លោកអ្នកមានកិច្ចការ ៣ ទៅ ៤ជំពូក ដែលទាមទារឲ្យបញ្ឈប់ក្នុងពេលមួយថ្ងៃ ប៉ុន្តែ លោកអ្នកមិនអាចផ្ចង់អារម្មណ៍បានល្អសោះ ហើយចេះតែឈឺក្បាល អស់កម្លាំង ការគិតដូចជាមិនសូវសកម្មសោះ។  មនុស្សភាគច្រើន ជួបបញ្ហាបែបនេះ តែអ្វីដែលពួកគេពុំដឹង  គឺការថែទាំសុខភាពខួរក្បាល ព្រោះវាក៏ជាផ្នែកមួយដ៏សំខាន់ដើម្បីដោះស្រាយបញ្ហាដូចបានរៀបរាប់ខាងដើម។

ក្រៅពីការធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់  ការទទួលទានអាហារដែលមានលំនឹង និងមានសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់ខួរក្បាល  ក៏ជាកត្តាមួយដ៏សំខាន់ជំរុញដល់ស្មារតីខួរក្បាលផងដែរ។

ខាងក្រោមអាហារមួយចំនួនសំខាន់ណាស់សម្រាប់សុខភាពខួរក្បាល និងជំរុញស្មារតីឲ្យមានភាពសកម្ម និងការផ្ចង់អារម្មណ៍បានល្អ៖

១.  ពិសាទឹកឲ្យបានគ្រប់គ្រាន់

ទឹកជាផ្នែកមួយនៃសារធាតុផ្សំក្នុងខួរក្បាល។ សម្ព័ន្ធគីមីរបស់ទឹកគឺអីដ្រូសែន ផ្សំជាមួយអុកស៊ីសែន។  ក្រៅពីទទួលបានអុកស៊ីសែនតាមរយៈការដកដង្ហើម ខួរក្បាលយើងក៏អាចចាប់យកឧស្ម័នដ៏សំខាន់មួយនេះបានតាមរយៈជាតិទឹកផងដែរ។

កោសិកាខួរក្បាលយើងត្រូវការអុកស៊ីសែនរៀងរាល់វិនាទី ដើម្បីបំពេញតួនាទីដ៏សំខាន់នៃប្រព័ន្ធប្រសាទដូចជា ការគិត ការចងចាំ អារម្មណ៍ និងតួនាទីផ្សេងៗទៀតជាច្រើន។

ដូច្នេះហើយបានជាកង្វះនៃជាតិទឹក ងាយនឹងឲ្យលោកអ្នកឈឺក្បាល និងមានអារម្មណ៍មិនស្វាងល្អសោះ។  ហេតុនេះបំពេញជាតិទឹករបស់លោកអ្នកឲ្យបានគ្រប់គ្រាន់   នោះបញ្ហាឈឺក្បាលក៏ពុំងាយកើតមានឡើង ហើយស្មារតីនឹងមានភាពប្រសើរឡើងដែរ។

ចំណាំ៖  ពិសាទឹកយ៉ាងតិចឲ្យបាន ១.៥លីត្រ ទៅ ២លីត្រក្នុងមួយថ្ងៃ។

ការពិសាទឹកឲ្យបានគ្រប់គ្រាន់

២. ខ្លាញ់ Omega3

ខ្លាញ់  Omega3 ជាសារធាតុចិញ្ចឹមយ៉ាងសំខាន់សម្រាប់ដំណើរការ និងការលូតលាស់នៃខួរក្បាល។  នេះក៏ដោយសារកោសិកាខួរក្បាលមានខ្លាញ់Omega3ជាច្រើន នៅតាមស្រទាប់ខាងក្រៅរបស់វា ដែលជាផ្នែកមួយយ៉ាងសំខាន់សម្រាប់ដំណើរការនៃកោសិកាខួរក្បាល និងទំនាក់ទំនងរវាងកោសិកាមួយទៅកោសិកាមួយទៀតនៃខួរក្បាល។

ការសិក្សាមួយចំនួនបានឲ្យដឹងថាកង្វះនៃខ្លាញ់Omega3 អាចបង្កហានិភ័យនៃបញ្ហាខួរក្បាលជាច្រើន ដូចជាធ្លាក់ចុះសមត្ថភាពខួរក្បាលក្នុងការផ្ចង់អារម្មណ៍ និង ការគិតពិចារណា ជាដើម។

ប្រភពអាហារសម្បូរទៅដោយខ្លាញ់Omega3 មានដូចជា៖ ត្រីសាម៉ុង ត្រីសាឌីន Oyster គ្រាប់ធញ្ញជាតិ សណ្តែកសៀង ស៊ុត និងផ្លែប៊ឺរជាដើម។

ប្រភពនៃខ្លាញ់ Omega3

៣. ទទួលទានភេសជ្ជៈកាហ្វេអ៊ីន

បើយើងនិយាយអំពីដំណោះស្រាយរយៈពេលខ្លីវិញ  ការទទួលទានភេសជ្ជៈកាហ្វេអ៊ីន ដូចជា កាហ្វេ តែ និងភេសជ្ជៈថាមពលមានជាតិផ្អែមមួយចំនួន នឹងផ្តល់ ថាមពល ស្មារតី ការផ្ចង់អារម្មណ៍បានមួយរយៈពេលខ្លីដែរ។ សារធាតុកាហ្វេអ៊ីននឹងទៅចាប់កន្លែងនៃ Receptor របស់សារធាតុ Aldenosine  នៅក្នុងខួរក្បាលដែលធ្វើឲ្យការភ្ជាប់នៃសារធាតុ Aldenosine មានការធ្លាក់ចុះខ្លាំង។ (កាលណាបរិមាណ Aldenosine ភ្ជាប់ទៅនឹង Receptor កាន់តែច្រើន ស្មារតីក៏ធ្លាក់ចុះ និងភាពងងុយដេកក៏កាន់តែកើនឡើង)

ជាលទ្ធផលវាមិនត្រឹមធ្វើឲ្យស្មារតីយើងនៅថេរល្អបានយូរជាងធម្មតា  ជាពិសេសសារធាតុកាហ្វេអ៊ីនត្រូវបានគេរកឃើញថាភ្ញោចឲ្យធ្វើការផលិតអាំងផ្លុចប្រសាទសំខាន់សម្រាប់អារម្មណ៍ទៀតផង ដែលជាហេតុយើងមានអារម្មណ៍ល្អ មិនងងុយដេក និងមានកម្លាំងពេញ។ 

ភេសជ្ជៈ សំបូរកាហេ្វអ៊ីន ( តែ និង​កាហ្វេ)

៤. ទទួលទានផ្លែឈើ

ផ្លែឈើ ជាប្រភពនៃសារធាតុចិញ្ចឹមយ៉ាងច្រើនសំបូរបែប រាប់តាំងពីសារធាតុសរសៃ សារធាតុរ៉ែ ជាពិសេស វីតាមីនជាច្រើនប្រភេទ ដែលសុទ្ធសឹងជាតម្រូវការខួរក្បាលជាប្រចាំ។

ជាក់ស្តែង ផ្លែក្រូច មិនត្រឹមជាប្រភពនៃជាតិទឹកទេ  ថែមទាំងផ្តល់វីតាមីនCយ៉ាងច្រើន ដែលការពារពីការខូចខាតនៃប្រព័ន្ធប្រសាទ និងជំរុញដល់ស្មារតីឲ្យមានភាពសកម្មទៀតផង។

ដូច្នេះដើម្បីពង្រឹងស្មារតីរបស់លោកអ្នកក្នុងការបំពេញកិច្ចការ  គប្បីបរិភោគ៖ ផ្លែក្រូច ផ្លែប៉ោម ផ្លែចេក ផ្លែមៀន និងទំពាំងបាយជូរជាដើម៕

ផ្លែឈើ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]