WARNING: GRAPHIC VIDEO

ចិន៖ ស្តេចស្វា ស៊ុន អ៊ូខុង និងសិស្សប្អូន ប៉ាជេ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោយបានបង្កជម្លោះជាមួយនឹងភ្ញៀវទេសចរ វាយគ្នាផ្អើលពេញផ្លូវ។

ហេតុការណ៍នេះបានកើតឡើង កាលពីយប់ថ្ងៃសៅរ៍ សប្តាហ៍មុននេះ នៅក្នុងប្លុកមួយ ក្នុងទីក្រុង Dali ភាគខាងត្បូងខេត្ត Yunnan ប្រទេសចិន ដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ទាំងហួសចិត្ត និងអស់សំណើច ក្រោយវីដេអូឃ្លីបវាយតប់គ្នាផ្ទុះខ្លាំងនៅលើបណ្តាញសង្គម។

យោងតាមប្រភពសារព័ត៌មាន ពុំបានទម្លាយឲ្យដឹងពីមូលហេតុ ដែលបណ្តាលឲ្យភាគីទាំងសងខាង ពោលគឺមហាទេពស្មើមេឃ ស៊ុន អ៊ូខុង (Sun Wukong) និង ប៉ាជេ (Zhu Bajie) ផ្ទុះកំហឹងរហូតឈានដល់ការប្រើហិង្សាវាយតប់គ្នាជាមួយនឹងភ្ញៀវទេសចរ ផ្អើលពេញផ្លូវនោះទេ។

គួរឲ្យដឹងថា ទីក្រុងចំណាស់ Dali ខាងលើនេះ ត្រូវបានគេស្គាល់ថា ជាតំបន់មួយដែលមានការសម្ដែងនៅតាមផ្លូវ លក្ខណៈស្លៀកពាក់ទៅតាមតួអង្គផ្សេងៗនៅក្នុងខ្សែភាពយន្តចិន ដើម្បីឲ្យភ្ញៀវទេសចរដែលបានមកទស្សនាកម្សាន្ត អាចសុំចូលថតរូបជាមួយបាន និងបង់ប្រាក់ទៅឲ្យពួកគេ។

យ៉ាងណាមិញ ជុំវិញនឹងករណីវាយតប់គ្នានេះដែរ ត្រូវបានប៉ូលិសក្នុងតំបន់ប្រកាសកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះថា ស្តេចស្វា ស៊ុន អ៊ូខុង សិស្សប្អូន ប៉ាជេ និងភ្ញៀវទេសចរចំនួន ២នាក់ដែលជាប់ពាក់ព័ន្ធ គឺត្រូវបានចាប់ឃាត់ខ្លួន និងដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ផងដែរ។

រូបភាពក្នុងថ្ងៃកើតហេតុ

គួររម្លឹកឡើងវិញដែរថា នេះមិនមែនជាលើកទីមួយទេ ដែលកើតមានករណីបែបនេះ។ ជាក់ស្តែង កន្លងមកតួអង្គស្លៀកពាក់ជាស្តេចស្វា ស៊ុន អ៊ូខុង ផ្សេងទៀត ក៏ធ្លាប់មានជម្លោះវាយគ្នាជាមួយនឹងភ្ញៀវទេសចរដូចគ្នានេះផងដែរ ៕

ទស្សនាវីដេអូកាលពីលើកមុន៖  

WARNING: GRAPHIC VIDEO

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]