បរទេស៖  មនុស្សមិនតិចនាក់ទេដែលបានស្គាល់និងចូលចិត្តស្តាប់បទចម្រៀងរបស់លោក Ed Sheeran។ រម្លឹកពីជីវប្រវត្តិរបស់គាត់បន្តិច Ed Sheeran គឺជាតារាចម្រៀងម្នាក់ដែលមានស្រុកកំណើតក្នុងប្រទេសអង់គ្លេសអាយុ ២៧ឆ្នាំ ចាប់ផ្តើមប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ ២០០៤ មកម្ល៉េះ

ក្នុងវ័យកុមារភាព Ed ត្រូវបានមិត្តភក្តិវាយធ្វើបាបជារៀងរាល់ថ្ងៃ ដោយសារការនិយាយដ៏រដាក់រដុបនិងវែនតាដ៏ធំជាងភ្នែករបស់គេ។ មូលហេតុដែលធ្វើឲ្យ Ed និយាយស្តីរដាក់រដុបនេះក៏ព្រោះតែរូបគេធ្លាប់បានទទួលបញ្ហាមួយអំឡុងការវះកាត់តាំងពីក្មេង។  វាបានប៉ះពាល់ដល់ការនិយាយស្តីរបស់ Ed និងភ្នែករបស់គេជាខ្លាំង។ មិនត្រឹមតែនិយាយរដាក់រដុបទេ សូម្បីតែភ្នែករបស់គេក៏មានភាពស្ទក់ខុសពីក្មេងដទៃដែរ។ 

Ed Sheeran កាលពីក្មេង និង ឥឡូវ

នៅក្នុងម៉ោងរៀនបើទោះបីនិយាយមិនសូវល្អក្តី តែ Ed នៅតែព្យាយាមលើកដៃនិយាយជាញឹកញាប់។ តែពេលគ្រូហៅឲ្យ Ed ឡើងនិយាយ Ed បែរជាភ័យខ្លួននិយាយមិនចេញទៅវិញ។ ពេលនោះមិត្តភក្តិដែលរៀនថ្នាក់ជាមួយ Ed តែងតែសើចឌឺដងរូបគេជានិច្ច  រហូតដល់ Ed សម្រចចិត្តឈប់និយាយជាមួយនរណាទាំងអស់។

ទេពកោសល្យពិសេសរបស់ Ed គឺជាការលេងហ្គីតា និងច្រៀងចម្រៀង។ Ed តែងតែ ភ័យខ្លួននិងអន់ចិត្តដោយសារការនិយាយដ៏រដាក់រដុបនេះ។ តែថ្ងៃមួយឪពុករបស់ Ed បានទិញដីសចម្រៀងរបស់តារារ៉េប Eminem ឲ្យទៅកូនប្រុសគាត់។

បន្ទាប់ពីស្តាប់បទរ៉េបទាំងនោះហើយ Ed ពិតជាភ្ញាក់ផ្អើលនិងសមត្ថភាពរ៉េបយ៉ាងលឿនរបស់ Eminem ជាខ្លាំង។  ពេលនោះហើយដែល Ed ចាប់កាន់ប៊ិចសរសេរប៉ារូលនិងបង្កើតបទចម្រៀងខ្លួនឯងតែម្តង។ Ed បានដាក់ចិត្តធ្វើវាយ៉ាងខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់រូបគេអាចនិយាយបានធម្មតាវិញ។

Ed គិតថាទេព្យកោសលរបស់គេគឺការផលិតតន្ត្រី។ ហេតុនេះហើយទើបគេចាប់ផ្តើមទៅចូលច្រៀងក្នុងបារជារៀងរាល់យប់។ ពេលចេញពីច្រៀង Ed តែងតែទៅដេកតាមសួនច្បារ ស្ថានីយរថភ្លើង និង ដងផ្លូវជារៀងរាល់ថ្ងៃ។ ពេលខ្លះ Ed គ្មានសូម្បីតែលុយនៅជាប់ខ្លួនសម្រាប់ទិញអាហារទៀតផង។ 

Ed Sheeran

រឿងរ៉ាវជូរចត់ទាំងនោះសឹងតែធ្វើឲ្យ Ed បោះបង់ចោលក្តីស្រមៃរបស់គេទៅហើយ។ ហើយដើម្បីសម្រេចក្តីបំណងមួយនេះ Ed បានសម្រេចចិត្តចាកចេញពីអង់គ្លេសទៅនៅសហរដ្ឋអាមេរិកដើម្បីកសាងក្តីស្រមៃនេះឲ្យក្លាយជាការពិត។ ទៅដល់ទឹកដីអាមេរិកហើយ Ed នៅតែមិនអាចរកកន្លែងស្នាក់នៅបានទៀត ដោយសារ  Ed មិនបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន ឫផលិតកម្មណាមួយឡើយ។

ពេលនោះគាត់បានផ្ញើចម្រៀងរបស់គាត់ទៅឲ្យមនុស្សជាច្រើនដើម្បីឲ្យពួកគេស្តាប់ តែនៅតែគ្មានរឿងអ្វីកើតឡើង។

រហូតដល់ថ្ងៃមួយ Ed បានធ្វើការកក់សំបុត្រចូលទៅមើលការសម្តែងមួយជាមួយនឹងវិធីករវិទ្យុម្នាក់ដែលជាមិត្តភក្តិរបស់លោក។ វិធីករវិទ្យុម្នាក់នោះហើយដែលបានជំរុញឲ្យ Ed ឡើងលើឆាកតន្ត្រីដើម្បីឲ្យរូបគេបញ្ចេញសមត្ថភាពនិងទេព្យកោសល្យដ៏អស្ចារ្យនោះ។

អំឡុងពេលជាមួយគ្នានោះ Ed ចាប់ផ្តើមមានអារម្មណ៍ភ័យតែរូបគេនៅតែអាចប្រគំតន្ត្រីនិងច្រៀងចម្រៀងដែលគេនិពន្ធបានយ៉ាងល្អ។ មនុស្សម្នាជាច្រើនបានទះដៃអបអរសាទរ Ed បន្ទាប់ពីការបញ្ចេញសមត្ថភាពនោះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ វិធីករវិទ្យុក្នុងស្រុកម្នាក់នោះគឺជា Jamie Foxx ដែលសព្វថ្ងៃគាត់បានក្លាយទៅជាតារាសម្តែងរឿងហូលីវូដដ៏ល្បីម្នាក់បាត់ទៅហើយ។

Jamie Foxx

គួរបញ្ជាក់ថា តារាសម្តែង Jamie Foxx បានជួយសម្រួលទុក្ខលំបាករបស់ Ed Sheeran ជាច្រើន។ លោកបានឲ្យ Ed ប្រើប្រាស់ស្ទូឌីយោផ្ទាល់របស់គាត់ក្នុងការផលិតនិងកែសម្រួលចម្រៀង។

ថ្ងៃដ៏អស្ចារ្យទី២ក្នុងជីវិតរបស់Ed នោះ គឺជាថ្ងៃដែលគាត់បាននិយាយទូរស័ព្ទជាមួយតារាស្រីដ៏ល្បីម្នាក់។ នាងបានខលហៅ Ed ឲ្យមកចូលរួមការប្រគំតន្ត្រីជុំវិញពិភពលោកជាមួយគ្នា។  ហើយតារាស្រីម្នាក់នោះគឺជា Taylor Swift

ឥឡូវនេះបទចម្រៀងនិងវីដេអូរបស់ Ed Sheeran ជាច្រើនត្រូវបានគេបញ្ចូលក្នុងប្រព័ន្ធផ្សព្វផ្សាយ YouTube និង Spotify។ មិនតែប៉ុណ្ណោះ មនុស្សរាប់ពានលាននាក់បានចូលទៅទស្សនាក៏ដូចជាស្តាប់ចម្រៀងទាំងអស់នោះ៕

មានវីដេអូនៅខាងក្រោម៖

Ed Sheeran និង Taylor Swift
Ed Sheeran និង Jamie Foxx
Eminem
Ed Sheeran កាលពីក្មេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]