ខេត្តព្រៃវែង ៖ ដោយសារតែការបើកបរដោយមិនគោរពច្បាប់ចរាចរណ៍បើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់បានធ្វើអោយរថយន្តសាំយ៉ុងដឹកភ្ញៀវទេសចរណ៍១គ្រឿងបានជ្រុលចង្កូតធ្លាក់ចេញពីផ្លូវទៅដល់ជើងទេខាងក្រោមផ្លូវ និងបានបណ្តាលអោយស្ត្រីចំនួន៣នាក់បានរងរបួសធ្ងន់ និងស្រាល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៣ កុម្ភៈ នៅលើកំណាត់ផ្លូវជាតិលេខ៨អា ស្ថិតក្នុងភូមិវាល ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង ។ រថយន្តដែលបើកធ្លាក់ផ្លូវដោយខ្លួនឯងនេះម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២AE ៣៧១៥ ជារថយន្តដឹកភ្ញៀវទេសចរ និងបើកបរដោយបុរសម្នាក់ឈ្មោះ ម៉ៅ វិសុទ្ធ អាយុ៣៨ឆ្នាំ មានទីលំនៅក្នុងភូមិប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ចំណែកស្ត្រីរងគ្រោះទាំង៣នាក់ គឺជាជនជាតិសាំហ្គាពួរ ប៉ុន្តែមិនត្រូវបានគេប្រាប់អត្ថសញ្ញាណនោះទេ ។ ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញរថយន្តខាងលើបើកបរក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅពីកើតទៅលិចឆ្ពោះទៅរាជធានីភ្នំពេញ ពេលមកដល់កន្លែងកើតហេតុមានរថយន្តធំមួយនៅពីមុខ ហើយរថយន្តសាំយ៉ុងបានព្យាយាមវ៉ាអោយផុត ប៉ុន្តែគាប់ជួនពេលនោះមានរថយន្តផ្សេងទៀត បើកមកដល់ក្នុងទិសដៅផ្ទុយគ្នាធ្វើអោយរថយន្តសាំយ៉ុងដឹកជនជាតិសាំហ្គាពួរនេះអកស៊ើ ហើយកាច់ចង្កូតគេចទៅស្តាំដៃវិញ ធ្វើអោយជ្រុលចង្កូតផុតផ្លូវធ្លាក់ចុះទៅក្រោមក្រឡាប់បះជើងមួយចំហៀងខ្លួន និងធ្វើអោយអ្នកជិះនៅក្នុងរថយន្តចំនួន៣នាក់ បោកទង្គិចក្នុងរថយន្ត រងរបួសទាំងអស់គ្នា ។
ប្រភពដដែលនេះបានបញ្ជាក់ថា ក្រោយកើតហេតុភ្លាមសមត្ថកិច្ចក៏បានទៅដល់ភ្លាម ហើយក៏បានហៅកម្លាំងអ្នកស្រុកជួយគាស់រថយន្តបញ្ឈរឡើងវិញ ដើម្បីគាស់យកស្ត្រីរងគ្រោះទាំង៣នាក់ នៅក្នុងរថយន្តចេញមកក្រៅ ហើយក៏បានទាក់ទងហៅរថយន្តដឹកយកទៅសង្គ្រោះនៅឯរាជធានីភ្នំពេញភ្លាមៗតែម្តង ។ ចំណែកអ្នកបើកបររថយន្ត និងរថយន្តត្រូវបានកម្លាំងនគរបាលនាំយកទៅកាន់អធិការដ្ឋាននគរបាលស្រុកពារាំងធ្វើកំណត់ហេតុចាក់ការទៅតាមនីតិវិធី ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]