បញ្ហាលើសទម្ងន់ អាចបង្កបញ្ហាសុខភាពផ្សេងៗជាច្រើន រាប់តាំងពីជំងឺសន្លាក់ ជំងឺក្រិនរឹងសរសៃឈាម  ជំងឺដាច់សរសៃឈាម  ជាពិសេសជំងឺគាំងបេះដូង ជាដើម។ ថ្មីៗនេះការសិក្សាបានឲ្យដឹងថា បញ្ហាធាត់ដុះខ្លាញ់នៅក្បាលពោះ អាចប៉ះពាល់រហូតដល់ខួរក្បាលដោយធ្វើឲ្យវិមាត្រនៃខួរក្បាលរួមតូចជាងមុន។

អ្នកដឹងទេទំហំនៃខួរក្បាលរបស់យើង អាចប្រមាណបាននូវស្ថានភាពសុខភាពនៃខួរក្បាល និងដំណើរការរបស់វាបានទៀតផង។

ទោះយ៉ាងណា គេពុំទាន់ដឹងច្បាស់អំពីមូលហេតុបណ្តាលឲ្យខួរក្បាលយើងមានការរួមមាឌបែបនេះឡើយ។ បើយោងទៅតាមសាស្ត្រាចារ្យ Mark Hamer នៅសាកលវិទ្យាល័យLoughborough នៃចក្រភពអង់គ្លេសឱ្យដឹងថា “អ្វីដែលគេបានដឹងគឺការរួមតូចនៃខួរក្បាល ដែលអាចបណ្តាលឱ្យធ្លាក់ចុះសមត្ថភាពចងចាំ ហើយមានហានិភ័យបង្កជំងឺបាត់ការចងចាំ Dementia ទៀត”។

ការស្រាវជ្រាវថ្មីបានរកឃើញថា បញ្ហាធាត់ដែលបណ្តាលមកពីខ្លាញ់នៅក្បាលពោះ បានធ្វើឲ្យវិមាត្រនៃខួរក្បាលរួមតូចជាងធម្មតា។

រូបតំណាង

យោងតាម Journal Neurology ឱ្យដឹងអំពីការសិក្សាលើសំណាករហូតដល់ទៅ ៩,៦៥២នាក់ មានអាយុជាមធ្យម ៥៥ឆ្នាំ។ ក្នុងនោះតាមរយៈការវាស់ BMI (បើ BMI ធំជាង៣០ ត្រូវបានចាត់ទុកជាជំងឺធាត់) និងទំហំចង្កេះជាមួយនឹងត្រកៀក (Waist-hip ratio) ហើយនឹងការស្កេនខួរក្បាលដោយប្រើម៉ាស៊ីន MRI ដើម្បីវាស់មើលទំហំខួរក្បាលនៅតាមផ្នែកGray matterដែលមានផ្ទុកសរសៃប្រសាទគ្រប់គ្រងរាល់វិញ្ញាណ និងចលនានៃរាងកាយ ជាពិសេសការចងចាំ និង White matter ដែលជាផ្នែកមួយដ៏សំខាន់នៃខួរក្បាល។

លទ្ធផលបង្ហាញថា សំណាកដែលមានសុខភាពល្អធម្មតា និងពុំមានបញ្ហាធាត់លើសទម្ងន់  មានទំហំនៃផ្ទៃប្រផេះ Gray matter របស់ខួរក្បាល ៧៩៨សង់ទីម៉ែត្រគូប។ ផ្ទុយទៅវិញ សំណាកដែលមានកម្រិតBMIខ្ពស់ ប៉ុន្តែwaist-hip ratio ធម្មតានោះ មានការរួមតូចនៃតំបន់ប្រផេះខួរក្បាលត្រឹម 793សង់ទីម៉ែត្រគូប។ លើសពីនេះទៅទៀត វិមាត្រខួរក្បាលនៃបុគ្គលដែលមានទាំងBMIនិងទំហំចង្កេះជាមួយត្រកៀកខ្ពស់ខ្លាំងជាងគេ  មានការធ្លាក់ចុះទំហំខួរក្បាលខ្លាំងជាងគេ រហូតដល់ ៧៨៦សង់ទីម៉ែត្រគូបឯណោះ។ តម្លៃប្រៀបធៀបនេះពី ៧៩៨ដល់ ៧៨៦  គឺជាការរួមតូចនៃតំបន់ប្រផេះរបស់ខួរក្បាល Gray matter គួរឲ្យកត់សម្គាល់ខ្លាំង។

លោកអ្នកដឹងថា តំបន់ប្រផេះនេះជាផ្នែកមួយដ៏សំខាន់ខ្លាំងរបស់ខួរក្បាល ព្រោះរាល់ការចងចាំ រាល់វិញ្ញាណ រាល់ការគិតពិចារណា ការធ្វើចលនា ការដឹង ការឈឺចាប់ជាដើម សុទ្ធសឹងចេញពីផ្នែកប្រផេះនេះរបស់ខួរក្បាល។

ដូច្នេះវាឆ្លុះបញ្ចាំងឲ្យឃើញនូវផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដែលបញ្ហាធាត់មានចំពោះប្រព័ន្ធប្រសាទរបស់យើង៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]