ថៃ៖ ថ្មីៗនេះប្រជាជនថៃកំពុងមានការសោកស្តាយ និងអាណិតបុរសអានាថាវ័យចំណាស់ម្នាក់យ៉ាងខ្លាំង បន្ទាប់ពីពួកគេបានអាននិងដឹងអំពីជីវប្រវត្តិពិតរបស់គាត់រួច។

យោងតាមការអះអាងរបស់លោក Poramet Misomphop ដែលជាប៉ូលិសម្នាក់ក្នុងទីក្រុងបាងកកបាននិយាយថា «ខ្ញុំហាក់ដូចជាចំណាំបុរសអនាថាអង្គុយតាមចញ្ចើមផ្លូវនេះបាន។ នៅពេលខ្ញុំឃើញគាត់ ខ្ញុំបានទៅសាកសួរអ្នកលក់ស្បែកជើងម្តុំនោះដែរ»។

បុរសអនាថានិងលោកប៉ូលិស Poramet Misomphop

ស្ត្រីអាជីវករក្នុងតំបន់ម្នាក់បានរៀបរាប់ប្រាប់គាត់ថា៖

«បុរសអនាថាចំណាស់ម្នាក់  តែងមកអង្គុយរង់ចាំផ្លូវកូនស្រីបង្កើតគាត់រាល់ល្ងាច អស់រយៈពេល១០ឆ្នាំមកហើយ។  ខ្ញុំចាំបានថាកាលពី១០ឆ្នាំមុន មានស្ត្រីម្នាក់ (សង្ស័យជាកូនស្រីបង្កើតគាត់) បានបើកឡានមកឈប់នៅទីនោះ។ នាងបានឲ្យបុរសអនាថាចុះពីឡានហើយនិយាយរឿងអ្វីមួយប្រាប់គាត់ តែខ្ញុំស្តាប់មិនឭទេ។ បន្ទាប់មកនាងបានបើកឡានចេញទៅបាត់  ទុកបុរសអនាថាចំណាស់ម្នាក់នេះឲ្យនៅតែលតោលម្នាក់ឯង។ ពីដំបូងខ្ញុំគិតថានាងនឹងមកយកគាត់វិញ។ តែរហូតដល់ពេលយប់ហើយនៅមិនឃើញនរណាម្នាក់មកយកគាត់ទៀត ហើយខ្ញុំក៏ដាច់ចិត្តដើរទៅសួរគាត់។ បុរសអនាថានេះបានឆ្លើយប្រាប់ខ្ញុំថា កូនស្រីគាត់បាននិយាយប្រាប់ថានាងត្រូវចេញទៅធ្វើការ។ ដូច្នេះហើយនាងបានឲ្យខ្ញុំអង្គុយចាំនៅកន្លែងនេះ តែនាងនឹងត្រលប់មកយកគាត់វិញឆាប់ៗ។  

បុរសអនាថា

ស្រាប់តែថ្ងៃបន្ទាប់ ពេលខ្ញុំមកបើកតូបលក់ស្បែកជើង ខ្ញុំនៅឃើញគាត់អង្គុយចាំកូនស្រីគាត់នៅទីកន្លែងដដែល។ អាណិតគាត់ខ្លាំងពេក ខ្ញុំក៏សម្រេចចិត្តយកបាយនិងនំចំណីទៅឲ្យគាត់ហូប។

តាំងពីពេលនោះមក ខ្ញុំតែងតែយកអាហារនិងនំចំណីផ្សេងៗទៅឲ្យគាត់ហូបសឹងរាល់ថ្ងៃតាមដែលអាចធ្វើទៅបាន។ មិនត្រឹមប៉ុណ្ណោះ ខ្ញុំក៏បានព្យាយាមសួរបុរសអនាថាម្នាក់នេះពីទីកន្លែងកំណើតរបស់គាត់ដែរ តែគាត់មិនបាននិយាយអ្វីតបវិញទេ»។

លោកប៉ូលិស Poramet Misomphop

គួរបញ្ជាក់ថា កាលពីមុនបុរសអនាថានេះមានស្មារតីល្អ អាចនិយាយមកកាន់អ្នកដែលសួរគាត់បានយ៉ាងលឿន។ តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការចងចាំគាត់ហាក់ចុះខ្សោយយ៉ាងខ្លាំង។ គាត់មិនអាចនិយាយអ្វីបានច្រើនដូចមុនទេ ក្រៅពីទន្ទេញពាក្យដដែលៗថា «កូនស្រីខ្ញុំនឹងត្រលប់មកវិញ»។

បន្ទាប់ពីស្តាប់រឿងរ៉ាវដ៏កំសត់របស់បុរសអនាថានេះរួច លោក Poramet Misomphop ដែលជាប៉ូលិសខាងលើពិតជាអាណិតដល់គាត់ខ្លាំងមែនទែន។  មិនតែប៉ុណ្ណោះ លោក Poramet  បានថតរូបបុរសអនាថានេះ ហើយសរសេរពីប្រវត្តិពិតរបស់គាត់ដើម្បីយកទៅបង្ហោះនិងចែករំលែកដល់ប្រិយមិត្តក្នុងបណ្តាញសង្គមហ្វេសប៊ុកផងដែរ៕

ប៉ូលិស Poramet Misomphop និង បុរសអនាថា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]