ។ ករណី​នេះ​ត្រូវ​បាន​ចាប់ខ្លួន​កាល​ពី​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ស្វាយ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ជនសង្ស័យ​ជា​ឪពុកចុង​ខាងលើ​ឈ្មោះ ដៀប ដេ​ត អាយុ​៣៥​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​កន្លែង​កើតហេតុ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​អាយុ​០៩​ឆ្នាំ ជា​សិស្ស រស់នៅ​ក្នុង​បន្ទុក​ជាមួយ​ម្តាយ និង​ឪពុកចុង​ដែល​ជា​ជនសង្ស័យ​ខាងលើ​នេះ​។

បើ​តាម​ការ​សាកសួរ​បឋម​របស់​សមត្ថកិច្ច​លើ​ក្មេង​ស្រី​រង​គ្រោះ​បាន​បញ្ជាក់​ថា ការ​ចាប់រំលោភ​មក​លើ​ខ្លួន​ពី​សំណាក់​ឪពុកចុង​នេះ គឺ​ជនសង្ស័យ​បាន​ប្រព្រឹត្ត​សម្រេច​ចំនួន​០៣​លើក​រួច​មក​ហើយ​។

ក្មេង​ស្រី​រង​គ្រោះ​បាន​បន្ត​ថា កាលពី​ឪពុកចុង​រំលោភ​2​លើក​មុន ខ្លួន​បាន​បង្ហើប​ប្រាប់​ម្តាយ​ដែរ តែ​ម្តាយ​ហាក់បីដូចជា​មិន​ជឿ លុះ​នៅ​លើក​ទី​៣ ថ្ងៃ​ទី​4 កុម្ភៈ​នេះ មិន​ខុស​ពី​លើក​មុន​ឡើយ ស្រប​ពេល​ម្តាយ​ទៅ​ធ្វើការ​រោងចក្រ​ដូច​សព្វដង ខ្លួន​ក៏​ត្រូវ​ឪពុកចុង​នោះ​ចាប់រំលោភ​ទៀត ប៉ុន្តែ លើក​នេះ​ខ្លួន​បាន​ទៅ​ប្រាប់​អ្នក​ជិតខាង ហើយ​ដំណឹង​នេះ​បានដឹង​ដល់​ឪពុក​បង្កើត​ដែល​បាន​លែងលះ​គ្នា​មួយ​ម្តាយ​ទៅ​នៅ​ខេត្តកំពត ក្រោយមក​ឪពុក​បង្កើត​បាន​មក និង​នាំ​ទៅ​ពិនិត្យ ហើយ​គាត់​ក៏​បាន​ដាក់​ប្តឹង ក៏​ឈាន​ដល់​ឃាត់ខ្លួន​តែ​ម្តង​ទៅ ។

យ៉ាងណា​ក៏​ដោយ ចម្លើយ​របស់​ជនសង្ស័យ​ជា​ឪពុកចុង​នោះ​ផ្ទុយ​នឹង​ចម្លើយ​របស់​ក្មេង​រង​គ្រោះ​ដែល​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ជាបឋម​ថា ខ្លួន​បាន​ប៉ះពាល់​ក្មេង​រង​គ្រោះ​តែ​2​ដង​ប៉ុណ្ណោះ ហើយ​មិន​បាន​សម្រេច​នោះ​ទេ ។

បច្ចុប្បន្ន​នគរបាល​ស្រុក​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​ស្នងការ​ខេត្ត​ដើម្បី​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]