បាងកក៖ លទ្ធផលប្រតិបត្តិការអាជីវកម្មឆ្នាំ ២០១៨ របស់ក្រុមហ៊ុន អេសស៊ីជី (SCG) បានបង្ហាញថា ប្រាក់ចំណេញជារួមពីអាជីវកម្មសារធាតុគីមីមានការថយចុះ បើទោះបីជាអាជីវកម្មវេចខ្ចប់បានបង្ហាញឲ្យឃើញពីកំណើនខ្លាំងជាប់ជានិច្ច ហើយអាជីវកម្មស៊ីម៉ងត៍-សម្ភារៈសំណង់មានដំណើរការយ៉ាងល្អ។ SCG កំពុងព្យាយាមជម្រុញយុទ្ធសាស្ត្រដ៏សំខាន់ចំនួន ២ ក្នុងឆ្នាំ ២០១៩ ដោយផ្តោតលើស្ថិរភាពហិរញ្ញវត្ថុ និងការគ្រប់គ្រងកំណើនរយៈពេលវែង តាមរយៈការផ្ដល់នូវសេវាកម្មគ្រប់ជ្រុងជ្រោយ និងគំរូអាជីវកម្មថ្មីដែលប្រើប្រាស់បច្ចេកវិទ្យាឌីជីថលស៊ីជម្រៅ និងសហការជាមួយនឹងក្រុមហ៊ុនអាជីវកម្មថ្មីឈានមុខគេក្នុងតំបន់ ក៏ដូចជាជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ទូទាំងពិភពលោក។ ទន្ទឹមនឹងនេះ អេសស៊ីជី កំពុងស្វែងរកឱកាសថ្មីៗដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជននៅក្នុងតំបន់។

លោក Roongrote Rangsiyopash ជាប្រធាន និងនាយកប្រតិបត្តិរបស់អេសស៊ីជី បានបង្ហាញនូវលទ្ធផលប្រតិបត្តិការមុនសវនកម្មរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំ ២០១៨ ដែលក្នុងនោះប្រាក់ចំណូលពីការលក់ដែលបានចុះបញ្ជីរួចមានទំហំទឹកប្រាក់ ៥៩.៩៣០ ពាន់លានរៀល (១៤.៨០៨ លានដុល្លារ) គឺបានកើនឡើង ៦% បើធៀបនឹងឆ្នាំមុន។ ប្រាក់ចំណេញសម្រាប់ឆ្នាំ ២០១៨ គឺមានចំនួន ៥.៦០៥ ពាន់លានរៀល (១.៣៨៥ លានដុល្លារ) ដែលបានធ្លាក់ចុះ ១៩% បើធៀបនឹងឆ្នាំ ២០១៧ ដោយសារតែភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកលលោក ពោលគឺសង្គ្រាមពាណិជ្ជកម្ម ទីផ្សារប្រេងឡើងចុះ និងការកើនឡើងនូវតម្លៃប្រាក់បាតរបស់ថៃ ដែលធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មជារួមរបស់អេសស៊ីជី។

លោក Roongrote Rangsiyopash

ក្នុងឆ្នាំ ២០១៨ ប្រាក់ចំណូលពីការលក់ផលិតផល និងសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់ (HVA) មានទំហំទឹកប្រាក់ ២៣.១៦៩ ពាន់លានរៀល (៥.៧២៥ លានដុល្លារ) ដែលបានកើនឡើង ៥% បើធៀបនឹងឆ្នាំ ២០១៧ ហើយស្មើនឹង ៣៩% នៃប្រាក់ចំណូលសរុបពីការលក់។ ការចំណាយលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍នវានុវត្តន៍មានទំហំទឹកប្រាក់សរុប ៥៨៥ ពាន់លានរៀល (១៤៥ លានដុល្លារ) ឬស្មើនឹង ១% នៃប្រាក់ចំណូលសរុបពីការលក់។

ប្រាក់ចំណូលពីការលក់របស់អេសស៊ីជីសម្រាប់ត្រីមាសទី ៤ ឆ្នាំ ២០១៨ គឺមានទំហំទឹកប្រាក់ ១៤.៤៨៣ លានរៀល (៣.៥៧២ លានដុល្លារ) ដែលបានធ្លាក់ចុះ ៤% បើធៀបនឹងត្រីមាសទីបី ដោយសារតែការធ្លាក់ចុះនូវតម្លៃផលិតផលគីមី ។ ទោះជាយ៉ាងណា ប្រាក់ចំណូលសម្រាប់ត្រីមាសទីបួន ឆ្នាំ ២០១៨ គឺបានកើនឡើង ៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧ ដោយសារតើកំណើននៃការលក់សារធាតុគីមី និងកំណើនលូតលាស់នៃអាជីវកម្មស៊ីម៉ងត៍-សម្ភារសំណង់ នៅក្នុងស្រុក។ ប្រាក់ចំណេញក្នុងត្រីមាសទី ៤ នេះគឺមានទំហំទឹកប្រាក់ ១.២៩៣ ពាន់លានរៀល (៣១៩ លានដុល្លារ) គឺបានកើនឡើង ១១% បើធៀបនឹងត្រីមាសទី ៣ ដោយសារតែការរួមចំណែកនៃភាគលាភតាមរដូវកាលដែលបានមកពីអាជីវកម្មវិនិយោគនៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០១៨ ប៉ុន្តែ កម្រិតប្រាក់ចំណេញនេះបានធ្លាក់ចុះ ១៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧ ដែលការធ្លាក់ចុះនេះគឺដោយសារតែការធាក់ថយរបស់អាជីវកម្មគីមី។ ប្រាក់ចំណេញរបស់អេសស៊ីជីដែលបានមកពីការលក់នាំចេញមានទំហំទឹកប្រាក់ ១៦.៣៩៦ លានរៀល (៤.០៥១ លានដុល្លារ) ដែលស្មើនឹង ២៧% នៃប្រាក់ចំណូលសរុបពីការលក់ និងដែបានកើនឡើង ៦% បើធៀបនឹងឆ្នាំ ២០១៧។

SCG announces operating result FY2018

ក្រុមហ៊ុនអេសស៊ីជីក្នុងតំបន់អាស៊ាន (លើកលែងប្រទេសថៃ)

ក្នុងតំបន់អាស៊ាន (លើកលែងប្រទេសថៃ) ប្រាក់ចំណូលពីការលក់សម្រាប់ត្រីមាសទី ៤ ឆ្នាំ ២០១៨ មានទំហំទឹកប្រាក់ ៣.៧១៥ ពាន់លានរៀល (៩១៦ លានដុល្លារ) ដែលបានកើនឡើងចំនួន ៩% បើធៀបនឹងត្រីមាសទី ៤ ឆ្នាំ ២០១៧ ហើយស្មើនឹង ២៦% នៃប្រាក់ចំណូលពីការលក់សរុបរបស់អេសស៊ីជី។ ក្នុងឆ្នាំ ២០១៨ ប្រាក់ចំណូលពីការលក់ មានទំហំទឹកប្រាក់ ១៤.៧៨៣ ពាន់លានរៀល (៣.៦៥៣ លានដុល្លារ) ដែលបានកើនឡើង ១១% បើធៀបនឹងឆ្នាំ ២០១៧។ ក្នុងនោះរាប់បញ្ចូលទាំងការលក់តាមរយៈប្រតិបត្តិការនៅក្នុងស្រុកនៃទីផ្សារប្រទេសអាស៊ាននីមួយៗ និងការនាំចូលពីប្រទេសថៃផង។

គិតត្រឹមថ្ងៃទី ៣១ ធ្នូ ២០១៨ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុនអេសស៊ីជី គឺមានទំហំទឹកប្រាក់ ៧២.៨៧១ ពាន់លានរៀល (១៨.១៩៥ លានដុល្លារ) ។ ចំណែកឯទ្រព្យសកម្មសរុបរបស់អេសស៊ីជីក្នុងតំបន់អាស៊ាន (លើកលែងប្រទេសថៃ) គឺមានទំហំទឹកប្រាក់ ២០.២២០ ពាន់លានរៀល (៥.០៤៩ លានដុល្លារ) ដែលស្មើនឹង ២៦% នៃទ្រព្យសកម្មសរុបរបស់អេសស៊ីជី។

Mr. Thammasak Sethaudom

ក្រុមហ៊ុនអេសស៊ីជីក្នុងប្រទេសកម្ពុជា

នៅក្នុងទីផ្សារប្រទេសកម្ពុជា ប្រាក់ចំណូលពីការលក់សម្រាប់ត្រីមាសទី ៤ ឆ្នាំ ២០១៨ របស់ក្រុមហ៊ុនអេសស៊ីជី គឺមានទំហំទឹកប្រាក់ ៣៩១ ពាន់លានរៀល (៩៦ លានដុល្លារ)។ ប្រាក់ចំណូលពីការលក់ក្នុងឆ្នាំ ២០១៨ មានទំហំទឹកប្រាក់ ១.៦០៣ ពាន់លានរៀល (៣៩៦ លានដុល្លារ) ដែលបានកើនឡើង ១៥% បើធៀបនឹងឆ្នាំ ២០១៧។

ដោយមើលឃើញពីការលូតលាស់នូវវិស័យសំណង់ក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនអេសស៊ីជី ក្នុងនាមជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណង់ឈានមុខគេ និងដោយមានការសហការជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំនូវការប្រកួតជាងសំណង់ថ្នាក់ជាតិក្នុងរាជធានីភ្នំពេញ ដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍន៍ជាងសំណង់ និងឧស្សាហកម្មសំណង់។ ជាងសំណង់ចំនួន ៨ ក្រុម បានចូលរួមនៅក្នុងវគ្គផ្ដាច់ព្រាត់ ដើម្បីស្វែងរកកំពូលជាងកំបោរ និងជាងដំបូលប្រចាំប្រទេសកម្ពុជា។ ក្រោយពេលការប្រកួតនេះ បេក្ខជននឹងចូលរួមនៅក្នុងសេវាផ្គូផ្គងជាងសំណង់របស់អេសស៊ីជីក្នុងនាមជាជាងសំណង់ដែលយើងណែនាំដល់ម្ចាស់គម្រោងសាងសង់។ នៅក្នុងឆ្នាំ ២០១៩ អេសស៊ីជីមានគម្រោងពង្រីកកម្មវិធីនេះ ដើម្បីបានគ្របដណ្ដប់លើសម្ភារៈសំណង់ផ្សេងទៀត ដូចជា ស្មាតបតអេសស៊ីជី និងស្មាតវូដអេសស៊ីជី ដែលទាំងនេះអាចជួយឲ្យជាងសំណង់បានរៀននូវជំនាញថ្មីៗ និងរកប្រាក់ចំណូលបានកាន់តែច្រើនជាងមុន។

ជាងសំណង់ប្រកបដោយវិជ្ជាជីវៈ

លោក Roongrote បានថ្លែងថា៖ 

«ក្នុងឆ្នាំ ២០១៩ អេសស៊ីជី នឹងបន្តផ្ដោតលើយុទ្ធសាស្ត្រចំនួនពីរ។ មួយគឺ ស្ថិរភាព ដែលក្រុមហ៊ុនអាចរក្សាបានជាបន្តបន្ទាប់ ហើយចាត់វិធានការបានភ្លាមៗដើម្បីទប់ទល់នឹងការប្រែប្រួលផ្នែកសេដ្ឋកិច្ចរបស់សកលលោកកាលពីពេលថ្មីៗ ដែលវិធានការនេះបានជួយឲ្យអនុបាតភាពចំណេញរបស់អេសស៊ីជីប្រចាំឆ្នាំ ២០១៨ មានកម្រិត ៩% ដែលនេះជាតួលេខរឹងមាំមួយ បើប្រៀបធៀបនឹងទិដ្ឋភាពជារួមនៃឧស្សាហកម្មនេះ។ បន្ថែមលើនេះ ស្ថានភាពហិរញ្ញវត្ថុរបស់យើងនៅតែរឹងមាំ ដែលក្នុងនោះអនុបាតធៀបរវាងបំណុល និង EBITDA គឺមានកម្រិត ១.៧ ដង ខណៈដែលប្រាក់កម្ចីភាគច្រើនគឺគិតជាប្រាក់បាតរបស់ថៃ ដែលក្នុងនោះជាង ៩០% មានអត្រាថេរ។ លំហូរសាច់ប្រាក់មានស្ថិរភាពដោយសារតែដំណើរការរឹងមាំនៃអាជីវកម្មស្នូលរបស់យើង»។
SCG announces operating result FY2018

យុទ្ធសាស្ត្រមួយទៀត គឺការគ្រប់គ្រងកំណើនរយៈពេលវែង។ ក្រៅពីការពង្រឹងការអភិវឌ្ឍនូវផលិតផល និងសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់ ដើម្បីលើកកម្ពស់កម្រិតបទដ្ឋាននៃការរស់នៅ និងកសាងកំណើនអាជីវកម្មឲ្យមានចីរភាព នៅឆ្នាំនេះអេសស៊ីជី នឹងផ្ដោតលើការដាក់ចេញនូវដំណោះស្រាយនានា ដើម្បីបំពេញតម្រូវការរបស់អតិថិជនឲ្យបានគ្រប់គ្រាន់។ ដំណោះស្រាយជាហូរហែ គឺនឹងត្រូវបានដាក់ចេញដោយអាជីវកម្មស្នូលរបស់ក្រុមហ៊ុនដូចជា៖ អាជីវកម្មសារធាតុគីមី ដែលផ្ដល់សេវាជួយឲ្យឡឧស្សាហកម្មសន្សំសំចៃថាមពល ដំណោះស្រាយផ្ទាំងថាមពលពន្លឺព្រះអាទិត្យបណ្ដែតទឹក សម្រាប់ការផលិតថាមពលដោយពន្លឺព្រះអាទិត្យ ដែលមានសេវាកម្មគ្រប់ជ្រុងជ្រោយដូចជា ការរៀបចំទីតាំង ការដំឡើង និងសេវាថែទាំជាដើម។ អាជីវកម្មវេចខ្ចប់៖ ជាក្រុមហ៊ុនផ្ដល់ដំណោះស្រាយផ្នែកវេចខ្ចប់គ្រប់ជ្រុងជ្រោយ ដែលមានបំណងជំរុញវិធីសាស្ត្រសេដ្ឋកិច្ចវិលជុំ នៅក្នុងសេវាកម្ម និងការប្រតិបត្តិរបស់ក្រុមហ៊ុន ដូចជា សេវារៀបចំការវេចខ្ចប់ ដែលផ្ដោតលើអតិថិជន ដំណើរការប្រើប្រាស់ឡើងវិញនូវវត្ថុធាតុដើម។ អាជីវកម្ម ស៊ីម៉ងត៍-សម្ភារៈសំណង់៖ ដែលបានណែនាំនូវដំណោះស្រាយផ្នែកសំណង់ ដែលបានច្របាច់បញ្ចូលគ្នានូវជំនាញផលិតកម្មគុណភាពខ្ពស់ជាមួយនឹងបច្ចេកវិទ្យាទំនើប ដើម្បីអភិវឌ្ឍន៍ដំណោះស្រាយស្នូលចំនួន ៩ ដូចជា ដំណោះស្រាយពេញ មួយអាយុកាល ដែលជួយវាយតម្លៃសុក្រឹតទៅលើសំណង់អគារមុនពេលរៀបចំនូវវិធីសាស្ត្រសាងសង់ ការពង្រីកសំណង់ និងការពង្រឹងគ្រោងសំណង់ ដោយប្រើប្រាស់ឧបករណ៍វិស្វកម្មទំនើបៗ។ ជាងនេះទៅទៀត អេសស៊ីជី ក៏មានបំណង អភិវឌ្ឍគំរូអាជីវកម្មថ្មីៗ ដើម្បីបង្កើនភាពប្រកួតប្រជែង និងឈរជើងរឹងមាំ នៅក្នុងពិភពលោកដែលមានការវិវត្តយ៉ាងឆាប់រហ័សនេះ។

បុគ្គលិក SCG

អេសស៊ីជី ប្រើប្រាស់នូវបច្ចេកវិទ្យាឌីជីថលយ៉ាងច្រើន ដូចជា ប្រាជ្ញានិម្មិត (AI) ដើម្បីជួយវិភាគពីការយល់ឃើញរបស់អតិថិជន បច្ចេកវិទ្យា Blockchain ជាកម្មវិធីឌីជីថល ដែលផ្សារភ្ជាប់គ្រឹះស្ថានហិរញ្ញវត្ថុជាមួយនឹងអាជីវករដោយស្វ័យប្រវត្តិ និងផ្ដល់លទ្ធភាពក្នុងការចែករំលែកព័ត៌មានប្រកបដោយប្រសិទ្ធភាព ការអភិវឌ្ឍដំណើរការស្វ័យកម្មដោយមនុស្សយន្ត (RPA) និងបច្ចេកវិទ្យាម៉ាស៊ីន ដែលជួយដោះស្រាយភាពស្មុគស្មាញនៃប្រព័ន្ធផលិតកម្ម ដែលអនុញ្ញាតឲ្យមានផលិតភាពគ្រប់គ្រាន់ ដើម្បីបំពេញតាមសេចក្តីត្រូវការរបស់ទីផ្សារ ការវិនិយោគបច្ចេកវិទ្យាស៊ីជម្រៅ ដើម្បីបានដឹងពីនិន្នាការនាពេលអនាគតដូចជា ធនធានទាន់សម័យថ្មីៗ និងបច្ចេកវិទ្យាស្អាត ដើម្បីជួយដល់ដំណើរការផលិតកម្ម នៅគ្រប់ដំណាក់កាលនៃចង្វាក់តម្លៃ និងកាត់បន្ថយការចំណាយ និងជួយដល់ការធ្វើដំណើរឆ្ពោះទៅរកការអភិវឌ្ឍន៍នៃឧស្សាហកម្ម ៤.០ តាមរយៈកម្មវិធីអភិវឌ្ឍន៍សមត្ថភាពបុគ្គលិកខាងក្នុង ជាបន្តបន្ទាប់ ឈ្មោះថា “Internal Startup” ដើម្បីជួយឲ្យស្ថាប័នមានភាពមាំមួន ហើយជំរុញឲ្យមានការគិតរៀបចំ និងទម្លាប់ប្រតិបត្តិការងារថ្មីៗ ដើម្បីបានស្វែងយល់ពីការគិតរបស់អតិថិជន។ កម្មវិធីនេះបានជួយឲ្យមានដំណោះស្រាយសម្រាប់អតិថិជន និងអាជីវកម្មនានាបានចំនួន៤០ក្រុម ក្នុងចំណោមអតិថិជន និងអាជីវកម្មទាំង១០០ក្រុម សម្រាប់ការអភិវឌ្ឍគំរូអាជីវកម្មដោយជោគជ័យ ដើម្បីបំពេញតាមតម្រូវការទីផ្សារ។ ភាពជោគជ័យទាំងនេះរួមមានកម្មវិធីសម្រាប់ការដឹកជញ្ជូនកញ្ចប់អាហារ សេវារចនាឡូហ្គោ សម្រាប់អាជីវកម្មទាំងអស់ និងប្រព័ន្ធគ្រប់គ្រងអតិថិជន និងការតាមដានការលក់សម្រាប់ហាងផ្គត់ផ្គង់ឧបករណ៍សំណង់។

កិច្ចខិតខំប្រឹងប្រែងប្រកបដោយចីរភាពមួយទៀតគឺការពង្រឹង កិច្ចសហការបើកចំហ តាមរយៈការវិនិយោគលើអាជីវកម្មថ្មីឈានមុខ នៅតាមតំបន់នានា ដែលមានបច្ចេកវិទ្យា ឬនវានុវត្តន៍ស្របគ្នានឹងអាជីវកម្មស្នូលទាំងបីរបស់អេសស៊ីជី តាមរយៈគម្រោង “AddVentures” របស់ខ្លួន ក៏ដូចជាការពង្រឹងសក្ដានុពលរបស់អាជីវកម្មថ្មី ដែលក្រុមហ៊ុនបានវិនិយោគ។ អេសស៊ីជីបានវិនិយោគដោយផ្ទាល់ទៅក្នុងអាជីវកម្មថ្មីចំនួន ១០ ដែលមានបច្ចេកវិទ្យាផ្សេងៗគ្នា ដូចជាកម្មវិធីផ្គូផ្គងអ្នកជំនាញបច្ចេកវិទ្យា ដើម្បីជំរុញអាជីវកម្មឌីជីថល ក្រុមហ៊ុនអភិវឌ្ឍមនុស្សយន្ត បន្ថែមលើការវិនិយោគដែលប្រើប្រាស់មូលនិធិផ្ដោតលើអាជីវកម្មថ្មី។ ជាងនេះទៅទៀត អេសស៊ីជី ក៏បានពង្រីកកិច្ចព្រមព្រៀងពាណិជ្ជកម្មបន្ថែមទៀតទៅក្នុងគម្រោងជិត ១០០ គម្រោងជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យានានា ក្នុងបំណងប្រើប្រាស់នវានុវត្ត ដើម្បីពង្រឹងអាជីវកម្មស្នូល ឬបង្កើតអាជីវកម្មថ្មីៗ។ ក្រៅពីនេះ ក្រុមហ៊ុន សហការជាមួយនឹងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ជុំវិញពិភពលោក តាមរយៈមជ្ឈមណ្ឌលនវានុវត្តបើកចំហ (Open Innovation Center) ដើម្បីបង្កើនបណ្ដាញនវានុវត្តន៍របស់ខ្លួន។

ក្រៅពីការជំរុញកំណើនអាជីវកម្មរយៈពេលវែង អេសស៊ីជីនឹងបន្តពង្រីកឱកាសរបស់ខ្លួនដើម្បីនាំចេញនូវផលិតផល និងសេវាកម្មប្រកបដោយនវានុវត្តភាព ដោយពិនិត្យតាមដានលើទិសដៅទីផ្សារសកល ដើម្បីបំពេញតាមសេចក្តីត្រូវការរបស់អតិថិជន។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏នឹងពន្លឿនគម្រោងវិនិយោគ ដើម្បីជួយជំរុញកំណើនអាជីវកម្មទៅថ្ងៃអនាគតទាំងនៅក្នុងទីផ្សារអាស៊ានដែលកំពុងរីកលូតលាស់ និងទីផ្សារថ្មី និងមានសក្ដានុពលផ្សេងទៀតដូចជា ការនាំចេញសារធាតុគីមីទៅកាន់ទីផ្សារចិន ការធ្វើអាជីវកម្មលក់រាយ និងដឹកជញ្ជូននៅក្នុងតំបន់ជាដើម។

Staff capability development program
Blockchain
Internal Startup
SCG ប្រកាសលទ្ធផលប្រតិបត្តិការអាជីវកម្មឆ្នាំ ២០១៨

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]