អាមេរិក៖ មនុស្សភាគច្រើនតែងតែមានលេសចេះលេសចុះខ្ជិលមិនចង់ធ្វើការ ប៉ុន្តែអ្នកខ្លះបែរជារីករាយជាមួយជីវិតការងារទៅវិញ។ ដូច្នេះថ្ងៃនេះយើងសូមចែករំលែករឿងពិតរបស់លោកយាយម្នាក់ដែលគាត់មានវ័យដល់ទៅ ៩៤ឆ្នាំ ទៅហើយ តែគាត់រីករាយនឹងជីវិតការងារ ៦ថ្ងៃក្នុងមួយសប្តាហ៍ ហើយគ្មានគម្រោងនឹងចូលនិវត្តន៍នៅឡើយទេ។

Wynnifred Franklin

លោកយាយ Wynnifred Franklin សព្វថ្ងៃមានវ័យ ៩៤ឆ្នាំ  ជាបុគ្គលិកលក់នំមួយកន្លែងក្នុងផ្សារទំនើប Giant ក្នុងទីក្រុង Audubon រដ្ឋ Pennylvania សហរដ្ឋអាមេរិក។ លោកយាយបាននិយាយថា គាត់មិនមែនធ្វើការដើម្បីតែប្រាក់នោះទេ តែគាត់ធ្វើការដើម្បីសុខភាព និងធ្វើឱ្យគាត់ក្មេងជាងវ័យ។

បន្ថែមពីនេះទៀត គ្រូពេទ្យបានប្រាប់គាត់ថា៖

«Wynn នៅពេលដែលលោកយាយមករកខ្ញុំ លោកយាយមើលទៅមិនដូចជាមានអាយុ ៩៤ឆ្នាំទាល់តែសោះ។» 

ជារៀងរាល់ថ្ងៃលោកយាយ Wynn តែងតែទៅធ្វើការនៅម៉ោង ៦ទៀបភ្លឺ ហើយគាត់ពិតជាពេញចិត្តនឹងការងាររបស់គាត់ណាស់។

គួរឱ្យដឹងផងដែរ កាលពីឆ្នាំ១៩៩៣ លោកយាយ Wynn បានចូលនិវត្តន៍ហើយ តែវាពិតជាគួរឱ្យធុញទ្រាន់សម្រាប់គាត់ណាស់ ទើបនៅក្នុងឆ្នាំ១៩៩៦ (រហូតដល់ពេលបច្ចុប្បន្ន) លោកយាយក៏ចូលធ្វើការវិញព្រោះគាត់ជាមនុស្សសកម្ម និងចូលចិត្តធ្វើការ។

លោកយាយបាននិយាយបន្ថែមទៀតថា គាត់ទម្លាប់ឈរ និងដុតនំពេញមួយថ្ងៃហើយ ហើយគាត់ក៏ពេញចិត្តនឹងការងាររបស់គាត់ដែរ ហើយក៏សង្ឃឹមថាមនុស្សចាស់ផ្សេងៗទៀតក៏គួរតែធ្វើការផងដែរ។

Wynnifred Franklin

លោកយាយ Wynn បានបន្តនិយាយទៀតថា៖

«ខ្ញុំគិតថាមនុស្សចាស់ផ្សេងទៀតដូចជាខ្ញុំដែលកំពុងអង្គុយនៅផ្ទះ ប្រហែលជាមិនដឹងថាពួកគេមានភាពធុញទ្រាន់នោះទេ ហើយក៏ប្រហែលជាពួកគេមិនចង់ធ្វើការដូចជាខ្ញុំផងមើលទៅ  តែយ៉ាងណាក៏គ្មានបញ្ហាអ្វីទេ។ តែបើពួកគេចេញទៅខាងក្រៅ ដូចជាធ្វើការស្ម័គ្រចិត្ត ២ថ្ងៃក្នុងមួយសប្តាហ៍ជាដើម  ជីវិតរបស់ពួកគេនឹងផ្លាស់ប្តូរទាំងស្រុង។»

លោកយាយ Wynn មិនត្រឹមជាបុគ្គលិកដ៏ល្អ និងអស្ចារ្យប៉ុណ្ណោះទេ គាត់ថែមទាំងជាគំរូដែលសរបញ្ជាក់ឱ្យយើងឃើញថា ភាពឧស្សាហ៍ព្យាយាមខិតខំធ្វើការគឺមិនអាក្រក់ឡើយ ផ្ទុយទៅវិញវាគឺជារឿងដ៏ល្អប្រសើរទៅវិញទេ ដែលជំរុញឱ្យយើងមានគោលដៅនៅក្នុងឆាកជីវិត និងចេះរីករាយនឹងការងារដែលយើងមានឬកំពុងនឹងធ្វើ។

ដូច្នេះបើអ្នកជាបុគ្គលិកដែលកំពុងបម្រើការងារ សូមកុំបោះបង់ការងាររបស់អ្នក ឬចុះចាញ់នឹងការងាររបស់អ្នកធ្វើអ្វី ចូលរីករាយនឹងការងាររបស់ខ្លួនមាន ហើយខិតខំព្យាយាមធ្វើការរបស់យើងឱ្យបានល្អទៅ នោះជីវិតរបស់យើងនឹងល្អប្រសើរ និងរីករាយទៅតាមហ្នឹងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

Wynnifred Franklin
Wynnifred Franklin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]