ចិន៖ ក្រុមហ៊ុនចិនចំនួនពីរកន្លែងនៅខេត្តចេជាំង បានផ្តល់សិទ្ធិឱ្យបុគ្គលិកស្រីដែលមានអាយុចាប់ពី ៣០ឆ្នាំឡើងទៅបានឈប់សម្រាកលក្ខណៈពិសេស ដើម្បីផ្តល់ឱកាស និងពេលវេលាគ្រប់គ្រាន់ដល់ពួកគេស្វែងរកគូស្នេហ៍ មុនពេលថ្ងៃបុណ្យចូលឆ្នាំចិនឈានចូលមកដល់នាពេលខាងមុខនេះ។

រូបតំណាង

ក្រុមហ៊ុន Hangzhou Songcheng Performance និងក្រុមហ៊ុន Hangzhou Songcheng Tourism Management បានផ្តល់សិទ្ធិជាពិសេសសម្រាប់បុគ្គលិកស្រីអត់គូ ឱ្យឈប់សម្រាករយៈពេល ៨ថ្ងៃ បូកនឹង ៧ថ្ងៃ (នៃការឈប់សម្រាកធម្មតាមុនថ្ងៃបុណ្យចូលឆ្នាំចិន) សរុប ១៥ថ្ងៃសម្រាប់ស្វែងរកគូនឹងគេនៅថ្ងៃបុណ្យចូលឆ្នាំចិនខាងមុខនេះ។   យោងតាមសារព័ត៌មាន South China Morning Post ទើបតែបានចុះផ្សាយកាលពីថ្មីៗនេះ។

គោលបំណងដែលក្រុមហ៊ុនទាំងពីរធ្វើដូច្នេះ  ដើម្បីលើកទឹកចិត្ត និងអនុញ្ញាតឱ្យបុគ្គលិករបស់ខ្លួនមានឱកាសធ្វើការទំនាក់ទំនងជាមួយមនុស្សភេទផ្ទុយគ្នាឱ្យបានច្រើន។ 

លោក Huang Lei ដែលជាប្រធានគ្រប់គ្រងធនធានមនុស្សនៅក្រុមហ៊ុន Hangzhou Songcheng Performance បាននិយាយថា៖

«ចំនួនបុគ្គលិកស្រី និងបុគ្គលិកប្រុសនៅក្រុមហ៊ុនយើងមានចំនួនស្មើគ្នា តែបុគ្គលិកស្រីភាគច្រើនធ្វើការផ្នែក Support ខាងក្នុង ដូច្នេះពួកគេពុំសូវមានឱកាសសម្រាប់ទំនាក់ទំនងជាមួយមនុស្សខាងក្រៅច្រើនប៉ុន្មានទេ។  ដូច្នេះហើយទើបបានជាយើងផ្តល់ការឈប់សម្រាកច្រើនថ្ងៃជាពិសេសឱ្យពួកគេ ដើម្បីឱ្យពួកគេមានឱកាស និងពេលវេលាច្រើនសម្រាប់ធ្វើការទំនាក់ទំនងជាមួយមនុស្សភេទផ្ទុយគ្នាឱ្យបានច្រើន។»

រូបតំណាង

ដោយឡែក កាលពីដើមឆ្នាំក៏មានអនុវិទ្យាល័យ Hangzhou បានផ្តល់សិទ្ធិយ៉ាងពិសេសឱ្យគ្រូស្រីដែលនៅលីវ  ឬគ្រូស្រីដែលពុំទាន់មានកូនបានឈប់សម្រាក ២ថ្ងៃកន្លះក្នុងមួយខែផងដែរ។  ការធ្វើបែបនេះក្នុងគោលបំណងលើកទឹកចិត្តដល់គ្រូស្រីឱ្យមានជំនឿចិត្ត និងជំរុញផលិតភាពការងារឱ្យបានល្អប្រសើរជាងមុន។

យ៉ាងណាមិញ នៅក្នុងប្រទេសចិនមនុស្សស្រីដែលមានអាយុលើសពី ៣០ឆ្នាំឡើងទៅ ត្រូវបានសង្គមចាត់ទុកថាជា «មនុស្សស្រីដែលនៅសល់ ឬ Leftover Women។» ដែលនេះនៅតែបញ្ហាប្រឈមសម្រាប់ប្រទេសចិន។ តួយ៉ាង យោងតាមទិន្នន័យរបស់ក្រសួងកិច្ចការនារី និងសង្គមស៊ីវិលចិនបានឱ្យដឹងថា នៅក្នុងឆ្នាំ២០១៥ មនុស្សស្រីដែលអត់គូ ឬនៅលីវមានចំនួនជាង ២០០លាននាក់ ហើយអត្រារៀបអាពាហ៍ពិពាហ៍បានធ្លាក់ចុះជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០១៣ មកម្ល៉េះ៕ 

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]