អង់គ្លេស៖ លោក Maurizio Sarri និយាយថា កីឡាកររបស់ Chelsea ពេលនេះ ហាក់បីដូចជាមានការពិបាក “ស្តារទឹកចិត្ត” របស់ក្រុមទាំងមូលឡើងវិញណាស់។ គ្រូបង្វឹករូបនេះនិយាយដូច្នេះក្រោយពី Chelsea បានទទួលបរាជ័យក្នុងជំនួបជាមួយ Arsenal ក្នុងលទ្ធផល ២-០ កាលពីយប់មិញ។ មិនត្រឹមតែប៉ុណ្ណោះ លោក Sarri ក៏បានបង្ហាញភាពមិនពេញចិត្តយ៉ាងខ្លាំងចំពោះទម្រង់លេងរបស់កូនក្រុមលោកនៅជំនួបជាមួយ Arsenal។

ការប្រកួតរវាង Arsenal និង Chelsea

ក្រុមតោខៀវ Chelsea ក្នុងចំណោម ៥ប្រកួតចុងក្រោយអាចរកជ័យជម្នះបាន ២ប្រកួតតែប៉ុណ្ណោះ ខណៈដែលយប់មិញការប្រកួតពេញ ៩០នាទី ពួកគេធ្វើមិនបានល្អសោះ ដោយអាចស៊ុតចំគោលដៅ On-Target ម្តងគត់ ពេលប្រកួតទល់នឹង Arsenal។

ដោយឡែកក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួត លោក Sarri បានបដិសេធការបកស្រាយជាភាសាអង់គ្លេស ដោយលោកសុំនិយាយជាភាសាអ៊ីតាលីព្រោះហេតុផលថា វាមានភាពងាយស្រួលបញ្ចេញអារម្មណ៍របស់លោកឱ្យបានច្បាស់ទៅកាន់កូនក្រុម។ លោក Sarri បាននិយាយថា៖ "មិនអាចប្រកែកបានទេ ខ្ញុំត្រូវតែនិយាយថា ខ្ញុំពិតជាខឹងខ្លាំងណាស់។ បរាជ័យរបស់ពួកយើងលើកនេះ គឺបណ្តាលមកពីទឹកចិត្តរបស់កីឡាករច្រើនជាងអ្វីៗទាំងអស់"។ 

លោក Maurizio Sarri បានបន្ថែមទៀតថា៖ "បរាជ័យនេះពិតជាមិនអាចទទួលយកបានឡើយ  ហើយកីឡាករនៅក្នុងក្រុមទាំងមូលហាក់ដូចជាមានបញ្ហាពិបាកខ្លាំង ក្នុងការលើកទឹកចិត្តពួកគេ ឱ្យត្រលប់មកស្ថានការដើមវិញ"។ 

ដោយឡែក ចំពោះទម្រង់លេងរបស់ក្រុមវិញ លោក Sarri បាននិយាយថា៖ "នេះមិនមែនជា Chelsea ដែលគេស្គាល់ពីមុននោះឡើយ"។

ការប្រកួតរវាង Arsenal និង Chelsea
លោក Maurizio Sarri

គួរបញ្ជាក់ថា ក្រោយពីបរាជ័យទល់នឹង Arsenal យប់មិញ បច្ចុប្បន្ននេះ Chelsea មាន ៤៧ពិន្ទុក្នុងដៃ ស្ថិតនៅចំណាត់ថ្នាក់លេខ ៤ដដែល។  សម្រាប់ក្រុមដែលកំពុងដេញតាមពីក្រោយរួមមាន Arsenal និង Manchester United ដែលស្ថិតនៅលេខ ៥ និងលេខ ៦ មាន ៤៤ពិន្ទុស្មើគ្នា៕

ក្រុម Arsenal
ក្រុម Manchester United

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]