(ស្វាយរៀង)៖ ជនជាតិអ៊ីស្រាអែលម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនបានក្នុងផ្ទះសំណាក់មួយ ស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង រួមជាមួយគ្រឿងញៀន និងវត្ថុតាងមួយចំនួន ហើយត្រូវបានបញ្ជូនទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។

បើតាមលោកវរសេនីយ៍ឯក កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនខាងលើ ត្រូវបានធ្វើឡើងនាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងផ្ទះសំណាក់ ជីង ឡុង ក្រោយពីសមត្ថកិច្ចជំនាញបានទទួលព័ត៌មានពីម្ចាស់ផ្ទះសំណាក់ថា មានការសង្ស័យលើជនបរទេសមកស្នាក់នៅបន្ទប់ជួល។

លោកវរសេនីយ៍ឯក កែវ សុថា បានបន្តថា ដោយមានការសុំសម្របសម្រួលពីលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយការិយាល័យអន្តោប្រវេសន៍ មន្ទីរសុខាភិបាលខេត្ត អធិការដ្ឋាននគរបាលក្រុងស្វាយរៀង និងអាជ្ញធរមូលដ្ឋានពាក់ព័ន្ធ ចុះបង្ក្រាបមុខសញ្ញាសង្ស័យរក្សាទុកសារធាតុ​គីមីផ្សំ និងប្រើប្រាស់គ្រឿងញៀនបានចំនួន ១នាក់ និងបញ្ជូនទៅសាកសួរ និងធ្វើតេស្តទឹកម៉ូត្រលទ្ធផលមានជាតិកញ្ឆា។

ជនជាតិអ៊ីស្រាអែលនោះមានឈ្មោះ Trillessky Ran ភេទប្រុស អាយុ​៤១ឆ្នាំ កាន់លិខិតឆ្លងដែនលេខ ២៣២៩៣៤១២ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧។

វត្ថុតាងដែលសមត្ថកិច្ចដតហូតបាន រួមមាន៖ ម៉ូតូ១គ្រឿង ទូរស័ព្ទដៃ៣គ្រឿង កុំព្យូទ័រយួរដៃ២គ្រឿង ម៉្សៅ Depakine chrono មានសារធាតុជាមេតំហ្វេតាមីនចំនួន ១កញ្ចប់ធំ រុក្ខជាតិ និងសារធាតុគីមីផ្សំចំនួន ២១មុខផ្សេងទៀត ថ្នាំពេទ្យគ្រប់ប្រភេទជាង ២.៣គីឡូក្រាម (បានប្រគល់ឱ្យមន្ទីរសុខាភិបាលរក្សាទុក) ថវិកា និងសម្ភារៈមួយចំនួន។

បច្ចុប្បន្ន ករណីនេះសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំពោះរុក្ខជាតិ និងសារធាតុគីមីផ្សំខាងលើ សមត្ថកិច្ចបានរៀបចំបញ្ជូនមួយផ្នែកទៅអាជ្ញាធរជាតិ ដើម្បីធ្វើកោសលវិច័យ៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]